Wednesday, 20 November 2013
Sean Teehan
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រុមហ៊ុនលក់រាយរបស់ អង់គ្លេស កំពុងដំណើរការនូវកម្មវិធីមួយដែលបានវាយប្រហារលើបញ្ហាគួរឲ្យបារម្ភបំផុតដែលកម្មករកាត់ដេរនៅកម្ពុជាប្រឈម គឺបញ្ហាថែទាំសុខភាព។
ក្រុមហ៊ុន Marks&Spencer ដែលរកចំណូលបានជាង ៧៣៧ លានដុល្លារអាមេរិករវាងខែ មីនា ឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ បានចាប់ផ្តើមយុទ្ធនាការសុខភាពក្នុងឆ្នាំនេះ ដែលមានគោលបំណងជួយឲ្យមានសុខភាពល្អប្រសើរក្នុងចំណោមកម្មករ រោងចក្រប្រហែល ១៤ ពាន់នាក់ ដែលបម្រើការងារនៅរោងចក្រផ្គត់ផ្គង់ក្រុមហ៊ុនលក់រាយនេះ នៅក្នុងប្រទេសកម្ពុជា។
លោកស្រី Laura Hawkesford អ្នកគ្រប់គ្រងផ្នែកក្រមសីលធម៌ពាណិជ្ជកម្ម នៅក្រុមហ៊ុន Marks & Spencer បានឲ្យដឹងតាមរយៈសេចក្តីថ្លែងមួយថា៖ «គម្រោង កំពុងជួយរៀបចំគោលនយោបាយ នីតិវិធី និងឯកសារដែលផ្តល់លទ្ធភាពដល់យើងក្នុងការដាក់ចេញនូវយុទ្ធនាការអប់រំសុខភាព នៅលើទឹកដីទាំងអស់ដែលផ្គត់ផ្គង់ដល់យើង។ យើងបានផ្លាស់ប្តូររួចហើយនៅកម្ពុជា ហើយវាមានអត្ថន័យល្អក្នុងការធ្វើជាដៃគូត្រឹមត្រូវដើម្បី ធានាពីលក្ខខណ្ឌការងារលោកអ្នកនៅតាមរោងចក្រផ្គត់ផ្គង់»។
ដោយសហការជាមួយនឹងអង្គការ Project HOPE ដែលមានមូលដ្ឋាននៅអង្គការសហប្រជាជាតិ Marks& Spencer បានកែលម្អបន្ទប់ពេទ្យ ក្នុងរោងចក្រដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុន ព្រមទាំងលើកទឹកចិត្តរោងចក្រឲ្យបង្កើតការតភ្ជាប់ជាមួយនឹង គ្លីនិកថែទាំសុខភាពក្នុងស្រុក។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Marks & Spencer បានឲ្យដឹងទៀតថា កម្មវិធីក៏បានខិតខំផ្តល់ការអប់រំដល់កម្មករអំពីបញ្ហាសុខភាពទូទៅ ដូចជាការពន្យារកំណើត និងជំងឺខ្វះកោសិការឈាមក្រហម។
បើទោះជាគម្រោងសាកល្បងនៅកម្ពុជាដែលចាប់ផ្តើមនៅខែ កុម្ភៈ គ្រោង នឹងបញ្ចប់នៅខែ មីនា ក្តី ក៏ក្រុមហ៊ុន Marks & Spencer សង្ឃឹមពង្រីកដល់រោងចក្រផ្គត់ផ្គង់ក្នុងប្រទេសដទៃទៀត។
កម្មករនៅរោងចក្រកាត់ដេរកម្ពុជាប្រឈមនឹងបញ្ហាសុខភាពជាច្រើន ដោយបញ្ហាមួយចំនួនបានកត់ត្រាក្នុងរបាយការណ៍កម្មករសន្លប់ និងអត្រាកង្វះជីវជាតិអាហារខ្ពស់។
ការសិក្សាដោយ Labor Behing the Label ដែលមានមូលដ្ឋាននៅទីក្រុង ឡុងដ៍ និងមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ បានរាយការណ៍ថា កម្មករ ៩៥ នាក់ ដែលគេសិក្សា ៣៣ ភាគរយ ខ្វះអាហារូបត្ថម្ភ ហើយ ២៥ ភាគរយមានគ្រោះថ្នាក់។
ការសិក្សានោះ មានចំណងជើងថា Shop’til they drop បានលើកឡើងពីប្រាក់ឈ្នួលទាប ថាជាមូលហេតុមួយដែលបណ្តាលឲ្យមានសុខភាពមិនល្អ ដែលនាំឲ្យកើតបញ្ហាសន្លប់ជាញឹកញាប់នៅក្នុងរោងចក្រកាត់ដេរ កម្ពុជា៕ TK