សាលាឧទ្ធរណ៍​លើ​ក​ពេល​សវនាការ​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់​អ្នកជំនួញ​ដីធ្លី​ម្នាក់​​

ដោយ៖​ សុទ្ធ គឹម​សឿន​
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លើក​ពេល​សវនាការ​ជំនុំជម្រះ​បណ្តឹងទាស់​របស់ ​អ្នកស្រី ឈិន សុគន្ធា​រី ហៅ​យាយ​ក្រពើ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ឡា​យី​ម៉ិច ហូល​ឌី​ង​គ្រុប (Layimex Holding Grop) ដោយ​មិន​មាន​ពេល​កំណត់ ដោយសារ​មេធាវី​ដើម​បណ្តឹង​មាន​ធុរៈ​ការងារ​។​

​អ្នកស្រី ឈិន សុគន្ធា​រី ដែល​កំពុង​និរទេស​ខ្លួន ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​កំបាំងមុខ ដាក់ពន្ធនាគារ​៤​ឆ្នាំ​កន្លះ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១២ ពី​បទ​កាន់កាប់​ដី​សាធារ​ណៈ​​ជាង​៣៤​ហិកតា​របស់​រដ្ឋ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ តាម​ពាក្យបណ្តឹង​របស់​ លោក កែប ជុតិមា ដែល​ពេលនោះ​ជា​អភិបាល​រាជធានី​ភ្នំពេញ​។ តុលាការ​ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​រក​ចាប់ខ្លួន​។ អ្នកស្រី​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សេចក្តីសម្រេច​នេះ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ពលរដ្ឋ​ជាង​២០​នាក់ មក​ពី​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ ដូចជា​ តំបន់​បឹងកក់ បុរី​កី​ទ្បា ថ្មគោល បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍ ដើម្បី​តាមដាន​សវនាការ​នេះ និង​ចង់ដឹងថា ​តុលាការ​សម្រេច​ក្តី​ឲ្យ​អ្នកណាឈ្នះ​រវាង​អ្នក​មាន​ទ្រព្យសម្បត្តិ និង​អ្នកមានអំណាច​ទាំងពីរ​។​

​កាលពី​ខែ​មីនា ឆ្នាំ​២០១៣  អ្នកស្រី ឈិន សុគន្ធា​រី បាន​ប្តឹង​បក​លើ​​ ​លោក​ កែប ជុតិមា និង​គូកន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​«​ក្លែងបន្លំ ការ​សាង​ប័ណ្ណ​ដោយ​បំពាន ដើម្បី​កាន់កាប់ ​និង​រឹបអូស​ដី​ជាង​៣៤​ហិកតា​» ​របស់គាត់ ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ អ្នកស្រី​ទារជំងឺចិត្ត ១០០​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ អយ្យការ​អម​សាលាដំបូង និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ បាន​តម្កល់​មិន​ចាត់កា​រលើ​ពាក្យបណ្តឹង​របស់​អ្នកស្រី​៕

សូមសរសេរមកកាន់ លោក ​សុទ្ធ គឹម​សឿន​ តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles