ដោយ៖ ស៊ុន ណារិន
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រកាសថានឹងផ្ដល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់៣លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីរួមចំណែកស្តារការខូចខាតដោយទឹកជំនន់ ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ១,៧ លាននាក់ និងធ្វើឲ្យខាតបង់គិតជាទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់ADB ចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថា ជំនួយឥតសំណង ដែលបានពីកម្មវិធីឆ្លើយ តបចំពោះគ្រោះមហន្ដរាយនៅ អាស៊ីប៉ាស៊ីហ្វិច នេះ នឹងត្រូវប្រើប្រាស់ ដើម្បីផ្ដល់ស្រូវពូជ ធ្វើការជួសជុល បណ្ដោះ អាសន្នចំពោះប្រឡាយ ស្រោចស្រព និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងស្ដារឡើងវិញឲ្យ បានឆាប់ រហ័ស នូវការ ភ្ផាប់ទំនាក់ទំនងលើផ្លូវជនបទ ដែលទទួលរងការខូចខាត តាមរយៈកម្មវិធីពលកម្មប្ដូរនឹងសាច់ប្រាក់។ កម្មវិធី ពេលកម្មប្តូរនឹងសាច់ប្រាក់នេះ នឹងផ្តល់ការងារ និងចំណូល ដល់ប្រជាជន ជាពិសេសស្ត្រី ក្នុងមូល ដ្ឋានរង គ្រោះដោយទឹកជំនន់ តាមរយៈការចូលរួមជួសជុល និងថែទាំងផ្លូវ។
លោក Eric Sidgwick នាយក ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា៖«ការគាំទ្ររបស់ ADB នេះ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះភាពចាំបាច់នៃការជួសជុលផ្លូវថ្នល់ឲ្យបាន ឆាប់រហ័ស ដើម្បីធានាឲ្យមានការផ្ដល់សម្ភារសម្រាប់សង្គ្រោះបន្ទាន់ឲ្យបានរលូន និងការផ្ដល់ស្រូវពូជ សម្រាប់ បង្ក បង្កើនផលឡើងវិញ មុនពេលទឹកស្រក»។
ខេត្ដចំនួន ២០នៅតំបន់នៅភាគពាយព្យ បានទទួលរងផលប៉ះពាល់ ដូចជា ខេត្ដបន្ទាយមានជ័យ ខេត្ដបាត់ដំបង និងខេត្ដសៀមរាប ដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ADB ប៉ាន់ប្រមាណ ថា យ៉ាងហោច ណាស់ផ្លូវ ជាតិប្រវែង៤៤០ គីឡូម៉ែត្រ និងផ្លូវជនបទ ៣៦៩៣ គីឡូម៉ែត្រ បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលចាប់ផ្ដើមមានតាំងពីខែ កញ្ញាមក។ ដីស្រែស្ទូងរួច ឬដីសំណាបជាង ២៤០០០០ ហិចតា បានទ ទួលរង ផល ប៉ះពាល់ ហើយសាលារៀន និងមន្ទីរពេទ្យជាច្រើន ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ប្រទេសកម្ពុជា បានទទួលជំនួយឥតសំណងចំនួន៣លានដុល្លារ ពី កម្មវិធីឆ្លើយតបចំពោះគ្រោះមហន្ដរាយនៅ អាស៊ីប៉ាស៊ីហ្វិច ក្រោយទឹកជំនន់ នៅក្នុងឆ្នាំ ២០១១ ដែលត្រូវបានប្រើប្រាស់ ដើម្បីជួយស្ដារឡើងវិញនូវហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់ លូបង្ហូរទឹក និងស្ពាន ដែលផ្ដល់លទ្ធភាពឲ្យជនរងគ្រោះអាចភ្ផាប់ ទំនាក់ទំនងសារជាថ្មី និងស្ដារជីវភាពរបស់ពួកគេឡើងវិញ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com