យោងតាមច្បាប់ចម្លងនៃសេចក្តីព្រាងច្បាប់ថវិកាជាតិបង្ហាញថា សេចក្តីព្រាងច្បាប់ថវិកាជាតិ ដែលមានទឹកប្រាក់ចំនួន៣,៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៤ ស្នើឲ្យមានប្រាក់បំណុលថ្មីចំនួន៩២០លានដុល្លារទៀតទើបចំណាយបានគ្រប់គ្រាន់ ហើយបំណុលនៅក្នុងឆ្នាំ២០១៣នេះ ក៏មានចំនួនដូចគ្នា នេះដែរ។
សេចក្តីព្រាងច្បាប់ថវិកានេះ មានទឹកប្រាក់លើសទឹកប្រាក់ដែលរដ្ឋាភិបាលចំណាយក្នុងឆ្នាំនេះជិត៤០០លានដុល្លារ ឬប្រហែល១៣ភាគរយ ដោយសារមានការបង្កើនចំណាយទៅលើវិស័យអប់រំ ការពារជាតិ និងសន្តិសុខ។ ទោះជាយ៉ាងណា សេចក្តីព្រាងច្បាប់ថវិកាផ្លូវការមានចំនួនតិចជាង៣,៥៤ពាន់លានដុល្លារ ដែលចំនួនខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ខ្លួនបានអនុម័តកាលពីខែមុន ប៉ុន្តែ ទាំងទីស្តីការគណៈរដ្ឋមន្ត្រី និងគណៈកម្មការហិរញ្ញវត្ថុរបស់រដ្ឋសភាមិនប្រាប់ពីមូលហេតុដែលចំនួនថវិកានេះមានភាពខុសគ្នានោះទេ។
ក្នុងចំណោមចំណែកថវិការបស់ក្រសួងនីមួយៗ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃបូករួមចូលគ្នាមានចំនួន៤៨៩លានដុល្លារ គឺលើសឆ្នាំនេះចំនួន១៧ភាគរយ និងស្មើ១៤ភាគរយនៃថវិកាជាតិទាំងមូល។ លិខិតមួយអមជាមួយសេចក្តីព្រាងច្បាប់នេះបញ្ជាក់ថា ការបង្កើនថវិកាជាតិនេះ ភាគច្រើនសម្រាប់ចំណាយទៅលើកិច្ចការសង្គមនៅក្រសួងការពារជាតិ មិនមែនបង្កើនចំណាយសម្រាប់សម្ភារយោធានោះទេ។
សេចក្តីព្រាងច្បាប់ថវិកានេះនឹងត្រូវរដ្ឋសភាអនុម័តនៅថ្ងៃអង្គារ ហើយទំនងជាអនុម័តដោយសមាជិកសភា៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា ដោយគ្មានការចូលរួមពីសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សប្រឆាំងដែលកំពុងបដិសេធមិនទទួលយកអាសនៈរបស់ខ្លួននៅក្នុងរដ្ឋសភា ដើម្បីតវ៉ានឹងភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដានេះឡើយ។
លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុរបស់រដ្ឋសភាដែលបានអនុម័តសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃពុធ បានមានប្រសាសន៍ថា ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃត្រូវការថវិកាបន្ថែមទៀត មិនមែនសម្រាប់តែសម្ភារយោធាថ្មីនោះទេ ប៉ុន្តែ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងភេរវករអន្តរជាតិផងដែរ។ ទោះជាយ៉ាងណា កម្ពុជាមិនប្រឈមនឹងការគំរាមកំហែងច្បាស់លាស់ណាមួយពីភេរវកម្មអន្តរជាតិ ឬភេរវកម្មក្នុងស្រុកឡើយ។
លោក ជាម យៀប បានមានប្រសាសន៍ថា “រដ្ឋាភិបាលនឹងចំណាយថវិកាបន្ថែមទៀតសម្រាប់ការបណ្តុះបណ្តាលរបស់ទាហាន និងនគរបាល ជាពិសេសការហ្វឹកហាត់សម្រាប់ប្រឆាំងភេរវកម្មអន្តរជាតិ និងដើម្បីថែរក្សាសន្តិសុខនៅក្នុងប្រទេស។ ទី២ រដ្ឋាភិបាលត្រូវការទិញសម្ភារ និងឯកសណ្ឋានទាហាន និងនគរបាល”។ រដ្ឋាភិបាលតែងតែអះអាងអំពីការទប់ស្កាត់ក្រុមភេរវករជាច្រើនក្រុម។
ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សនិយាយថា ក្រុមជាច្រើនដែលរដ្ឋាភិបាលចាត់ទុកថា ជាភេរវករនោះ គ្រាន់តែប្រើប្រាស់សិទ្ធិ ផ្លូវច្បាប់របស់ខ្លួនដើម្បីប្រឆាំងតែប៉ុណ្ណោះ។ ការបង្កើនចំណាយច្រើនទៅលើផ្នែកសន្តិសុខនេះ ក៏កើតមានឡើងចំពេលមាន ភាពទាល់ច្រកផ្នែកនយោបាយដោយសារការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស កាលពីខែកក្កដា រវាងរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិផងដែរ ហើយការតវ៉ារបស់គណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ ត្រូវបានឆ្លើយតបដោយការដាក់ពង្រាយកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថជាច្រើន នៅតាមផ្លូវក្នុងទីក្រុង។ តាមសេចក្តីព្រាងច្បាប់ថវិកានេះ វិស័យផ្សេងៗទៀតក៏ទទួលបានថវិកាច្រើនជាងមុនផងដែរ។
សេចក្តីព្រាងច្បាប់នេះស្នើឲ្យមានការបង្កើនថវិកា៣៧ភាគរយ សម្រាប់ក្រសួងសង្គមកិច្ចដល់១៤១លានដុល្លារ និងបង្កើន២០ភាគរយសម្រាប់ក្រសួងអប់រំ ដល់ចំនួន៣៣៥លានដុល្លារ។ ទោះបីជាក្រសួងអប់រំទទួលបានថវិកាច្រើនជាងក្រសួងទាំងអស់ក៏ដោយ ក៏ចំនួននេះនៅក្រោម២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ដែលធនាគារពិភពលោកព្យាករថា មានចំនួន១៧,២ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៤ដែរ។ទោះជាយ៉ាងណា សមាគមគ្រូបង្រៀន អ្នកផ្តល់ជំនួយ និងសូម្បីមន្ត្រីក្រសួងមួយចំនួនបាននិយាយថា ចំណាយសម្រាប់ក្រសួងអប់រំគួរតែច្រើនជាងនេះ។
អ្នករិះគន់ថវិកាជាតិក្នុងពេលកន្លងមកក៏បានរិះគន់រដ្ឋាភិបាលផងដែរ ចំពោះការចំណាយតិចពេកទៅលើវិស័យសុខាភិបាល។ សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៤ ក៏ស្នើឲ្យមានការបង្កើនថវិកាតែ៨,៤ភាគរយប៉ុណ្ណោះសម្រាប់ក្រសួងសុខាភិបាល ដល់ចំនួន២៤៤លានដុល្លារ។ ក្រសួងកសិកម្មក៏បង្កើន១៣ភាគរយទៅលើថវិការបស់ខ្លួនដល់ចំនួនជិត៤០លានដុល្លារផងដែរ។
លោក នៅ សីហា សេដ្ឋវិទូឯករាជ្យ និងជាអតីតអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសេដ្ឋកិច្ចនៃកម្ពុជាបានមានប្រសាសន៍ថា “ពីមុន វិស័យអប់រំនៅតូច បើប្រៀបធៀបទៅនឹងវិស័យសន្តិសុខ និងក្រសួងការពារជាតិ”។ ប៉ុន្តែ ដើម្បីកាត់បន្ថយអត្រានៃភាពក្រីក្រឲ្យបានច្រើននោះ លោក សីហា បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែបង្កើនការចំណាយទៅលើវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យកសិកម្ម។ លោកបានមានប្រសាសន៍ថា “ វាមិនគ្រប់គ្រាន់ទេ រដ្ឋាភិបាលគួរតែបង្កើនឲ្យបានច្រើនជាងនេះ”។
