ដោយ៖ ណាត សុភាព និង អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន (រូបថតដោយ ណាត សុភាព)
ក្រុមគ្រូបង្រៀន មកពីបណ្តាខេត្ត-រាជធានីចំនួន១៩ នៅថ្ងៃសុក្រនេះ បង្ហាញពីទុក្ខលំបាករបស់គ្រូបង្រៀន ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលទើបឡើងកាន់តំណែងថ្មី ដើម្បីជួយដោះស្រាយបញ្ហាទាំងនោះ។
បញ្ហាទាំងនោះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលា៣ថ្ងៃ ស្តីពីគោលនយោបាយអប់រំរបស់អង្គការអប់រំអន្តរជាតិ (EI) នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ។
ក្រុមគ្រូបង្រៀនមួយចំនួន មកពីបណ្តាខេត្ត-រាជធានី ចំនួន១៩ អះអាងថា ក្រសួងអប់រំ មានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដែលធ្វើឲ្យពួកគាត់ជួបការលំបាក ដូចជា ពីប្រាក់បៀវត្សតិច ការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីនៅថ្នាក់ក្រោម ការប្រកាន់បក្សពួក ដែលបញ្ហាទាំងនេះជាមូលហេតុធ្វើឲ្យវិស័យអប់រំធ្លាក់ចុះ ៖
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់សិក្ខាសាលាចំនួន៣ថ្ងៃនេះ តំណាងគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងធ្វើលិខិតមួយ ដោយភ្ជាប់នឹងបញ្ហាទុក្ខកង្វល់របស់គ្រូបង្រៀន ដែលបានលើកឡើងនោះ ដើម្បីសុំជួបរដ្ឋមន្ត្រីក្រសួងអប់រំថ្មី លោក ហង់ ជួនណារ៉ុន ជួយដោះស្រាយឲ្យមានប្រសិទ្ធិភាព៖
VOD មិនអាចសុំការបំភ្លឺពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លោក ហង់ ជួនណារ៉ុន បាននៅឡើយទេ។
របាយការណ៍មួយចំនួន ឲ្យដឹងថា គ្រូបង្រៀននៅទូទាំងប្រទេសកម្ពុជា សរុបមានចំនួនជាងដប់ម៉ឺនបួនពាន់(១៤៥០០០)នាក់។ បើតាមតារាងប្រាក់ខែគ្រូបង្រៀន ដែលក្រសួងអប់រំផ្សព្វផ្សាយថ្មីៗនេះ បង្ហាញថា ប្រាក់ខែគ្រូបង្រៀន គឺចាប់ពី ៣១ម៉ឺនរៀល សម្រាប់គ្រូមត្តេយ្យសិក្សា និងបឋមសិក្សា រហូតដល់ជិត ១លាន ២សែនរៀល សម្រាប់គ្រូមហាវិទ្យាល័យ។ ប្រាក់បៀវត្សទាំងនេះគឺទើបនឹងបានដំឡើងនៅរដ្ឋាភិបាលអាណត្តិថ្មី៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com