ចម្លាក់​ឈើ​នៅ​ព្រែក កាំពី ចំណី​អារម្មណ៍​បន្ថែម​ការ​ទាក់​ទាញ​ទេសចរ

Friday, 08 November 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

131108_20b

ប្រជាជន​នៅ​ក្នុង​សហ​គមន៍​នាំ​គ្នា​ធ្វើ​ចម្លាក់​ឈើ​ដើម្បី​ដាក់​លក់​​នៅ​នឹង​កន្លែង និង​សម្រាប់​នាំចេញ​ទៅ​កន្លែង​ផ្សេង​ៗ​​។ រូបថត ស៊ូ វុទ្ធី

ក្រចេះ: ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទី​ដ៏​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ គឺ​អន្លង់​ផ្សោត និង​រមណីយដ្ឋាន​ព្រែក កាំពី នោះ គេ​បាន​ឃើញ​នៅ​អម​សង​ខាង​ផ្លូវ​នៃ​ដង​ទន្លេ​មេគង្គ​លើ​កំណាត់​ផ្លូវ​ជាង ១០ គីឡូម៉ែត្រ ជាមួយ​នឹង​សកម្មភាព​លក់​ក្រឡាន​ដ៏​ទាក់​ទាញ និង​មាន​ឱជារស។ លុះ​ធ្វើ​ដំណើរ​ចូល​ដល់​ភូមិ សម្បុក ដែល​ជា​ភូមិសាស្រ្ត​នៃ​ជម្រក​សត្វ​ផ្សោត​រស់​នៅ​នោះ គេ​នឹង​បាន​ឃើញ​សកម្មភាព​ដ៏​សកម្ម​របស់​ប្រជា​សហគមន៍ ប្រកប​របរ​ចម្លាក់ ដែល​នោះ​ជា​ចំណី​អារម្មណ៍​ដ៏​ទាក់​ទាញ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ។

មិន​ថា​រដូវ​ប្រាំង ឬ​វស្សា​ឡើយ គ្មាន​គ្រួសារ​នៅ​ម្តុំ​រមណីយដ្ឋាន អន្លង់​ផ្សោត និង​ព្រែក កាំពី ណា​ម្នាក់​ទំនេរ​ដៃ​ពី​ការ​កែច្នៃ​ឈើ មក​ជា​វត្ថុ​អនុស្សាវរីយ៍ និង​រូប​សត្វ​ផ្សេងៗ ពិសេស​គឺ​សត្វ​ផ្សោត​ដ៏​កម្រ និង​មាន​សក្តានុពល​ទាក់​ទាញ​ភ្ញៀវ​នៅ​តំបន់​ភាគ​ឦសាន​នោះ​ឡើយ។ របរ​ដ៏ មមាញឹក​របស់​ប្រជា​សហគមន៍​នៅ​តំបន់​ដ៏​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​នៅ​ភាគ​ឦសាន​មួយ​នេះ ទើប​តែ​ផុស​ផុល​ឡើង​នៅ​ជាង ១០ឆ្នាំ មុន​នេះ​ទេ ខណៈ​ប្រជា​សហគមន៍​ដ៏​មាន​ទឹក​ដៃ​ទាំង​នេះ មុន​នោះ​ចេះ​ត្រឹម​តែ​ប្រកប​របរ​នេសាទ និង​បរ​បាញ់ ជា​របរ​ដែល​ត្រូវ​រដ្ឋ​ហាម​ឃាត់​នោះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ របរ​ថ្មី​របស់​ប្រជា​សហគមន៍​នោះ​ក៏​នៅ​មិន​អាច​ចៀស​ផុត​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ទាំង​ស្រុង​នោះ​ដែរ ខណៈ​វត្ថុ​ធាតុ​ដើម​ទាំង​ស្រុង មិន​អាច​ខ្វះ​បាន​ពី​ឈើ​ព្រៃ។ លោក ទុយ សុវណ្ណា ប្រធាន​សហគមន៍ ព្រែក កាំពី បាន​និយាយ​ថា៖ «នៅ​អន្លង់​ផ្សោត និង​រមណីយដ្ឋាន​ព្រែក កាំពី នេះ នៅ​រយៈ​ចុង​ក្រោយ​ជាង ១០ឆ្នាំ នេះ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ស្ទើរ​គ្រប់​រដូវ​កាល​មិន​មាន​ភាព​ថយ​ចុះ​ឡើយ ភ្ញៀវ​មក​ទស្សនា​មិន​ដែល​ដាច់​ទេ»។

