សុខ ពិសី ចង់​យំ​ម្តងៗ​ពេល​ថត​រឿង ព្រាយ​ក្បាល​ប្រាំ​បី

Thursday, 07 November 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

131107_23

នាយក​ផលិត​កម្ម និង​តារា​សម្តែង​ល្បី​ៗ​ដែល​លេច​មុខ​នៅ​ក្នុង​ថ្ងៃ​បើក​សន្និសីទ​​ភាព​យន្ត​​​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ថ្នាក់​ដឹក​នាំ​ការ​ផលិត​ខ្សែ​រឿង «ព្រាយ​ក្បាល ៨» អះអាង​ថា មាន​ការ​សម្រិត​សម្រាំង​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​លើក​តម្លៃ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ និង​មុខ​មាត់​តួឯក នាង សុខ ពិសី និង​លោក ខេមរៈ សិរីមន្ត។ ទន្ទឹម​នឹង​នោះ​តួឯក​ស្រី​ស្ថិត​ក្នុង​កែវ​ភ្នែក​របស់​ផលិតកម្ម​នេះ នាង សុខ ពិសី ក៏​បាន​បរិយាយ​ពី​ការ​លំបាក​នានា​ក្នុង​ការ​សម្តែង​ក្នុង​រឿង​នេះ ដែល​មាន​ចរិត​ផ្ទុយ​ពី​ចរិត​ធម្មជាតិ។ ប៉ុន្តែ នាង​អះអាង​ថា នាង​ទទួល​បាន​ជោគជ័យ​ក្នុង​រឿង​ទាំង​មូល។

បរិយាយ​ពី​ភាព​លំបាក​ក្នុង​ការ​សម្តែង​ខ្សែ​ភាពយន្ត ទី២ ដែល​ផលិតកម្ម សាន់ដេ លើក​ឲ្យ​នាង​ទទួល​បាន​តំណែង​ជា​តួឯក​ស្រី​ក្នុង​រឿង (ព្រាយ​ក្បាល ៨) កញ្ញា សុខ ពិសី បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «នេះ​ជា​រឿង ទី១ ហើយ ដែល​ខ្ញុំ​យល់​ពី​ការ​សម្ដែង​របស់​ខ្ញុំ​ហាក់​មាន​ភាព​ពិបាក​ឆ្ងាយ​ពី​ការ​សម្តែង​រឿង ព្រាយ​ដែក​គោល។ ហេតុផល​ដែល​ខ្ញុំ​យល់​ឃើញ​បែប​នេះ គឺ​ដោយ​សារ​ក្នុង​ខ្សែ​រឿង ព្រាយ​ក្បាល ៨ អ្នក​ដឹក​នាំ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​សម្ដែង​ជា​តួនារី​ស្រុក​ស្រែ​ដែល​មាន​ចរិត​ផ្ទុយ​ស្រឡះ​ទាំង​ស្រុង​ពី​ចរិត​ផ្ទាល់​ខាង​ក្រៅ​របស់​ខ្ញុំ»។

ពោល​ពី​ការ​លំបាក​នោះ​តារា​ចម្រៀង​ដែល​មាន​សំឡេង​បែប​មាយា នាង សុខ ពិសី បាន​លើក​ហេតុផល​ថា៖ «ក្នុង​រឿង​មុន [ព្រាយ​ដែល​គោល] ការ​សម្ដែង​របស់​ខ្ញុំ គឺ​មើល​ទៅ​ពិបាក​ដែរ ប៉ុន្តែ​អាច​ថា ស្រួល​ច្រើន ព្រោះ​ចរិត​តួអង្គ​ក្នុង​រឿង និង​ចរិត​ខាង​ក្រៅ​របស់​ខ្ញុំ គឺ​តែ​មួយ ប៉ុន្តែ​សម្រាប់​រឿង ព្រាយ​ក្បាល ៨ នេះ គឺ​ខុស​គ្នា​តែ​ម្ដង ទើប​ធ្វើ​ឲ្យ​ឈុត​ខ្លះ ខ្ញុំ​ត្រូវ​សម្ដែង​ច្រើន​លើក ទម្រាំ​តែ​អ្នក​ដឹក​នាំ​ថា​យក​បាន»។ បន្ថែម​ពី​លើ​ការ​សម្ដែង មិន​ដូច​ចរិត​ពិត​នោះ​ផង​ដែរ ពិសី ក៏​បាន​លើក​ឡើង​ទៀត​ថា៖ «ក្នុង​សាច់​រឿង​ទាំង​មូល តម្រូវ​ឲ្យ​ខ្ញុំ​សម្ដែង​ក្នុង​ឈុត​គ្រោះថ្នាក់ ដែល​មាន​ខ្មោច​លង និង​ត្រូវ​សម្ដែង​ក្នុង​ពេល​យប់​ជ្រៅ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​យំ ទម្រាំ​ចប់​ឈុត​នីមួយៗ​នោះ​ក៏​មាន​ដែរ»។

ក្នុង​សម្ដី​ដែល​រៀបរាប់​ការ​លំបាក​ដដែល​នោះ សុខ ពិសី ក៏​បាន​បញ្ជាក់​ទៀត​ថា៖ «ក្នុង​ថ្ងៃ​ខ្លះ ត្រូវ​អត់​ងងុយ​រហូត​ទល់​ភ្លឺ​ឯណោះ ព្រម​ជាមួយ​នឹង​ភាព​ភ័យ​ខ្លាច ជាមួយ​ឈុត​ដែល​មាន​គ្រោះថ្នាក់ និង​ឈុត​កណ្ដាល​យប់ គ្រាន់​តែ​រឿង​អាកាសធាតុ​ត្រជាក់ ក៏​ជា​រឿង​ពិបាក​ទ្រាំ​ដែរ។ ធៀប​នឹង​ខ្សែ​រឿង ព្រាយ​ដែក​គោល មិន​សូវ​មាន​ឈុត​ពេល​យប់​ដូច​ក្នុង​រឿង​នេះ​ទេ»។

