អ្នក​សារព័ត៌មាន​និង​និស្សិត​ឈ្នះ​ជ័យ​លាភី​រឿង​ប្រែ​ក្លាយ​ខ្លួន​ប្រឆាំង​​​អំពើ​ពុក​រលួយ

Friday, 08 November 2013
ភ្នំពេញប៉ុស្តិ៍

IMG_1411

ម្ចាស់​ជ័យលាភីចំនួនប្រាំរូប ទទួលបានរង្វាន់​ក្នុងកម្មវិធីនេះ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ បេក្ខជន​ជា​អ្នកសាព័ត៌​មាន និង​និស្សិត​ចំនួន​ប្រាំ​រូប​បាន​ទទួល​ជ័យ​លាភី​ពី​កម្ម​វិធី​ប្រកួត​សរសេរ​រឿង​ខ្លីស្តី​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នៃ​សកម្មភាព​ពុក​រលួយ​ដែល​រៀប​ចំ​ដោយ​​អង្គការ​តម្លាភាព​កម្ពុជា ហើយ​ពិធី​ប្រគល់​រង្វាន់​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទី​ស្នាក់​ការ​អង្គការ​ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

ជ័យ​លាភី​លេខ​មួយ​មាន​កុំព្យូទ័រ​យួរ​ដៃ Touchscreen ​មួយ​គ្រឿង​គឺ​បាន​ទៅលើ​លោក​ផាក់ ស៊ាងលី អ្នក​សារព័ត៌​មាន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ​និង​បេក្ខ​ជន​បួន​នាក់​ផ្សេង​ទៀត​ទទួល​បាន​ទូរស័ព្ទ​ដៃ​ម្នាក់​មួយ​គ្រឿង​ដែល​រួម​មាន​លោក បាន សំអាង ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហ​ទំព័រ​ថ្មី ថ្មី ​និស្សិត សៅ ផល​និស្ស័យ ​ និស្សិតត្រែក ​សុខខន ​និង​កញ្ញា ភាព សុផានី​ជា​និស្សិត​ម្នាក់​ផង​ដែរ។

លោក ស៊ុន​ ឡុង នាយក​ប្រតិបត្តិ​ការ​របស់​អង្គការ​តម្លា​ភាព​កម្ពុជា​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ប្រធាន​បទ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់ ឬ​មាន​សារៈសំខាន់​បំផុត​នោះ​គឺជា​ឧបករណ៍​មួយ ដែល​ត្រូវ​បាន​គេ​ប្រើ​ច្រើន​នៅ​លើ​សកល​លោក ដើម្បី​វាស់​វែង​នូវ​គម្រោង​របស់​ស្ថាប័ន​ណា​មួយ​ក្នុង​ការ​បំពេញ​សកម្មភាព​ការងារ ​ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​អ្នក​ទទួល​ផល។

លោក ស៊ុន​ ឡុង បាន​បញ្ជាក់​ថា៖​«ដើម្បី​ធ្វើ​ឲ្យ​គម្រោង​យើង​មាន​ប្រសិទ្ធិ​ភាព អង្គការ​តម្លា​ភាព​បាន​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​រឿង​ខ្លី​ស្តីពី​ការ​ផ្លាស់​ប្តូរ​នៃ​ជីវិត​ ដោយ​ផ្តោត​លើ​ការ​ប្រឆាំង​អំពើ​ពុករលួយ​ជា​សំខាន់»។ លោក​បាន​បន្ថែម​ថា​ កម្មវិធី​នេះ​ជួយ​ធ្វើ​ឲ្យ​អង្គការ​ដឹង​ថា​នឹង​ត្រូវ​ធ្វើ​ការ​កែ​លម្អ​គម្រោង​យ៉ាង​ណា​ទៀត ដើម្បី​ជួយ​ទៅ​ដល់​សហគមន៏​ដែល​ជា​អ្នក​ទទួល​ផល។ លើស​ពី​នោះ​ការ​ប្រកួត​ប្រជែង​នេះ​វា​ក៏​ជា​មេរៀន​ដ៏​សំខាន់​មួយ​ផង​ដែរ​​សម្រាប់​អង្គការ​តម្លាភាព​កម្ពុជា។

