គង់ សុឋានរិទ្ធ
08 វិច្ឆិកា 2013
វីអូអេខ្មែរ

ស្ត្រីម្នាក់ចងអង្រឹងឲ្យទាកនៅក្នុងហាងដែលត្រូវទឹកជំនន់លិច នៅក្នុងខេត្តកណ្តាលកាលពីថ្ងៃទី០១ តុលា ២០១៣។
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់ស្ថាប័នហិរញ្ញវត្ថុនានានៅក្នុងប្រទេស នៅថ្ងៃសុក្រនេះឲ្យផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងក្នុងផ្នែកផ្តល់កម្ចី និងទាំងផ្នែកទារសំណង។
ជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងនៅក្នុងខេត្តចំនួន២០ក្នុងប្រទេសកម្ពុជាបានបង្កឲ្យប្រជាពលរដ្ឋស្លាប់យ៉ាងតិច១៦៨នាក់និងប្រជាជនជាងមួយលាននាក់ទទួលផលប៉ះពាល់។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា ការខូចខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្ទះសម្បែង និងស្រែចម្ការប្រមាណជាង៥០លានដុល្លារអាមេរិក។
នៅក្នុងសេចក្តីអំពាវនាវមួយទៅកាន់ស្ថាប័នធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងប្រតិបត្តិករហិរញ្ញវត្ថុ លោក ហ៊ុន សែន បានស្នើសុំឲ្យស្ថាប័នហិរញ្ញវត្ថុទាំងនេះកុំឲ្យកៀបសង្កត់ និងរឹបអូសផ្ទះសម្បែង ឬដីធ្លីប្រជាជនកូនបំណុលដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យស្ថាប័នទាំងនោះពិនិត្យលទ្ធភាពពន្យារការសងបំណុល បើទោះបីដល់ពេលកំណត់ត្រូវសងក្តី ដោយចៀសវាងការផាកពិន័យ ឬមិនយកការប្រាក់ ឬយកការប្រាក់ទាប។
មួយវិញទៀត លោក ហ៊ុន សែន បានស្នើឲ្យបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងប្រតិបត្តិករហិរញ្ញវត្ថុពិនិត្យលទ្ធភាពផ្តល់កម្ចីបន្ថែមដោយយកការប្រាក់ទាបដើម្បីអនុញ្ញាតឲ្យជនរងគ្រោះដោយសារទឹកជំនន់មានលទ្ធភាពស្តារជីវភាពឡើងវិញបាន។
លោក ញឹម វណ្ណដា អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ជីវភាពជនរងគ្រោះប៉ុន្តែពួកគេទាំងអស់មិនមែនសុទ្ធតែជាកូនបំណុលស្ថាប័នហិរញ្ញវត្ថុនោះទេ។
«តាមអនុសាសាន៍របស់សម្តេចនៅប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកមិញត្រឹមត្រូវហើយ។ ប្រជាជនខ្ចីបុលពីធនាគារផ្សេងៗពិតជាយកទៅបង្កបង្កើនផលមានការខាតមែន ដោយសារវាខូចអស់។ ប៉ុន្តែមិនមែនជនរងគ្រោះជាងមួយលាននាក់សុទ្ធតែជាអ្នកជំពាក់ធនាគារនោះទេ»។
សូមបញ្ជាក់ថា សេចក្តីអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលលើបណ្តាស្ថាប័នមីក្រូហិរញ្ញវត្ថុធ្វើឡើងមួយថ្ងៃក្រោយពីលោកស្រីមូរ សុខហ៊ួរ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ បានអំពាវនាវដូចគ្នាទៅកាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុឲ្យធ្វើការបន្ធូរបន្ថយដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់។
លោកស្រី មូរ សុខហ៊ួរ ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍សុំឲ្យស្ថាប័នទាំងនោះផ្អាកការទារបំណុលពីពលរដ្ឋរងគ្រោះដោយសារទឹកជំនន់យ៉ាងហោចណាស់ក្នុងរយៈពេលប្រាំមួយខែតទៅទៀត។
«សុំឲ្យផ្អាកក្នុងរយៈពេលប្រាំមួយខែនេះក្នុងការទារបំណុលពីប្រជាពលរដ្ឋ។ សុំបញ្ចុះការប្រាក់មិនឲ្យលើសពី១ភាគរយក្នុងរយៈពេល១២ខែទៅមុខ។ សុំកុំឲ្យមានការរឹបអូសដី ផ្ទះសម្បែងប្រជាពលរដ្ឋដែលជំពាក់បំណុលឥណទាន»។
ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា១៤លាននាក់មានប្រជាពលរដ្ឋជិត១,៥នាក់តំណាងឲ្យ១,៥លានគ្រួសារកំពុងប្រើប្រាស់ឥណទានពីគ្រឹះសា្ថនហិរញ្ញវត្ថុដោយមិនរាប់បញ្ចូលអ្នកប្រើប្រាស់ប្រព័ន្ធធនាគារទេ។
លោកប៊ុន មុនី ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា មានប្រសាសន៍ថា គ្រឹះស្ថានហិរញ្ញវត្ថុនឹងគិតគូរបញ្ហានេះដោយប្រយ័ត្នប្រយែងបំផុត។
«ពិតប្រាកដហើយថ្នាក់ដឹកនាំរដ្ឋាភិបាល តំណាងរាស្ត្រ គាត់ព្រួយបារម្ភនិងភ័យខ្លាចការប៉ះពាល់អ្នករងគ្រោះដោយសារទឹកជំនន់ទាំងអស់នោះ។ ខាងយើងក៏មានការព្រួយបារម្ភដូចគ្នា»។
នៅក្នុងសេចក្តីអំពាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខាងលើ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្គាប់ឲ្យលោកគាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមដានលើការអនុវត្តគោលការណ៍នេះ៕
អត្ថបទព័ត៌មានទាក់ទង
- ទឹកជំនន់បង្ខំអាជ្ញាធរជម្លៀសអ្នកទោសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ
- ជនរងគ្រោះទឹកជំនន់ឡើងលើសពី១០០និងខូចខាតរាប់រយលានដុល្លារ
- ទឹកជំនន់ធ្វើឱ្យខ្សត់ខ្សោយដល់វត្តខ្លះនៅរដូវភ្ជុំបិណ្ឌ
- បក្សប្រឆាំងសុំគ.ជ.បពន្យារពេលចុះឈ្មោះអ្នកបោះឆ្នោតថ្មី
- ទឹកជំនន់ប៉ុន្មានថ្ងៃកន្លងមកនេះបានឆក់យកជីវិតមនុស្ស៣០នាក់
- ទឹកជំនន់លិចលង់ខេត្តចំនួន៣ សម្លាប់មនុស្សនិងបំផ្លាញដំណាំធ្ងន់ធ្ងរ