យ៉ាង​ណា ក្នុង​រឿង ព្រាយ​ក្បាល ៨ នេះ អ្វី​ដែល​នាង​យល់​ថា ពិបាក​ជាង​រឿង​មុនៗ​ដែល​ធ្លាប់​សម្តែង​នោះ​ក៏​មិន​មែន​ជា​ឈុត​គ្រោះថ្នាក់ តម្រូវ​ឲ្យ​ថត​ក្នុង​ពេល​យប់ ឬ​ក្នុង​ព្រៃ​ជ្រៅ​នោះ​ដែរ។ នាង​បញ្ជាក់​ថា៖ «កាល​សម្តែង​ក្នុង​រឿង ព្រាយ​ក្បាល ៨ គឺ​បញ្ហា​ចរិត ក្នុង​ការ​សម្ដែង ព្រោះ​ថា​ចរិត​ក្នុង​រឿង​នោះ វា​មិន​មែន​ជា​ចរិត​ពិត»។

ភាពយន្ត​ខ្នាត​ធំ រឿង ព្រាយ​ក្បាល ៨ បាន​ក្លាយ​ជា​រឿង ទី១ សម្រាប់​តារា​ចម្រៀង​នាង សុខ ពិសី ដែល​នាង​មាន​ឋានៈ​ជា​តួឯក​ក្នុង​រឿង​នេះ​អះអាង​ថា មាន​ឈុត​ពិបាក​ស្ទើរ​ពេញ​មួយ​រឿង​តែ​ម្ដង។ នេះ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ភាពយន្ត​ដែល​នាង​ធ្លាប់​សម្តែង​កាល​ពី​ចំនួន ២ រឿង​កន្លង​មក។

ប៉ុន្តែ​តារា​ចម្រៀង​ក្នុង​កែវ​ភ្នែក​ផលិតកម្ម​មួយ​នេះ ក៏​ថ្លែង​អំណរគុណ​ផង​ដែរ ចំពោះ​ការ​លើក​ទឹក​ចិត្ត របស់​ផលិតករ និង​អ្នក​ដឹក​នាំ​រឿង ដែល​បាន​ជំរុញ​ឲ្យ​នាង​ទទួល​បាន​ជោគជ័យ និង​ទទួល​បាន​បទ​ពិសោធ​ថ្មី ក្នុង​ការ​សម្ដែង​រឿង​នេះ​។ នាង​អះអាង​ថា៖ «ដ្បិត​ថា​កាល​សម្តែង​ក្នុង​រឿង ទី៣ នេះ វា​មាន​ការ​លំបាក​សម្រាប់​ខ្ញុំ ខណៈ​ចរិត​វា​ផ្ទុយ​ពី​ចរិត​ធម្មជាតិ​ក៏​ដោយ ប៉ុន្តែ​នេះ​វា​ជា​បទ​ពិសោធ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​អាជីព​សិល្បៈ​របស់ ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​រីក​រាយ​សម្រាប់​ការ​ផលិត​រឿង​បន្ត​បន្ទាប់ បើ​ទោះ​ជា​ការ​សម្តែង​នោះ​ត្រូវ​ពិបាក​ជាង​នេះ​យ៉ាង​ណា ក៏​ខ្ញុំ​នឹង​ព្យាយាម មិន​ឲ្យ​ខាង​ផលិតកម្ម​ខក​ចិត្ត​ដោយ​សារ​ខ្ញុំ​ទេ»។

សុខ ពិសី បាន​បង្ហាញ​ការ​រំពឹង​ថា៖ «សម្រាប់​រឿង ព្រាយ​ក្បាល ៨ ខ្ញុំ​គិត​ថា នឹង​ជោគជ័យ​ក្នុង​ពេល​ដាក់​បញ្ចាំង មិន​ចាញ់​ខ្សែ​រឿង​ដែល​ខ្ញុំ​សម្តែង​មុនៗ​នោះ​ដែរ ព្រោះ​ថា​រឿង​ថ្មី​នេះ​ការ​ផលិត​ក៏​មាន​ការ​សម្រិត​សម្រាំង​ជាង​រឿង​មុនៗ​ផង​ដែរ»។

ខ្សែ​រឿង «ព្រាយ​ក្បាល ៨» គឺជា​រឿង ទី៤ របស់​ផលិតកម្ម សាន់ដេ បន្ទាប់​ពី​ខ្សែ​រឿង «អង្គុលី​មារ» រឿង «ព្រាយ​ដែក​គោល» រឿង «វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម»។

ភាពយន្ត «ព្រាយ​ក្បាល ៨» នេះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ថ្ងៃ ទី៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ចុង​សប្ដាហ៍​នេះ​នៅ​រោង​ភាពយន្ត​មហោស្រព ចេនឡា ហើយ​នៅ​ថ្ងៃ ទី៩ ខែ វិច្ឆិកា នឹង​បញ្ចាំង​នៅ​រោង​ភាពយន្ត លុច្ស។ ទាំង​ផលិតកម្ម និង​តារា​សម្តែង​សង្ឃឹម​ថា រឿង​នេះ​នឹង​ជោគជ័យ៕



What Next?

Recent Articles