ទាក់​ទង​ទៅ​នឹង​ការ​ចូល​រួម​ប្រកួត ​និង​ការ​ជ្រើស​រើស​វិញ ​លោក​ស៊ុន​ ឡុង​បាន​ថ្លែង​ថា បេក្ខជន​ចូល​រួម​ទាំង​អស់​មាន​ ៤៣ ​នាក់​ ដែល​ពួក​គាត់​សុទ្ធ​តែ​ធ្លាប់​ចូល​រួម​សកម្មភាព​ជាមួយ​នឹង​អង្គការ​តម្លាភាព​កម្ពុជា។ គណៈកម្មការ​របស់​អង្គការ​បាន​សំរិត​សម្រាំង​ដោយ​សុក្រិត​បំផុត​តាម​ដំណាក់​កាល​នីមួយៗ គឺ​ចាប់​ ៤៣ បេក្ខជន​ទៅ​២០ ទៅ ៥​នាក់ និង​ចុង​ក្រោយ​សម្រាញ់​យក​តែ​ម្នាក់​ជា​ជ័យលាភី​ធំ។

លោក ស៊ុន​ ឡុង ​បាន​ថ្លែង​ដូច្នេះ​ថា៖« ការ​ជ្រើស​រើស​នេះ​គឺ​ផ្អែក​លើ​ការ​ផ្លាស់​ប្តូរ​ទាក់​ទិន​ទៅ​នឹង​ការ​ចូល​រួម​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ផ្លាស់​ប្តូរ​ចំពោះ​ខ្លួន​គាត់​ផ្ទាល់ ​គ្រួសារ ឬ​អ្នក​នៅ​ជុំវិញ។ ​ពិសេស​គឺ​គាត់​ផ្លាស់​ប្តូរ​យ៉ាង​ម៉េច នៅ​មុន​ពេល​និង​ក្រោយ​ពេល​ដែល ​ចូល​រួម​សកម្មភាព​ជាមួយ​នឹង​អង្គការ​តម្លាភាព»។


ម្ចាស់​ជ័យ​លាភី​ធំ​គឺ​លោក ​ផាក់ ស៊ាងលី ​បាន​ប្រាប់​ថា​រឿង​ខ្លី​ដែល​លោក​បាន​សរសេរ​នៅ​ក្នុង​ការ​ប្រកួត​នោះ​គឺ​បាន​ឆ្លុះ​បញ្ជាំង​ពី​តថភាព​ពិត​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​កម្ពុជា​ទាំង​មូល។ បន្ទាប់​មក​លោក​បាន​បរិយាយ​ពី​សកម្មភាព​របស់​លោក​ផ្ទាល់​ដែល​ចូលរួម​បង្កើត​ឲ្យ​មាន​អំពើ​ពុករលួយ ​ដូចជា​ឲ្យលុយ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ​ពេលយក​លិខិតស្នាម​ផ្សេងៗ​ទៅស៊ីញ៉េ ​ឬបោះត្រា ​និង​ការ​ឲ្យ​លុយ​គ្រូ​ពេល​ប្រលង​ជា​ដើម។

លោក​បាន​និយាយ​ថា៖«តែ​បន្ទាប់​ពី​បាន​ចូល​រួម​ជា​មួយ​នឹង​អង្គការ​តម្លាភាព​មក ខ្ញុំឈប់​ចូល​រួម​បង្កើត​ឲ្យ​មាន​អំពើ​ពុក​រលួយ​ទៀត​ហើយ។ បើ​យើង​ចង់​កាត់​បន្ថយ​ឬ​លុប​បំបាត់​ពុក​រលួយ​គឺ​ត្រូវ​ចាប់​ផ្តើម​ពី​ខ្លួន​យើង​ទៅ»។ លោកបាន​បន្ថែម​ថា ​ក្នុង​ករណី​ដែល​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណាម្នាក់​ទារ​លុយ​ក្រៅ​ផ្លូវ​ការ​ គឺ​ពេល​នេះ​លោក​អាច​រាយការណ៏​តាម​ទូរស័ព្ទ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​និង​អង្គការ​តម្លាភាព។

លោក​បាន​ថ្លែង​ដូ​ច្នេះថា៖«ដើម្បី​កំចា​ត់​អំពើ​ពុក​រលួយ​គឺ​យើង​ត្រូវ​ការ​របស់​ពីរ​ឲ្យ​ដើរ​ស្រប​គ្នា​ដូច​ជា​គោពីរ​អូស​រទេះមួយ​គឺ​អប់រំផ្សព្វផ្សាយ​ឲ្យពលរដ្ឋ​យល់​ដឹង​និង​ចូល​រួ​មរឿ​ង​ពុក​រលួយ និង​ការ​អនុវត្តន៏​ច្បាប់​មិន​លំអៀង»។

អង្គការ​តម្លាភាព​គ្រោង​នឹង​រៀប​ចំ​កម្ម​វិធី​ប្រកួត​ប្រជែង​សរសេររឿង​ខ្លី​នេះ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ​ហើយ​អ្នក​ឈ្នះជ័យ​លាភី​នៅ​ពេល​ក្រោយ​អាច​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ទៀត​ផង។



What Next?

Recent Articles