សកម្មជន​ដីធ្លី​នាំគ្នា​ប្រមូលផ្ដុំ ខណៈ​តុលាការ កោះហៅ​តំណាង​ចូល​បំភ្លឺ​​

ដោយ៖​ បូ សា​វី និង អ៊ឹង ប៊ុនថន​​
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាង​២០​នាក់ ក្នុងចំណោម​ ៦៥​គ្រួសារ នៅ​ស្រុក​គូ​លេន ខេត្ដ​ព្រះវិហារ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​តុលាការ​ខេត្ដ ដោយ​បារម្ភ​ខ្លាច​តុលាការ​ឃុំខ្លួន តំណាង​របស់​ពួកគេ បី​នាក់​ដែល​ត្រូវ​បាន​កោះហៅ​ សាកសួរ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

​សកម្មជន​ដីធ្លី នៅ​ភូមិ​គូ​លេន​ត្បូង ឃុំ​គូ​លេន​ត្បូង លោក ឈាន លឿប ប្រាប់​VOD​ថា តុលាការ​ខេត្ដ​ព្រះវិហារ បាន​កោះហៅ​តំណាង​ពួកគេ​បី​នាក់​ទៅ​បំភ្លឺ ពី​បទ​រុករាន​ដីព្រៃ​រដ្ឋ​ខុស​ច្បាប់ តែ​ពួកគេ​ជាង​២០​នាក់​ មក​ស្ដាប់​ការសាកសួរ​នោះ ដើម្បី​ជួយ​ជាកម្លាំងចិត្ដ និង​បារម្ភ​ខ្លាច​តុលាការ​ឃុំខ្លួន​តំណាង​បី​នាក់​មាន លោក វ៉េង អ៊ាម លោក ង៉ូយ យាន និង​អ្នកស្រី​ហ៊ួន គឹម​អៃ ​៖

​ពលរដ្ឋ​មួយរូប​ទៀត លោក យ៉ាប់ ផៃ ឲ្យដឹងថា ការ​ដែល​ពួកគេ​ឡើង​មក​ទី​រួម​ខេត្ត​នេះ ក៏​ចង់​ជំរុញ​ឲ្យ​អភិបាលរងខេត្ដ លោក អ៊ុន ចិន្ដា ដោះស្រាយ​ដី​ជូន​ពួកគាត់​ទៅ​តាម​ការសន្យា កាលពី​មុន​ពេល​បោះឆ្នោត​ជាតិ​អាណត្ដិទី​៥​នេះ​ ​៖

VOD មិនអាច​ទាក់ទង​អភិបាលរង ខេត្ដ​ព្រះវិហារ លោក អ៊ុន ចិន្ដា បាន​នៅឡើយ​។ ប៉ុន្ដែ​កន្លងមក​លោក​ធ្លាប់​មានប្រសាសន៍ថា អាជ្ញាធរ​ខេត្ដ បាន​សម្របសម្រួល​ជាមួយ​ដើម​បណ្ដឹង​​ គឺ​ផ្នែក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ឲ្យ​ដក​ពាក្យបណ្ដឹង​លើ​ពលរដ្ឋ​ទាំងនោះ​ហើយ​ ​៖

​ដោយឡែក ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ដ​ព្រះវិហារ លោក សោ សាវុធ ក៏​មិន​អាច​ទាក់ទង​បានដែរ​។​

​កាលពី​ថ្ងៃ​ទី​២៨​ ខែតុលា ​ឆ្នាំ​២០១៣​នេះ ប្រជាពលរដ្ឋ​ជាង​៤០​នាក់ តំណាងឲ្យ​៦៥​គ្រួសារ​នោះ បាន​តវ៉ា​នៅ​សាលា​ខេត្ដ​ព្រះវិហារ សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​កោះហៅ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៧ ​ខែ​វិច្ឆិការ​នេះ​។ ពេលនោះ អាជ្ញាធរខេត្ត​បាន​សន្យាថា នឹង​សុំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ដក​ពាក្យបណ្ដឹង​​លើ​ពលរដ្ឋ​ទាំង​នោះ​វិញ ប៉ុន្តែ​តុលាការ​នៅតែ​បន្ត​នីតិវិធី​កោះហៅ​ទៅ​សាកសួរ​ដដែល​។

​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ ធ្លាប់​មានប្រសាសន៍ថា អាជ្ញាធរ​គួរ​សម្របសម្រួល​ទំនាស់​ដីធ្លី តាម​ការសន្យា​របស់​ខ្លួន ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ចិត្ដ បើទោះបី​ពលរដ្ឋ​ទាំងនោះ​កាន់កាប់​ដី​រដ្ឋ​ក្រោយ​ច្បាប់​ភូមិបាល​ចូល​ជា​ធរមាន​ក៏ដោយ​៕

សូមសរសេរមកកាន់ លោក បូ សា​វី តាមរយៈ savy@vodhotnews.com


What Next?

Recent Articles