កម្ពុជា​អំពាវនាវ​ជា​ថ្មី​ឲ្យ​ពលរដ្ឋ​ និង​កងទ័ព​រក្សា​ភាពស្ងប់ស្ងាត់ ពេល​តុលាការ​បកស្រាយ​សាលដីកា​​

ដោយ៖​ តាំង វី​ដា និង អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន(រូបភាពពី ហ្វេសប៊ុក)

​រដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ជា​ថ្មី ដល់​ប្រជាពលរដ្ឋ និង​កងទ័ព​ការពារ​តាម​ព្រំដែន​ខ្មែរ​-​ថៃ បន្ត​រក្សា​ភាពស្ងប់ស្ងាត់ និង​អត់ធ្មត់ ខណៈ​ដែល​តុលាការ​អន្តរជាតិ​ក្រុងឡាអេ​នឹង​បក​ស្រាយ​​សាលដីកា រឿងក្តី​ប្រាសាទព្រះវិហារ​ឡើងវិញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នេះ​។​

​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ ជា​វីដេអូ​ផ្ទាល់មាត់​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល​ជាង ១០​នាទី បានឲ្យដឹងថា ទំនាស់​នៅ​ព្រំដែន​ប្រាសាទ​ព្រះ​វិហារ កើតឡើង​ដោយសារតែ​ការបកស្រាយ​ផ្សេងគ្នា លើ​សាលដីកា ឆ្នាំ​១៩៦២ ហើយ​ការ​ដែល​កម្ពុជា ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​នេះ គឺ​មិនមែន ដើម្បី​ដុត​បំពក​បន្ថែម​នូវ​ជម្លោះ ឬ​មហិច្ឆិតា​ដណ្តើម​ទឹកដី ពី​ប្រទេស​ជិតខាង​នោះទេ​។ តែ​លោក​ថា ចំណាត់ការ​នេះ ជា​មធ្យោបាយ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចាំបាច់​បំផុត ដើម្បី​ឲ្យ​ភាគី​ទាំងពីរ​អាច​ឈាន​ទៅ​បញ្ចប់​បញ្ហា បាន​ដោយ​សន្តិវិធី ក្នុង​ស្មារតី​គោរព​ច្បាប់​អន្តរជាតិ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី​ទៅវិញទៅមក និង​រក្សា​ទំនាក់ទំនង​ជា​អ្នកជិតខាង​ល្អ​ ​៖ "ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ក៏សូម​អំពាវ​នាវ​​ដល់​ព្រះ​ថេរានុត្ថេរៈ​គ្រប់ព្រះអង្គ បង​ប្អូន​ជន​រួម​ជាតិ​គ្រប់​រូប សូម​មេត្តា​​បន្ត​រក្សា​ភាព​ស្ងប់​ស្ងៀម បន្តចូលរួម​រក្សា​សន្តិ​សុខ​ និង​សណ្តាប់​​ធ្នាប់​សាធារណៈ​នៅក្នុងប្រទេស​ ក៏​ដូចជា​បន្ត​រក្សា​និង​លើក​កម្ពស់ស្មារតី​​​នៃ​ទំនាក់ទំនង​ជា​អ្នក​ជិត​ខាង​ល្អ សាម​គ្គី​ភាព មិត្ត​ភាព ភាព​សុខ​ដុមរម​នា និង​កិច្ច​សហ​ប្រតិបត្តិ​ការ កាន់​តែ​ជិត​​ស្និតរវាង​ប្រទេស​​និង​ប្រជា​ជន​ទាំង​ពីរ​កម្ពុជា​-ថៃ​"។

​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ស្រង់​ប្រភព​ពី​កង​អង្គភាព​មួយ​នៃ​កងទ័ព​ថៃ​ដែល​មានឈ្មោះ​ថា កងកម្លាំង​ប្រតិបត្តិការ Suranaree មក​ពី​កង​អង្គភាព​តំបន់​ភូមិភាគ​២ បាន​អះអាង​ថា កម្ពុជា​បាន​បញ្ជូន​ទ័ព​ដាក់ពង្រាយ​នៅតាម​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ និង​បាន​បញ្ជូនស្បៀង​ជាច្រើន ទៅដល់​ទីតាំង​ឈរជើង​របស់​កងទ័ព​របស់ខ្លួន ដើម្បី​ជួយ​ផ្គត់ផ្គង់​កងទ័ព​នឹង​គ្រួសារ​របស់​កងទ័ព​។​

