ដោយ៖ ជន ស្រីណុច និងអ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
(រូបភាពពី ហ្វេសប៊ុក)
គណបក្សសង្គ្រោះជាតិ អះអាងថា ការដែលខ្លួនបានបង្កើតទូរទស្សន៍តាមអនឡាញនោះ ក្នុងគោលបំណងបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមទាំងមូល ដើម្បីធ្វើយ៉ាងណាឲ្យការផ្តល់ព័ត៌មាន មានតម្លាភាព។
ទូរទស្សន៍ ឈ្មោះ ស៊ីអិនអាភី ធីវី (CNRP TV) របស់គណបក្សសង្គ្រោះជាតិនេះត្រូវបានផ្សាយជាលើកដំបូងកាលពីដើមសប្តាហ៍នេះ ខណៈសំណើសុំអាជ្ញាប័ណ្ណបង្កើតស្ថានីយទូស្សន៍ផ្ទាល់ខ្លួន ដែលគណបក្សនេះ អះអាងថា ជាផ្នែកមួយក្នុងការធ្វើកំណែទម្រង់ការបោះឆ្នោត និងនយោបាយ នោះត្រូវបានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបដិសេធម្តងហើយម្តងទៀត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណប្រាប់ VOD នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា គណបក្សសង្គ្រោះជាតិបង្កើតទូរទស្សន៍អនឡាញ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានដំណឹងពិតជាក់ស្តែងនៅក្នុងសង្គម ដែលបម្រើផលប្រយោជន៍ជួនប្រជាពលរដ្ឋ។ លោករិះគន់ថា កន្លងមកមានទូរទស្សន៍ក្នុងស្រុកខ្លះផ្សព្វផ្សាយព័ត៌មាន ដែលមានមិនស្របទៅតាមវិជ្ជាជីវៈ ហើយក៏មិនសូវជាបំរើផលប្រយោជន៍ដល់សាធារណៈជនទេ ៖ “ទូរទស្សន៍គឺបម្រើឲ្យផលប្រយោជន៍សង្គម មិនមែនបម្រើឲ្យផលប្រយោជន៍បក្សនោះទេ ហើយយើងនឹងព្យាយាមធ្វើឲ្យមានតុល្យភាពព័ត៌មាន យើងត្រូវបែកចែកឲ្យដាច់ ចំពោះព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋ ហើយព័ត៌មានគ្រប់គ្រងដោយគណបក្ស។ ព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋ ត្រូវតែតុល្យភាព ក៏ប៉ុន្តែចំពោះគណបក្សកាន់អំណាចសព្វថ្ងៃ នៅក្នុងរដ្ឋាភិបាលសព្វថ្ងៃនេះ គឺថាទាំងទូរទស្សន៍ឯកជន ទាំងប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ ទាំងទូរទស្សន៍រដ្ឋ គឺសុទ្ធតែបម្រើឲ្យគណបក្សប្រជាជន ផ្សព្វផ្សាយព័ត៌មានលំអៀង ព័ត៌មានខ្លះមិនពិត ហើយព័ត៌មានខ្លះមិនឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដ អត់ឆ្លុះបញ្ចាំងតថភាព នៅក្នុងសង្គមទេ ក៏ប៉ុន្តែនៅពេលដែលគណបក្សសង្គ្រោះជាតិ បម្រុងនឹងធ្វើនេះ គឺឆ្លុះបញ្ចាំងគឺការពិតនៅក្នុងសង្គម”។
នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ការបង្កើតទូរទស្សន៍អនឡាញរបស់គណបក្សសង្គ្រោះជាតិ អាចមានឥទ្ធិពលខ្លះ តែមិនអាចផ្សពផ្សាយដល់ប្រជាពលរដ្ឋតាមជនបទទេ ព្រោះទូរទស្សន៍នេះ ទាល់តែអ្នកមានចំណេះដឹងបច្ចេកវិទ្យាទើបអាចប្រើបាន ៖ “ទូរទស្សន៍នេះ វាអត់អ្នកមើលច្រើនទេ ព្រោះវា online បានតែអ្នកណាប្រើអ៊ីនធើណែតទេ មិនមិនដូចទូរទស្សន៍ដែលគេផ្សាយតាមស្ថានីយទេ ដែលគេបានទៅដល់ជនបទឆ្ងាយបាន ហើយប្រជាជនមានលទ្ធផលបានមើលច្រើន ហើយទូរទស្សន៍ online វាបានតែអ្នកណាមានអ៊ីនធើណែតៗ រៀងខ្លាំងដែរ ដើម្បីបានមើលទូរទស្សន៍ online នេះ ប៉ុន្តែគ្រាន់តែវាអាចជួយផ្តល់ព័ត៌មានខ្លះ អំពីសកម្មភាពខាងគណបក្សហ្នឹង ហើយអាចប្រាប់ពីជំហពីអ្វីរបស់គណបក្សសង្គ្រោះជាតិ ទៅដល់អ្នកដែលមានអ៊ីនធើណែត មានទូរស័ព្ទ ឬក៏អ្វីដែលអាចប្រើប្រាស់តាមប្រព័ន្ធអ៊ីនធើណែតនេះបាន ប៉ុន្តែអ្នកដែលទាំងអស់នោះតិច មិនសូវច្រើនទេ”។
អង្គការចំនួន៤០នៃបន្ទប់ស្ថានការណ៍បោះឆ្នោត រកឃើញថា ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេស ទូរទស្សន៍ និងវិទ្យុ មានភាពលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា និងបានជះឥទ្ធិពលមិនល្អ សម្រាប់ការបោះឆ្នោត។ អង្គការទាំងនេះ ជំរុញឲ្យមានកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយគោរពតាមគោលការណ៍សមធម៌ និងសេរី ដើម្បីឲ្យការបោះឆ្នោតក្រោយៗទៀត មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ប៉ុន្តែក្រោយពីគណបក្សប្រជាជនកម្ពុជា បានបាត់បង់អាសនៈអស់ចំនួន២២ ហើយគណបក្សប្រឆាំងកើនដល់ជិតពាក់កណ្តាលនៃអាសនៈសរុប១២៣នោះ ទូរទស្សន៍មួយចំនួនបានចាប់ផ្តើមផ្សាយពីសកម្មភាពខ្លះៗរបស់គណបក្សសង្គ្រោះជាតិ និងហ៊ានរិះគន់ភាពអសកម្មមួយចំនួនក្នុងសង្គម។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើទៅរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ឲ្យបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិមួយដែលឯករាជ្យ ដើម្បីធានាថា ពលរដ្ឋទទួលបានព័ត៌មានពិត និងធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ sreynoch@vodhotnews.com
CNRP should create CNRP app (free), it will be useful with smart phones (Iphone, Ipad and Sumsung…)
Thank you
Yes! I’m agree with 23october …because watching TV on line spent a lot …so I request CNRP sould do everything free…!
គួរអោយអាណិតគាត់ណាស់ខ្លួនកាន់តែចាស់សក់ស្កូវកាន់តែច្រើនសុខភាពទ្រុឌទ្រោមដៃញ័រកាន់តែខ្លាំងមិនដឹងជានៅធ្វើប្រជាភិថុតិបញ្ចើចបញ្ចើបញ្ជោរបោកប្រាសរាស្រ្តបានយូរប៉ុនណាទៀតទេ????