សាលាក្ដីខ្មែរក្រហម កំពុងស្វែងរកថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួន សម្រាប់ឆ្នាំ២០១៤ និង២០១៥។ មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា ថ្លែងថា ក្រុមប្រតិភូរបស់សាលាក្ដីខ្មែរក្រហម បានជួបជាមួយម្ចាស់ជំនួយនាទីក្រុងញីវយ៉ក (New York) សហរដ្ឋអាមេរិក នៅថ្ងៃទី៧ វិច្ឆិកា តាមការគ្រោងទុក និងដាក់ជូនគម្រោងសំណើសុំថវិកាថ្មីដែលទើបបានរៀបចំចប់ ដើម្បីឱ្យម្ចាស់ជំនួយទាំងនោះពិនិត្យ និងអនុម័ត។
ដោយ ឡេង ម៉ាលី
2013-11-07
RFA
លោក នេត្រ ភក្ដ្រា ថ្លែងថា លោកមិនទាន់អាចបញ្ជាក់ពីទំហំថវិកាថ្មីបានទេនៅពេលនេះ៖ «ប៉ុន្តែ ខ្ញុំអាចជម្រាបថា គម្រោងថវិកាសម្រាប់ឆ្នាំ២០១៤ ក៏ដូចជាឆ្នាំ២០១៥ នេះ គឺមានការចុះបន្តិច បើប្រៀបធៀបទៅនឹងឆ្នាំ២០១២-២០១៣ ហើយការកាត់បន្ថយការចំណាយនេះ គឺដោយឆ្លើយតបទៅនឹងតម្រូវការកិច្ចការបច្ចុប្បន្ន ដែលយើងត្រូវការកាត់បន្ថយមន្ត្រីបុគ្គលិកមួយចំនួន ហើយបន្ទាប់មកទៀត គឺយើងកែទម្រង់ទៅលើរចនាសម្ព័ន្ធនៅក្នុងរដ្ឋបាល ដើម្បីតម្រូវថា ថវិកាដែលយើងចំណាយនេះ គឺមានចំនួនតិច ហើយយើងអាចទទួលការគាំទ្រពីក្រុមប្រទេសម្ចាស់ជំនួយឱ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងការជួបប្រទះនូវបញ្ហាវិបត្តិថវិកាណាមួយ»។
លោក នេត្រ ភក្ដ្រា ឱ្យដឹងថា ក្រុមប្រតិភូសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជា មានប្រធានរដ្ឋបាលស្ដីទី គឺលោក ក្រាញ់ តូនី និងភាគីអន្តរជាតិមាន លោក ឃ្នុត រ៉ូសិនហក (Knut Rosandhaug) ហើយតំណាងរដ្ឋាភិបាលមាន លោក កែវ រ៉េមី ដែលខាងតុលាការនឹងជម្រាបអង្គសន្និសីទកៀរគរជំនួយនៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុងញីវយ៉ក អំពីការងាររបស់ដំណើរការរបស់សាលាក្ដីកន្លងមក។
សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ទើបតែបានធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់លើសំណុំរឿងលេខ០០២ វគ្គ១ ដែលមានជនជាប់ចោទជាអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺ នួន ជា និង ខៀវ សំផន។ សាលាក្ដីនេះរំពឹងថា នឹងអាចចេញសាលក្រមលើសំណុំរឿងនេះនៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០១៤ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ដើមបណ្ដឹងរដ្ឋប្បវេណីមិនពេញចិត្តនឹងសម្ពាធច្បាប់របស់តុលាការខ្មែរក្រហម
- ជនជាប់ចោទ នួន ជា សុំឲ្យតុលាការដោះលែង
- សហព្រះរាជអាជ្ញារក្សាជំហរឲ្យដាក់ទោស នួន ជា និងខៀវ សំផន អស់មួយជីវិត
- មេធាវីអះអាងថាជនជាប់ចោទ ខៀវ សំផន ជាមនុស្សស្អាតស្អំ
- មេធាវីការពារក្ដីជនជាប់ចោទ នួន ជា អះអាងពីការសម្លាប់អ្នករដ្ឋការនៅពោធិ៍សាត់
- សហព្រះរាជអាជ្ញាស្នើឲ្យតុលាការដាក់ទោស នួន ជា និង ខៀវ សំផន មួយជីវិត
- សវនាការការពិភាក្សាបិទបញ្ចប់លើសំណុំរឿងលេខ ០០២ វគ្គ ១
- សាលាក្ដីខ្មែរក្រហមគ្រោងបញ្ចប់សំណុំរឿងលេខ០០២វគ្គ១ត្រឹមថ្ងៃ៣១តុលា
- សាលាក្ដីខ្មែរក្រហមនឹងបន្តសវនាការនៅថ្ងៃទី១៦ តុលា