​ប៉ុន្តែ អភិបាលរង​ខេត្ត​ព្រះវិហារ លោក អ៊ុន ចិន្តា បដិសេធ​ការលើកឡើង​នេះ ដោយ​ថា កម្ពុជា មិន​បាន​បញ្ជូន​ទ័ព​បន្ថែម​ទៅ​ទេ គឺមាន​តែ​កងកម្លាំងប្រដាប់អាវុធ ដែល​ឈរជើង​ស្រាប់​ពី​មុន​តែប៉ុណ្ណោះ​។ លោក​ឲ្យដឹងថា ភាគី​ថៃ​ទៅវិញ​ទេ ដែល​បាន​កំពុង​បង្ក​នូវ​ភាព​ចលនា តាមរយៈ​ការ​ចល័ត​ទ័ព និង​ជម្លៀស​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចេញពី​តំបន់​ព្រំដែន ដែល​ករណី​នេះ បាន​បង្ក​ការភិតភ័យ​ខ្លះ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ៖

​ករណី​រឿងក្តី​ប្រាសាទ​ព្រះវិហារ​នេះ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា លោក ហៀ​ង រិទ្ធី ពន្យល់​ថា​ តាម​នីតិវិធី​ច្បាប់​ជាតិ និង​អន្តរជាតិ កម្ពុជា​គប្បី​ប្តឹង​ករណីនេះ ទៅកាន់​អង្គ​ការ​សហប្រជាជាតិ ចាត់វិធានការ​ទៅលើ​ប្រទេស​ថៃ​ឲ្យ​អនុវត្ត​សាលដីកា ឆ្នាំ​១៩៦២ ជាជាង​ការស្នើ​បកស្រាយ​សាលដីកា​ឡើងវិញ ដែល​នាំ​ឲ្យ​ខាតបង់​ពេលវេលា និង​ផលប្រយោជន៍​ជាតិ​ ​៖

​ការដែល​តុលាការ​អន្តរជាតិ​ក្រុងឡាអេ (ICJ) បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​ឡើងវិញ​នេះ ដោយសារ​ថៃ​អះអាង​ថា​ ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ជា​រប​ស់​​ខ្លួន ប៉ុន្តែ​កម្ពុជា​បានទាមទារ​តុលាការ​អន្តរជាតិ​នេះ បកស្រាយ​ឡើងវិញ​។ នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ក៏​ធ្លាប់​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ និង​កងទ័ព​របស់​ខ្លួន ទទួលយក​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ​នេះ​ផងដែរ​៕

សូមសរសេរមកកាន់ លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com


What Next?

Recent Articles

2 Responses to "កម្ពុជា​អំពាវនាវ​ជា​ថ្មី​ឲ្យ​ពលរដ្ឋ​ និង​កងទ័ព​រក្សា​ភាពស្ងប់ស្ងាត់ ពេល​តុលាការ​បកស្រាយ​សាលដីកា​​"

  1. 18 Mars says:

    នេះហើយជាល្បិចយកសម្លេងឆ្នោតតាមយោបល់បង ថាក់ស៊ីនស៊ីណាវ៉ាត្រា​ របស់លោកហ៊ុនសែន តែវា បានក្លាយទៅជាដំបៅមហារីកទៅវិញ……….

  2. ហ៊ុន នាង says:

    អាតួសំដែងអត់មានអ្នកជួលអើយ បើរឿងជាមួយថៃវាចេញមុខ ចេញមាត់ណាស់ តែបើរឿងជាមួយ

    ពួកអាយួនវាគ្មានអើតក្បាលទេ រហូតចេញមុខកាត់កោះត្រល់អោយគេ។