ដោយ៖ តាំង វីដា និង អ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
គណបក្សសង្គ្រោះជាតិ ជំរុញសភាជាតិ អនុម័តកញ្ចប់ថវិកាជាតិ នៅឆ្នាំ២០១៤ សម្រាប់ផ្តល់ជាកម្ចីដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់។
ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បេក្ខភាពជាប់ឆ្នោត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ថ្លែងថា គ្រោះទឹកជំនន់ ឆ្នាំ២០១៣ បានធ្វើឲ្យប្រជាពលរដ្ឋជាង ៣៧ម៉ឺនគ្រួសារ បាត់បង់ដីធ្លី ស្រែចម្ការ និងបានបង្កជាបញ្ហាចំណាកស្រុករបស់ប្រជាកសិករ ទៅកាន់ប្រទេសថៃ ដើម្បីរកប្រាក់សងបំណុល ឬគេចខ្លួនពីបំណុល។ លោកស្រីថា នេះជាទំនួលខុសត្រូវរបស់រដ្ឋាភិបាល ដែលគប្បីរៀបចំជាកញ្ចប់ថវិកាជាតិ ដាច់ដោយឡែក និងបើកចំហរជាសាធារណៈ ក្នុងអត្រាការប្រាក់ទាប សម្រាប់ផ្តល់ជាកម្ចីដល់ប្រជាពលរដ្ឋ ងាយស្រួលសម្របខ្លួននឹងគ្រោះធម្មជាតិ រួចផុតពីការកើនបំណុលតាមកម្ចីហិរញ្ញប្បទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ៖ "អ្វីដែលជាការសម្រួលដល់ប្រជាពលរដ្ឋយើង គឺយើងទាំងអស់គ្នា ដែលរួមកម្លាំងត្រូវតែធ្វើ ហើយខ្ញុំដឹងថា នៅឆ្នាំ២០១១ ក៏រាជរដ្ឋាភិបាលបានចាត់វិធានការហ្នឹងហើយ អញ្ចឹងយើងទាំងអស់គ្នាត្រូវតែរួមកម្លាំងគ្នា ហើយការអំពាវនាវនេះ គឺអំពាវនាវទាំងអស់ ហើយលិខិតខ្ញុំនឹងសរសេរលិខិតជូនទៅដល់ World Bank ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារធំៗដទៃទៀត"។
ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ(CNRP) អំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សុំផ្អាកការទារបំណុលពីប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងបញ្ចុះតម្លៃការប្រាក់១%ក្នុង១ឆ្នាំ និងបញ្ឈប់ការរឹបអូសទ្រព្យសម្បត្តិ ពីប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅឆ្នាំ២០១៣នេះ។
សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប អះអាងថា បញ្ហានេះ គឺរដ្ឋាភិបាល បានរៀបចំថវិកាជាតិបម្រុងជាង ១ពាន់លានដុល្លារ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រចាំឆ្នាំ។ លោកបន្តថា់ រដ្ឋាភិបាល ក៏បានត្រៀមនឹងអនុម័តថវិកាជាតិ សម្រាប់ផ្តល់ជាកម្ចីដល់ប្រជាពលរដ្ឋ និងប្រជាកសិករ តាមរយៈធនាគារជាតិកម្ពុជា ៖ "កន្លងទៅ យើងអំពាវនាវទៅអេស៊ីលីដា ទៅស្អីៗផ្សេងទៀតជាច្រើន Micro Finance តាមមូលដ្ឋាននានា សុំឲ្យគេកុំ ធ្វើម៉េចគឺថាអនុគ្រោះខ្លះៗ កុំឲ្យពេលប្រជាជនគាត់លំបាកវេទនា យើងទៅជាន់កគាត់ថែម រាជរដ្ឋាភិបាលធ្វើតាមរយៈធនាគារ ធនាគារជាតិនៃកម្ពុជា ឯកឧត្តមទេសាភិបាល ជា ចាន់តូ"។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង គិមអេង មានប្រសាសន៍ថា យន្តការផ្តល់កម្ចីថវិការជាតិដល់ប្រជាពលរដ្ឋ គឺជាជម្រើសល្អមួយ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ តែការអនុវត្តសេវានេះ មានប្រសិទ្ធិភាពលុះណាតែមានការសម្រួលនិតីវិធី និងការរៀបចំស្ថាប័នជាតិ តាមតំបន់ ដើម្បីងាយដល់ប្រជាពលរដ្ឋអាចទទួលសេវានេះបាន ៖ "ជួយប្រជាពលរដ្ឋមែនទែន គឺត្រូវតែឲ្យសេវាហ្នឹងវាទៅដល់ភូមិ ឲ្យប្រជាពលរដ្ឋនៅភូមិហ្នឹង ចង់ខ្ចីគាត់គ្រាន់តែចំណាយពេលតែមួយភ្លែត គាត់ខ្ចីបាន អាហ្នឹងបានមានប្រសិទ្ធភាព បើសិនណានៅចង់រក្សាទុកនូវធនាគារជាតិហើយឲ្យធនាគារជាតិ ដើរតួនាទីក្នុងការធ្វើហ្នឹង គឺខ្ញុំគិតថា មិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ ព្រោះអីប្រជាពលរដ្ឋអត់ហ៊ានមកខ្ចីទេ"។
កាលពីខែតុលាកន្លងទៅ គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តកញ្ចប់ថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំ២០១៤ មានទឹកប្រាក់ស្មើនឹង ៣៥០០លានដុល្លារសហរដ្ឋអាមេរិក។ តែថវិកានេះ មិនទាន់ដឹងថា ត្រូវចំណាយលើផ្នែកអ្វីខ្លះនៅឡើយទេ៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

លោកស្រី មូរ សុខហួរ should not take care this task at this time, because of the national assembly was illegal already. why you need to consider now?
យ៉ាប់មែន ឲ្យតែបានចំណេញនយោបាយធ្វើបានទាំងអស់។
កុំតែចាស់ពេកបែបលក់ទាំងខ្លួនទៀតមើលទៅ?