ក្រុមអ្នកជំនាញឯករាជ្យផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប) អំពាវនាវឲ្យអង្គការកំពូលអន្តរជាតិមួយនេះ ពង្រឹងតួនាទីរបស់ខ្លួន ដើម្បីបញ្ចប់និទ្ទណ្ឌភាព ឬភាពមិនដាក់ទោសដល់ជនល្មើស។ ទន្ទឹមនេះ ក្រុមជំនាញទាំងនោះក៏បានជំរុញឲ្យមេដឹកនាំប្រទេសទាំងអស់ជាសមាជិក អ.ស.ប ចូលរួមផ្តល់ការគាំទ្រ និងពង្រឹងដល់កិច្ចប្រឹងប្រែង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពីការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មនានា។
ដោយ ម៉ៅ សុធានី
2013-11-22
RFA

សង្គមស៊ីវិល អ្នកកាសែត និងពលរដ្ឋ លើកបដាទាមទារយុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន នៅមុខពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Tin Zakariya
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ដែលជា ទិវាអន្តរជាតិបញ្ចប់និទ្ទណ្ឌភាព ក្រុមអ្នកជំនាញសិទ្ធិមនុស្សបានគូសបញ្ជាក់ថា ដើម្បីបញ្ចប់និទ្ទណ្ឌភាពបានគេត្រូវការកិច្ចប្រឹងប្រែងខ្លាំងក្លា ក្នុងការស៊ើបអង្កេតជាក់លាក់ ដើម្បីផ្ដន្ទាទោសជនល្មើស ហើយបញ្ហានេះត្រូវតែចាប់ផ្ដើមពីស្ថាប័នកំពូល គឺ អ.ស.ប នេះទៅ ដើម្បីទទួលបានជោគជ័យ។
សេចក្តីថ្លែងការណ៍បន្តថា និទ្ទណ្ឌភាព គឺជាទង្វើមួយដែលរំលោភធ្ងន់ធ្ងរដល់ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងមិនអាចលើកលែងទោសបានឡើយ គេត្រូវធ្វើការស៊ើបអង្កេតត្រឹមត្រូវ ដើម្បីផ្ដន្ទាទោសជនល្មើស និងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ដូចបានចែងក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីនីតិវិធីច្បាប់ដែលបានអនុម័តនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១២។
ក្រុមអ្នកជំនាញអះអាងថា ប្រទេសនីមួយៗត្រូវទទួលខុសត្រូវចំពោះបរាជ័យរបស់ខ្លួន ក្នុងកិច្ចការពារ និងបញ្ចប់និទ្ទណ្ឌភាព។ មេដឹកនាំប្រទេសទាំងនោះមានកាតព្វកិច្ចធ្វើការស៊ើបអង្កេតរាល់ការរំលោភបំពាន ក្នុងនោះរាប់ទាំងសិទ្ធិរបស់ស្ត្រី និងកុមារផង ព្រមទាំងមានវិធានការសមស្រប ទាំងចំពោះជនល្មើស និងជនរងគ្រោះ។ រដ្ឋាភិបាលនៃប្រទេសទាំងនោះ ត្រូវធានាថា ពលរដ្ឋគ្រប់ៗគ្នាអាចមានសិទ្ធិទទួលបានសេវាយុត្តិធម៌ត្រឹមត្រូវ និងត្រូវការពារទប់ស្កាត់ កុំឲ្យអំពើរំលោភបំពានទាំងនោះកើតឡើងម្តងទៀត។
ពាក់ព័ន្ធនឹងបញ្ហានិទ្ទណ្ឌភាពនៅកម្ពុជា នេះ កញ្ញា សន រ៉ាមណា អ្នកសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស វាគ្មិនក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ បានមានប្រសាសន៍ថា មានករណីខ្លះជនល្មើសវាយប្រហារដោយជះទឹកអាស៊ីដ ត្រូវបានរួចខ្លួន ដោយសារការសម្រុះសម្រួលពីមន្ត្រីច្បាប់មួយចំនួន។
ចំណែកវាគ្មិនមួយរូបទៀត លោកមេធាវី សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា បញ្ហានិទ្ទណ្ឌភាពនៅកម្ពុជា នេះ ពិតជាមានកើតឡើងច្រើនមែន ដោយសារហេតុផលមួយចំនួន ក្នុងនោះរាប់ទាំងអំពើពុករលួយ និងឥទ្ធិពលអ្នកមានអំណាចមកលើមន្ត្រីតុលាការ។
ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានអ្នកសារព័ត៌មាន ១១នាក់ហើយត្រូវបានគេធ្វើឃាត ហើយរដ្ឋាភិបាលមិនដែលចាប់បានជនល្មើសណាម្នាក់មកផ្ដន្ទាទោសឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមាគមការពារសិទ្ធិមនុស្សអំពាវនាវឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា
- និស្សិតម្នាក់នៅស្ទឹងត្រែងត្រូវឃាត់ខ្លួនពីបទផ្សព្វផ្សាយព័ត៌មានមិនពិតតាមហ្វេសប៊ុក
- សង្គមស៊ីវិលប្រារព្ធពិធីទាមទារយុត្តិធម៌ដល់អ្នកកាសែតដែលត្រូវគេសម្លាប់
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ និទ្ទណ្ឌភាពនៅកម្ពុជានៅតែមាន
- ខ្មែរក្រោមប្រារព្ធខួបទី៣៧ឆ្នាំនៃការតស៊ូទាមទារសិទ្ធិសេរីភាពពីវៀតណាម
- ពលរដ្ឋខេត្តក្រចេះទាមទារឲ្យសមត្ថកិច្ចឈប់ប្រើហិង្សាក្នុងការដោះស្រាយទំនាស់ដីធ្លី
- ពលរដ្ឋនិងព្រះសង្ឃប្ដេជ្ញាបន្តការចូលរួមតវ៉ាស្វែងរកភាពយុត្តិធម៌ក្នុងសង្គម
- សហភាពអឺរ៉ុបពិនិត្យមើលអំពីការអភិវឌ្ឍដំណាំស្ករអំពៅនៅកម្ពុជា
- សង្គមស៊ីវិលថ្កោលទោសសមត្ថកិច្ចបាញ់កាំភ្លើងបង្ក្រាបបាតុករ