ប្រធាន​សហគមន៍​ក៏​បាន​បង្ហាញ​ពី​កត្តា​ដែល​នាំ​ឲ្យ​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ​ទទួល​បាន​ភ្ញៀវ​ចូល​មក​ទស្សនា​កាន់​តែ​ច្រើន​ផង​ដែរ ដោយ​លោក​លើក​ឡើង​ថា៖ «មាន​កត្តា​ច្រើន​ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ជាតិ​សាសន៍ នាំ​គ្នា​មក​លេង​កម្សាន្ត​នៅ​អន្លង់​ផ្សោត និង​រមណីយដ្ឋាន​ព្រែក កាំពី នេះ​។ ក្រៅ​ពី​ការ​ទស្សនា​សត្វ​ផ្សោត​ទឹក​សាប សិក្សា​ពី​ប្រវត្តិសាស្រ្ត​នៅ​តំបន់​ជុំវិញ​នេះ ការ​ទទួល​ទាន​អាហារ​ជុំ​គ្នា ហើយ​អ្វី​ដែល​ទាក់​ទាញ​ផង​ដែរ​នោះ គឺ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ជា​ស្នាដៃ​ចម្លាក់​របស់​អ្នក​ស្រុក​ដែល កែច្នៃ​ចេញ​ពី​ឈើ​ធម្មជាតិ​ពិតៗ»។


ដៃ​ចង្អុល​បង្ហាញ​វត្ថុ អនុស្សាវរីយ៍ ដែល​ជា​ផលិតផល លេច​ចេញ​ពី​ស្នាដៃ​ប៉ិន​ប្រសប់​របស់​ប្រជា​សហគមន៍​ដែល​បាន​ដាក់​តាំង​លក់ នៅ​មុខ​អន្លង់​ផ្សោត​នោះ លោក ប្រធាន​សហគមន៍ ទុយ សុវណ្ណា ក៏​បាន​បញ្ជាក់​ទៀត​ថា៖ «មិន​មែន​ភ្ញៀវ​ដែល​មក​ទី​នេះ​ទាំង​អស់​ចង់​ទស្សនា​សត្វ​ផ្សោត​នោះ​ទេ មាន​ភ្ញៀវ​ជាច្រើន​គាត់​មក​ទី​នេះ ទិញ​តែ​របស់​របរ ដែល​ជា​វត្ថុ​អនុស្សាវរីយ៍ ហើយ​គាត់​ទៅ​វិញ​ក៏​មាន​ដែរ ដែល​ពេល​នោះ​ខ្ញុំ​ក៏​ធ្លាប់​បាន​សួរ​ភ្ញៀវ​ទាំង​នោះ​ដែរ​ថា ម៉េច​មក​ដល់​ទី​នេះ​ហើយ​មិន​ចុះ​ទៅ​មើល​ផ្សោត ពួក​គេ​និយាយ​ថា គេ​ធ្លាប់​បាន​ទៅ​មើល​ហើយ នៅ​តែ​របស់​របរ​ទី​នេះ ខ្ញុំ​មិន​បាន​ទិញ​ច្រើន ហើយ​របស់​នៅ​ទី​នេះ​ខ្ញុំ​ត្រូវ​ទិញ​យក​ទៅ​ដាក់​តាំង​នៅ​ផ្ទះ​ដោយ​ខាន​មិន​បាន»។