រដ្ឋាភិបាលក៏បានទទួលរងការរិះគន់ផងដែរ ចំពោះការបន្តខ្ចីបំណុលបរទេសជាច្រើន ដែលភាគច្រើនគឺជាកម្ចីមានការប្រាក់ខ្ពស់ពីប្រទេសចិន។
សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៤នេះ ស្នើឲ្យមានកម្ចីថ្មីចំនួន៩២០លានដុល្លារដូចនៅឆ្នាំនេះទៀត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ចីទាំងនេះ ត្រូវបានចំណាយដោយត្រឹមត្រូវ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងស្ថិតនៅក្រោមការគ្រប់គ្រងដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា “ការខ្ចីបំណុលឆ្លុះបញ្ចាំងពីផលិតផលក្នុងស្រុកសរុបរបស់យើង និងឆ្លុះបញ្ចាំងពីលទ្ធភាពរបស់យើងក្នុងការសងបំណុល ហើយខ្លួនប្រើប្រាស់បំណុលដ៏ច្រើននេះដោយប្រុងប្រយ័ត្ន។ កម្ចីទាំងអស់ចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនផលិតភាព ការកែលម្អវិស័យកសិកម្ម។ យើងមិនចង់ឲ្យរដ្ឋក្ស័យធននោះទេ”។
នៅក្នុងរបាយការណ៍រួមមួយចេញកាលពីដើមឆ្នាំនេះ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិបានលើកឡើងថា បំណុលបច្ចុប្បន្នរបស់កម្ពុជាអាចមាននិរន្តរភាព ប៉ុន្តែ បានក្រើនរំឭកថា ការបង្កើនបំណុលអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចណាមួយក្នុងពេលអនាគត។ សេចក្តីព្រាងច្បាប់ថវិកានេះក៏ព្យាករពីការកើនឡើងចំណូលរបស់រដ្ឋាភិបាលប្រហែល១៦ភាគរយផងដែរ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា រដ្ឋាភិបាលគួរប្រឹងប្រែងប្រមូលប្រាក់ចំណូល ដើម្បីកាត់បន្ថយការខ្ចីបំណុល និងដើម្បីបង្កើនការចំណាយទៅលើវិស័យអាទិភាពដូចជា វិស័យសុខាភិបាល និងវិស័យអប់រំ ដែលកំពុងត្រូវបានរារាំងដោយអំពើពុករលួយដ៏រាលដាល។ លោកបានមានប្រសាសន៍ថា “ប្រសិនបើអស់លោកចង់ឲ្យប្រទេសជាតិមានភាពរឹងមាំនោះ គួរតែបង្កើនការចំណាយទៅលើវិស័យសុខាភិបាល។ ឥឡូវនេះ ប្រាក់ចំណូលដែលប្រមូលបានសម្រាប់វិស័យអាទិភាពមិនគ្រប់គ្រាន់ទេ”។
លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុរបស់រដ្ឋសភាបានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះនឹងទៅដល់រដ្ឋសភានៅថ្ងៃអង្គារ៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
The goverment should spend on the health and national road. why spend to security for no terrorish in our country people die everyday because bad road in our country.sould spend moor money to health help poor people.21 centery our sercurity our weapon very poor cant compare with neibourg.big gap between MP and simple people .MP earn 2000$ a month standar life people 500 to 1000 a year some people may less than 500 a year poor our people