ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) លោក Jan Eliasson កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អំពាវនាវឲ្យសហគមន៍អន្តរជាតិ ផ្តល់មូលនិធិដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(ECCC) ឬសាលាក្តីខ្មែរក្រហម ដើម្បីបន្តការងាររបស់ខ្លួននៅឆ្នាំ២០១៤ ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម។
សេចក្តីប្រកាសព័ត៌មានរបស់ UN ឲ្យដឹងថា សេចក្តីអំពាវនាវរបស់លោក Jan Eliasson ធ្វើទ្បើង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ស្តីពីសាលាក្តីខ្មែរក្រហមដែលទទួលការគាំទ្រពី UN។
សេចក្តីប្រកាសព័ត៌មាន បន្តថា លោក Jan Eliasson ក៏ស្វាគមន៍រដ្ឋាភិបាលកម្ពុជាដែលបានបញ្ចេញសាច់ប្រាក់ ១លាន៨សែនដុល្លារអាមេរិក ដែលជាមូលនិធិសង្គ្រោះបន្ទាន់ដល់ភាគីជាតិនៃសាលាក្តីខ្មែរក្រហម។ ប៉ុន្តែ លោកបន្តថា មូលនិធិបន្ថែមសម្រាប់ឆ្នាំក្រោយគួរតែត្រូវមាន។
កន្លងមក បុគ្គលិកភាគីជាតិនៃសាលាក្តីបានធ្វើកូដកម្ម ពីព្រោះការបើកប្រាប់បៀវត្សរ៍របស់ពួកគេមានភាពយឺតយ៉ាវ ដោយសារកង្វះថវិកា។
លោក Jan Eliasson ដែលព្រួយបារម្ភផងដែរពីកង្វះមូលនិធិខាងភាគីអន្តរជាតិនៃ ECCC អំពាវនាវឲ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់បន្តការសន្យា និងកិច្ចសហការរបស់ខ្លួនជាមួយសាលាក្តីនេះ ដែលកំពុងដំណើរការរកយុត្តិធម៌ជូនជនរងគ្រោះ។
សេចក្តីអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ UN ធ្វើទ្បើងមួយសប្តាហ៍ក្រោយពីអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបញ្ចប់សេចក្តីសន្និដ្ឋានសួរដេញដោលលើសំណុំរឿង០០២/០១។ សាលាក្តីនេះរំពឹងចេញសាលក្រមលើសំណុំរឿងនេះនៅពាក់កណ្តាលឆ្នាំក្រោយ ដែលមានជនជាប់ចោទ អតីតប្រធានរដ្ឋសភា លោក នួន ជា និងអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន៕
សូមសរសេរមកកាន់ លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com
