Friday, 08 November 2013
Bennett Murray
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ស្ថិតក្នុងវ័យ៤២ឆ្នាំ អ្នកស្រីម៉ុម រីន រស់នៅក្នុងតំបន់ជាយក្រុងមួយគឺភូមិត្រពាំងអញ្ចាញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានអង្គុយចាក់វត្ថអនុស្សាវរីយ៍ធ្វើពីអំបោះយ៉ាងផ្ចិតផ្ចង់។ រូបសត្វដែលអ្នកស្រីបានចាក់នោះមានរូបរាងជាសត្វកណ្តុរពណ៌ក្រហម។ ចំពោះការងារសិប្បកម្មប្រភេទនេះគេឃើញមានប្រជាជនប្រមាណ៦០ គ្រួសារឯណោះក្នុងភូមិខាងលើបានចាប់យកជំនាញនេះធ្វើជារបររកស៊ីចិញ្ចឹមជីវិតតាំងពីឆ្នាំ២០១២មក។
បច្ចុប្បន្ន អ្នកស្រី ម៉ុម រីន និងមិត្តភក្តិក្នុងភូមិចំនួន២៤រូបទៀតដែលទើបតែបានរៀនចប់វគ្គ បណ្តុះបណ្តាលជំនាញចាក់រូប ឬវត្ថុអនុស្សាវរីយ៍ពីអំបោះពីអង្គការក្រៅរដ្ឋាភិបាល Cambodia Knits កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានឲ្យដឹងទាំងសង្ឃឹមថា របស់ទាំងនេះអាចនាំចេញទៅលក់នៅក្រៅប្រទេសខ្មែរបានតាមរយៈអង្គការCambodia Knits បាន។ ចំពោះតម្លៃរបស់វត្ថុនោះមានចាប់ពីមួយ១៥០០រៀលដល់៧០០០រៀលគឺវាអាស្រ័យទៅតាមទំហំរបស់វា។
អ្នកស្រី រីន ថា៖ «ខ្ញុំត្រូវតែធ្វើឲ្យបានរហ័សបំផុតជាមួយនឹងការងារចាក់រូប សត្វពីអំបោះនេះ។ ប្រសិនបើមិនបានចាក់វាទេ នាងខ្ញុំមិនមានលុយកាក់ចាយឡើយ»។
អ្នកស្រី ម៉ូនីកា ណូវ៉ាហ្ស៊ីក ស្ថានិក អង្គការ Cambodia Knits បាននិយាយថា គាត់នឹងបន្ថែមការងារសិប្បកម្មចាក់វត្ថុអនុស្សាវរីយ៍ពីអំបោះនេះដល់ប្រជាជននៅសហគមន៍ភូមិត្រពាំងអញ្ចាញដែលអតីតជាអ្នកភូមិនៅស្ថានីយរថភ្លើងនោះឲ្យបានច្រើនជាងមុន។ កាលពីមុន អង្គការ Cambodia Knits បានបង្ហាត់បង្រៀនជំនាញចាក់អំបោះនេះនៅភូមិទួលសម្បូរ ខណៈពួកគេជាអ្នកភូមិរើពីបុរីកីឡាតាំងពីឆ្នាំ២០០៩មកនោះ។
អ្នកស្រីស្ថានិកអង្គការបន្តថា៖ «យើងបានបង្រៀនពួកគាត់ឲ្យចេះចាក់អំបោះនេះយ៉ាងស្ទាត់ជំនាញប្រកបដោយគុណភាពដែលអាចលក់នៅលើទីផ្សារ ក្នុងស្រុក និងក្រៅស្រុកដើម្បីបន្ថែមប្រាក់ចំណូល។ វាជាផលិតផលដែលស្តាប់មើលទៅដូចជាមានប្រជាប្រិយភាពណាស់»។
