ដោយ៖ តាំង វីដា
ថ្ងៃព្រហស្បតិ៍ ទី14 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៦ ដល់ទី១៧ ខែវិច្ឆិកានេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី១៤ ខែវិច្ឆិកានេះ ឲ្យដឹងថា អំឡុងទស្សនកិច្ច ពីរថ្ងៃនេះ លោក ស៊ីនហ្សូ អាបេ នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី នៅព្រះបរមរាជវាំង ហើយនឹងជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីជូនព័ត៌មានបន្តថា ក្នុងជំនួបពិភាក្សាការងារនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើឯកសារពីរ គឺ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើការអប់រំ និងបណ្តុះបណ្តាលក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ការងារនិងសុខមាលភាពជប៉ុន។ នៅចុងបញ្ចប់នៃទស្សនកិច្ចនេះ ភាគីទាំងពីរនឹងមានចេញសេចក្តីថ្លែងការណ៍រួមមួយ។
នាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ ធ្លាប់បានធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា លើកដំបូង កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០១៣ បន្ទាប់ពីលោកចូលកាន់តំណែង៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com