ដោយ៖ ឡាយ សាមាន
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
កម្មករជាង១០០នាក់ មកពីរោងចក្រកាត់ដេរសម្លៀកបំពាក់អាលីម ស្ថិតនៅភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ នៅម៉ោង១០កន្លះព្រឹកថ្ងៃពុធនេះ បានប្រមូលផ្តុំគ្នានៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីសុំដំណោះស្រាយរឿងការងារ។
កម្មករ បានធ្វើដំណើរពីរោងចក្រ សំដៅមកសាលារាជធានីភ្នំពេញ តាមរថយន្តចំនួនពីរគ្រឿង និងម៉ូតូជាង១០គ្រឿង។ មន្ត្រីសាលារាជធានីភ្នំពេញ បានហៅតំណាងពួកគេ៥នាក់ ចូលជួបចរចា ពេលដែលកម្មករ បានមកដល់សាលារាជធានីភ្នំពេញភ្លាមៗ។
កម្មករ ទាមទារលក្ខណ្ឌការងារ៦ចំណុច រួមមានសុំឲ្យដកប្រធានរដ្ឋបាលរោងចក្រ,ដកប្រធានផ្នែកគ្រប់គ្រងកាត់ដេរ២នាក់, ដកអ្នកគ្រប់គ្រងរោងចក្រឈ្មោះ ប៉ាក់ ដែលជាជនជាតិកូរ៉េ, សុំលុយបាយបន្ថែម២០០០រៀល, សុំលុយបាយថ្ងៃត្រង់៤០០០រៀល,ផ្តល់ប្រាក់ឈ្នួលស្មើគ្នា រវាងកម្មករចាស់ និងកម្មករថ្មី។ កម្មករ បានតវ៉ាចាប់តាំងពីថ្ងៃទី១១ខែវិច្ឆិកា តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយ នៅឡើយទេ។
កន្លងទៅ សាលាសង្កាត់ចោមចៅ បានចេញលិខិតអញ្ជើញតំណាងកម្មកររោងចក្រ អាលីម (A Lim) ម្នាក់ ឈ្មោះ លោក ទឹម បូរ៉ា ដើម្បីសាកសួរពាក់ព័ន្ធនឹងការជេរប្រមាថលើភាគីបុគ្គលិកផ្នែកគណនេយ្យ ដែលធ្វើការជាមួយគ្នា៕
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈlaysamean168@yahoo.com
