តំណាងអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យប្រទេសផ្ដល់ជំនួយទាំងអស់រក្សាពាក្យសន្យារបស់ខ្លួន ដែលបានសន្យាផ្ដល់ជំនួយដល់សាលាក្ដីខ្មែរក្រហមនោះ សូមកុំសន្យាតែមាត់ ហើយមិនផ្ដល់ប្រាក់។
ដោយ វោហារ ជាតិ
2013-11-08
RFA

១-សីហា-២០១១ ៖ មន្ត្រីតុលាការនៃសាលាក្ដីខ្មែរក្រហម ក្នុងកិច្ចប្រជុំពេញអង្គលើកទី ១០។ RFA/Sok Serey
ការអំពាវនាវនេះធ្វើឡើងស្របពេលដែលដំណើរការនៃការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម មានដំណើរការយឺតៗ ហើយមេដឹកនាំខ្មែរក្រហមកាន់តែចាស់ ថែមទាំងសាលាក្ដីប្រឈមបញ្ហាកង្វះថវិកាដំណើរការក្ដីឲ្យបានចប់ និងបានឆាប់រហ័ស ដើម្បីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះជិត ២លាននាក់ ដែលស្លាប់ក្នុងរបប ប៉ុល ពត កាន់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
អង្គការសហប្រជាជាតិ បានធ្វើសន្និសីទមួយ ដើម្បីកៀរគរជំនួយនៅទីក្រុងញីវយ៉ក (New York) សហរដ្ឋអាមេរិក ថ្ងៃទី៧ វិច្ឆិកា ហើយបានជំរុញឲ្យប្រទេសផ្ដល់ជំនួយទាំងអស់ ពិនិត្យមើលការសន្យារបស់ខ្លួនក្នុងការផ្ដល់ជំនួយ។
គេហទំព័រអង្គការសហប្រជាជាតិ បានចុះផ្សាយនៅថ្ងៃទី៧ វិច្ឆិកា ថា នៅក្នុងសន្និសីទជាមួយប្រទេសផ្ដល់ជំនួយនោះ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លោក ជេន អ៊ីលៀសុន (Jan Eliasson) បានជំរុញឲ្យប្រទេសទាំងអស់ត្រូវផ្ដល់ជំនួយថវិកាដល់សាលាក្ដីខ្មែរក្រហម ឲ្យបានដូចពាក្យដែលខ្លួនបានសន្យាកន្លងមក ដោយកុំចេះតែសន្យាតែមាត់ទទេ ហើយមិនផ្ដល់ប្រាក់។
ប្រសាសន៍របស់អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លោក ជេន អ៊ីលៀសុន ថ្លែងក្នុងសន្និសីទនោះ ត្រូវបានដកស្រង់ដោយប្រើពាក្យធ្ងន់ៗដូច្នេះថា៖ «យើងទាំងអស់គ្នាបានព្រមព្រៀងគ្នាថា មិនឲ្យមានរឿងនិទ្ទណ្ឌភាពនៃបទឧក្រិដ្ឋណាមួយបានទេ គឺវានាំឲ្យខូចរបៀបរបបសង្គមមនុស្សជាតិរបស់យើងបាន។ ប៉ុន្តែ យើងត្រូវធ្វើអ្វីឲ្យលើសពីការព្រមព្រៀងគ្នានេះឲ្យលើសពីអ្វីដែលយើងបាននិយាយចេញពីមាត់ទៅទៀត។ យើងត្រូវធ្វើអ្វីដែលយើងបាននិយាយ ពាក្យសម្ដីមិនអាចចាយបានទេ ប្រសិនបើយើងមិនចាយប្រាក់…»។
លោកអគ្គលេខាធិការរងបញ្ជាក់ថា គ្មានស្ថាប័នយុត្តិធម៌ណាមួយមានបញ្ហាថវិកាដូច្នេះទេ ហើយកង្វះថវិកានេះ ធ្វើឲ្យប៉ះពាល់ដំណើរការយុត្តិធម៌នៃសាលាក្ដី ដែលអាចប៉ះពាល់ដល់អារម្មណ៍ជនរងគ្រោះខ្មែររាប់លាននាក់ ដែលបានទន្ទឹងរង់ចាំលទ្ធផលកាត់ក្ដី ដើម្បីរកយុត្តិធម៌នេះយូរឆ្នាំណាស់មកហើយ។
ប្រសាសន៍របស់ លោក ជេន អ៊ីលៀសុន ត្រូវបានគេស្រង់បន្តទៀតថា៖ «អគ្គលេខា និងរូបខ្ញុំ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះគម្រោងដ៏សំខាន់ជាសកលមួយនេះ ដែលប្រឈមហានិភ័យនៃភាពបរាជ័យ ចំពោះតម្រូវការថវិកាដ៏ចាំបាច់ដូច្នេះ។ រឿងស្លាប់រស់អ៊ីចឹង វាពិតជាគួរឲ្យអាម៉ាស់ណាស់ដែលបញ្ហានេះមិនធ្លាប់មានពីមុនមកទាល់តែសោះនៅក្នុងស្ថាប័នយុត្តិធម៌អន្តរជាតិ ដែលវាអាចធ្វើឲ្យបាត់បង់តម្លៃ និងសីលធម៌របស់យើង»។