អះអាង​ពី​មោទនភាព​នេះ លោក ទុយ សុវណ្ណា ក៏​បាន​លើក​ឡើង​បន្ថែម​ថា៖ «កាល​ពី​ជាង ១០ឆ្នាំ មុន ប្រជា​សហគមន៍​នៅ​តំបន់​អន្លង់​ផ្សោត​នេះ ស្ទើរ​តែ ១០០ ភាគរយ បាន​ប្រកប​របរ​នេសាទ​ផល​មច្ឆា​ក្នុង​ទន្លេ។ ពេល​នោះ​ដែរ ភ្ញៀវ​ទេសចរ​ក៏​មិន​សូវ​ជា​ចាប់​អារម្មណ៍​តំបន់​នេះ​ប៉ុន្មាន​ដែរ ព្រោះ​មក​ទីនេះ ក្រៅ​ពី​ទស្សនា​សត្វ​ផ្សោត ភ្ញៀវ​មិន​អាច​ទិញ​របស់​វត្ថុ​អនុស្សាវរីយ៍​កំដរ​ដៃ​យក​ទៅ​តាំង​នៅ​ផ្ទះ​បាន​។ ប៉ុន្តែ​ក្រោយ​ពី​ឆ្នាំ ១៩៩៨ បន្ទាប់​ពី​សហគមន៍​បាន​ណែនាំ​ឲ្យ​ប្រជាជន​ឲ្យ​ឈប់​ធ្វើ​របរ​នេសាទ និង​មក​ធ្វើ​របរ​ចម្លាក់​នេះ ពេល​នេះ​ភ្ញៀវ​ហាក់​មាន​កំណើន​ច្រើន​បន្តិច​ម្តងៗ រហូត​មាន​ការ​កើន​ឡើង​រហូត»។

ជាមួយ​ការ​ងាក​មក​ចាប់​យក​របរ​ចម្លាក់ ជា​របរ​ស្នូល​ប្រចាំ​គ្រួសារ​របស់​ប្រជា​សហគមន៍ នៅ​តំបន់​អន្លង់​ផ្សោត​នេះ ក៏​បាន​កែប្រែ​ជីវភាព​ពួកគេ​ពី​ផ្ទះ​ស្បូវ មក​ជា​ផ្ទះ​ក្បឿង​មាន​ពីរ​បី​ខ្នង​ក៏​មាន​ដែរ។ ទាក់​ទិន​នឹង​ភាព​រីក​ចម្រើន​នៃ​ជីវភាព​នេះ លោក​ប្រធាន​សហគមន៍ បាន​ឲ្យ​ដឹង​ថា៖ «នៅ ១០ឆ្នាំ ចុង​ក្រោយ នេះ​ខណៈ​ដែល​ប្រជាជន​នៅ​ទី​នេះ ងាក​មក​ធ្វើ​របរ​ចម្លាក់​គ្រប់​ប្រភេទ ឃើញ​ថា​ជីវភាព​របស់​ពួក​គាត់​មាន​ការ​ផ្លាស់​ប្តូរ​លឿន រហូត​អ្នក​ខ្លះ​មិន​ត្រឹម​តែ​អាច​សង់​ដល់​ផ្ទះ​ក្បឿង​ពីរ​បី​ខ្នង​ទេ តែ​ខ្លះ​មាន​ទាំង​ឡាន​ផង​ដែរ»។

ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា៖ «សម្រាប់​របស់​របរ​ចម្លាក់​ដែល​ចេញ​ពី​ស្នាដៃ​ប្រជា​សហគមន៍​នៅ​ទី​នេះ ក៏​មិន​អាច​រំពឹង​តែ​ទីផ្សារ​នៅ​នឹង​កន្លែង​នេះ​តែ​មួយ​ដែរ។ រាល់​ការ​ច្នៃ​ប្រឌិត​ត្រូវ​នាំ​ចេញ​ទៅ​ទីផ្សារ ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដែរ ដូចជា សៀមរាប តាកែវ កោះកុង ទៅ​តាម​ម៉ូយៗ​របស់​គេ​ដែល​ធ្លាប់​យក​ទៅ​លក់»៕



What Next?

Recent Articles