ចំពោះការបណ្តុះបណ្តាលវគ្គជំនាញចាក់អំបោះនេះត្រូវបានឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងអង្គការអូសេដ(AusAID)ខណៈអង្គការ Cambodia Knits ជាអ្នកផ្តល់ជូននូវសម្ភារអំបោះ។ តាមរយៈជំនាញនេះដែរ ក្រុមសហគមន៍ភូមិត្រពាំងអញ្ចាញក៏ទទួលបានប្រាក់ពីយុទ្ធនាការ Kickstarter ដើម្បីបង្កើតគម្រោងផលិតវត្ថុអនុស្សាវរីយ៍ពីអំបោះចាក់នេះផងដែរ។ អ្នកស្រីស្ថានិកអង្គការបាននិយាយថា យើងមានការបញ្ជាទិញមុនពីក្រុមអ្នកលក់រាយនៅប្រទេសអូស្រ្តាលី និងបណ្តាដៃគូអន្តរជាតិដទៃទៀតមានប្រទេស កាណាដា ហូឡង់ ជប៉ុន និងអង់គ្លេស។
អង្គការ Cambodia Knits ពេលនេះកំពុងតែស្វះស្វែងរកកញ្ចប់ថវិកាសម្រាប់បង្កើតគម្រោងសហគមន៍ភូមិត្រពាំងអញ្ចាញឲ្យមមាញឹកតែម្តង ខណៈអង្គការក៏ធ្លាប់ព្យាយាមជួយបង្កើតនូវគម្រោងនេះដែរពីមុន ដើម្បីជួយប្រជាជនដោយមានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងអង្គការអូសេដ(AusAID)ជាអ្នកជួយឧបត្ថម្ភដូចជាកម្មវិធីដាំដុះផ្សិត កម្មវិធីណែនាំនូវបច្ចេកទេសចិញ្ចឹមសត្វ និងការបណ្តុះបណ្តាលយន្តការីជាដើម។
លោក អៀង វុទ្ធី ស្ថាបនិកអង្គការក្រៅរដ្ឋាភិបាលសមភាពខ្មែរ (NGO Equity Cambodia) បាននិយាយថា សេដ្ឋកិច្ចរបស់ប្រជាជនទាំងអស់នោះគឺអាស្រ័យលើសេដ្ឋកិច្ចក្រុងដែរ។
លោក អៀង វុទ្ធីបន្តថា៖ «ទីនោះគ្មានទីផ្សារ ហើយគ្មានកញ្ចប់ថវិកាសម្រាប់ឲ្យពួកគាត់ចាក់សាំងទេ ព្រោះតម្លៃសាំងថ្លៃណាស់ ដូច្នេះពួកគាត់នឹងមិនទទួលបានប្រាក់ ចំណេញឡើយ។ ចំណែកកន្លែងចិញ្ចឹមសត្វវិញក៏ពិបាកដែរដោយសារគ្មានទំហំដីគ្រប់គ្រាន់សម្រាប់បង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬបណ្តុះផ្សិតនោះឡើយ»។
កញ្ញា មឿន ភា ជាសិស្សវ័យ២២ឆ្នាំដែលមានជំនាញចាក់អំបោះនៅភូមិត្រពាំងអញ្ជាញ នោះដែរបាននិយាយថាការរៀនជំនាញចាក់អំបោះនេះមានលក្ខណៈលំបាក តែខណៈនាងបានរៀនចំនួនពីរថ្ងៃមកនោះ នាងថា ខ្លួននាងអាចចេះចាក់រូបសត្វជ្រូកបានចំនួន១៥ខណៈដែលរូបមួយមាន តម្លៃប្រមាណ២០០០រៀល។
ក្មេងស្រីរូបនេះ បានបន្តថា៖ «វាមានលក្ខណៈពិបាកបន្តិចនាពេលដំបូងតែឥឡូវខ្ញុំបាន រៀនវាចេះហើយ។ យើងគ្រាន់តែធ្វើតាមមេរៀនដែលគេបង្ហាត់ទៅចេះហើយ»៕PR