លោកបានអំពាវនាវដល់ប្រទេសផ្ដល់ជំនួយទាំងអស់ ពិនិត្យសើរើការប្ដេជ្ញាចិត្តឡើងវិញ ហើយលះបង់ និងសហការផ្ដល់ជំនួយដល់សាលាក្ដីខ្មែរក្រហមជានិរន្តបន្តទៅទៀត។ កន្លងមក សាលាក្ដីខ្មែរក្រហម បានចំណាយប្រាក់ជិត ៩០លានដុល្លារ ក្នុងដំណើរការក្ដីរយៈពេលពីរឆ្នាំ គឺឆ្នាំ២០១២ និងឆ្នាំ២០១៣។ សព្វថ្ងៃ សាលាក្ដីខ្មែរក្រហមកំពុងកាត់ក្ដីអតីតមេដឹកនាំខ្មែរក្រហមពីរនាក់ ដែលជរាណាស់ទៅហើយ គឺលោក នួន ជា អាយុ ៨៧ឆ្នាំ និង ខៀវ សំផន អាយុ ៨២ឆ្នាំ ចំពោះការទទួលខុសត្រូវមនុស្សស្លាប់ជិត ២លាននាក់ ក្នុងរបបខ្មែរក្រហមកាន់អំណាច។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម គឺជាតុលាការកូនកាត់ បង្កើតឡើងកាលពីឆ្នាំ២០០៦ មានមន្ត្រីខ្មែរ និងបរទេសធ្វើការរួមគ្នានោះ តែងខ្វះថវិកាជាញឹកញាប់ ហើយបុគ្គលិកខ្មែរតែងបានធ្វើបាតុកម្មជាញឹកញាប់ដែរ ព្រោះសាលាក្ដីគ្មានលុយបើកប្រាក់ខែឲ្យ។
ទាក់ទងសន្និសីទនេះ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់ថា លោកមិនបានដឹងលទ្ធផលនៅឡើយទេមកទល់ថ្ងៃទី៨ វិច្ឆិកា។ លោក នេត្រ ភក្ដ្រា បន្តថា ភាគីកម្ពុជា ក៏បានចូលរួមសន្និសីទនោះដែរ ហើយបានសន្យាថានឹងផ្ដល់ប្រាក់ជំនួយ ១លាន ៨សែនដុល្លារ ដល់សាលាក្ដីខ្មែរក្រហម សម្រាប់ឆ្នាំ២០១៤៖ «ចូលរួមក្នុងសន្និសីទនេះ ប្រទេសមួយចំនួនធ្វើការសន្យាដោយផ្ទាល់ផ្ដល់ថវិកាមកដល់តុលាការតែម្ដង។ ហើយប្រទេសមួយចំនួន ពួកគាត់ដកឃ្លាមកពិភាក្សាជាមួយរដ្ឋាភិបាលរបស់គេសិន មុននឹងប្រកាសផ្ដល់វិភាគទានដល់សាលាក្ដីខ្មែរក្រហម»។
ប្រទេសដែលសន្យាផ្ដល់ប្រាក់ជំនួយដល់សាលាក្ដីខ្មែរក្រហម គឺជាប្រទេសអ្នកមានលើពិភពលោក មានដូចជា សហគមន៍អឺរ៉ុប (EU) សហរដ្ឋអាមេរិក (US) អង់គ្លេស (England) អាល្លឺម៉ង់ (Germany) ជប៉ុន (Japan) ជាដើម។ ដោយឡែក ប្រទេសកម្ពុជា ក៏ជាសមាជិកនៃប្រទេសផ្ដល់ជំនួយដែរ ដោយបានសន្យាផ្ដល់ប្រាក់ ១លាន ៨សែនដុល្លារជារៀងរាល់ឆ្នាំ ដល់សាលាក្ដីខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមស្វែងរកថវិកាសម្រាប់ឆ្នាំ២០១៤-២០១៥
- ដើមបណ្ដឹងរដ្ឋប្បវេណីមិនពេញចិត្តនឹងសម្ពាធច្បាប់របស់តុលាការខ្មែរក្រហម
- ជនជាប់ចោទ នួន ជា សុំឲ្យតុលាការដោះលែង
- សហព្រះរាជអាជ្ញារក្សាជំហរឲ្យដាក់ទោស នួន ជា និងខៀវ សំផន អស់មួយជីវិត
- មេធាវីអះអាងថាជនជាប់ចោទ ខៀវ សំផន ជាមនុស្សស្អាតស្អំ
- មេធាវីការពារក្ដីជនជាប់ចោទ នួន ជា អះអាងពីការសម្លាប់អ្នករដ្ឋការនៅពោធិ៍សាត់
- សហព្រះរាជអាជ្ញាស្នើឲ្យតុលាការដាក់ទោស នួន ជា និង ខៀវ សំផន មួយជីវិត
- សវនាការការពិភាក្សាបិទបញ្ចប់លើសំណុំរឿងលេខ ០០២ វគ្គ ១
- សាលាក្ដីខ្មែរក្រហមគ្រោងបញ្ចប់សំណុំរឿងលេខ០០២វគ្គ១ត្រឹមថ្ងៃ៣១តុលា
What for ? Please keep money for poor people better spent for unfair justice .