អង្គការ​លើកលែងទោស​អន្តរជាតិ ខកចិត្ត​នឹង​តុលាការកំពូល​កម្ពុជា ដែល​មិន​ទំលាក់​បទ​ចោទ អ្នកស្រី យ៉ោម បុប្ផា​

ដោយ៖​ តាំង វីដា​
ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

amnesty-international-2013-11-23

​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ចាត់ទុក​ថា សាលដីកា​តុលាការ​កំពូល ដោះលែង​សកម្មជន​តវ៉ា​ដីធ្លី​តំបន់​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា​ ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ នា​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​នេះ ជា​សេចក្តីសម្រេច​មិន​បាន​ពេញលេញ​តាម​ឆន្ទានុសិទ្ធិ។

​តុលាការ​កំពូល នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​សម្រេច​ឲ្យ​អ្នកស្រី យ៉ោម បុប្ផា ដែល​ជាប់ចោទ​ពី​បទ ផ្តួមផ្តើម​ឲ្យមាន​ហិង្សា​ដោយ​ចេតនា ស្ថិតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​បង្វិល​សំណុំរឿង​ឲ្យ​សាលាឧទ្ធរណ៍​ស៊ើបអង្កេត​ទ្បើង​វិញ ក្រោយ​ពី​រកឃើញថា សាលដីកា​សាលាឧទ្ធរណ៍ មិន​មាន​សំអាង​ហេតុ និង​ភស្តុតាង​គ្រប់គ្រាន់​។​

​តាម​លិខិត​ចុះផ្សាយ​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា អ្នកស្រាវជ្រាវ​អង្គការ​លើកលែងទោស​អន្តរជាតិ​ប្រចាំ​កម្ពុជា លោក រូ​ភើ​ត អាប់​ប៊​ត (Rupert Abbott) ចាត់​ទុក​ថា ការដោះលែង​សកម្មជន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា គឺជា​សញ្ញាណ​វិជ្ជមាន​មួយ ប៉ុន្តែ​លោក ខកចិត្ត​ដែល​ការផ្តន្ទាទោស និង​បទចោទប្រកាន់ នៅ​តែ​រក្សា ហើយ​សំណុំរឿង​នេះ មិន​ត្រូវបាន​បញ្ចប់​។ លោក​បន្តថា អ្នកស្រី​យ៉ោម បុប្ផា មិន​គួរ​ត្រូវ​បាន​ឃុំឃាំង និង​បំបែក​ចេញពី​ក្រុមគ្រួសារ​របស់​អ្នកស្រី​ឡើយ​។​

​លោក Rupert Abbott បន្តថា "​ករណី​អ្នកស្រី​យ៉ោម​បុប្ផា គឺជា​និមិត្តសញ្ញា នៃ​និន្នាការ​ដ៏​គួរឱ្យ​បារម្ភ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បង្ហាញ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​អាច​នឹង​ប្រឈម​ការយាយី ការគំរាមកំហែង និង​ការចាប់ខ្លួន​ដាក់ពន្ធនាគារ ចំពោះ​សកម្ម​ភាព​​តវ៉ា​ដោយ​សន្តិវិធី​របស់​ពួកគេ​"​។​

​អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ និង​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​៣​ឆ្នាំ និង​បង្គាប់ឲ្យបង់ប្រាក់​សរុប​៦០​លាន​រៀល ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា វាយ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​។ ក្រោយមក​សាលាឧទ្ធរណ៍​បាន​ប្តូរ​បទ​ចោទ ទៅ​ជា​បទ​ផ្តួចផ្តើម​ឲ្យមាន​ហិង្សា​ដោយ​ចេតនា​វិញ បន្ទាប់​ពី​រក​មិនឃើញ​កំហុស និង​សម្រេច​ឲ្យទទួល​ទោស​២​ឆ្នាំ ដោយ​ព្យួរទោស​មួយឆ្នាំ និង​បង្គាប់ឲ្យបង់​ប្រាក់ ២០​លាន​រៀល​។

បច្ចុប្បន្ននេះ អ្នកស្រី យ៉ោម បុប្ផា បានចេញពីពន្ធធនាគារហើយ ក្រោយពីតុលាការកំពូល បានសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន៕

សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

3 Responses to "អង្គការ​លើកលែងទោស​អន្តរជាតិ ខកចិត្ត​នឹង​តុលាការកំពូល​កម្ពុជា ដែល​មិន​ទំលាក់​បទ​ចោទ អ្នកស្រី យ៉ោម បុប្ផា​"

  1. Hun Nal says:

    ទាល់តែលោកចោរភ្នែកទោលប្រាប់ថាអោយលុបចោលបទចោទ ទើបដុល្លាការស្រុកខ្មែរហ៊ានធ្វើ…!?បើមិនឥចឹងទេ ទាល់យូរ…!

  2. anonymous says:

    may be hun sen fell ashame around the world that why he have to release bopha .so this people victory

  3. anonymous says:

    may be hun sen fell ashame around the world that why he have to release bopha .so this people victory