សកម្មជន​ដីធ្លី លោក ស សុង មិន​ទាន់​ចេញ​ពី​ពន្ធ​នាគារ បើ​ទោះបី​ទទួលទោស​ចប់​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​អ្នក​មាន​ជម្លោះ​ដីធ្លី​៥២​គ្រួសារ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​សៅរ៍​នេះ កំពុង​ប្រមូលផ្តុំ​គ្នា រង់ចាំ​ព័ត៌មាន​ពី​តុលាការ​កំពូល ដើម្បី​ទៅ​ទ​ទួល​តំណាង​ពួកគេ គឺ ​លោក ស សុង ចេញពី​ពន្ធនាគារ​ខេត្ត​កំពង់ចាម ខណៈ​សកម្មជន​រូបនោះ បាន​ទទួល​ទោស​គ្រប់​ចំនួន តាម​សាលដីកា របស់​តុលាការ​។​

​អ្នកភូមិ​អះអាងថា លោក ស សុង ត្រូវបាន​សាលា​ឧទ្ធរណ៍​ ជម្រះ​ក្តី​ឡើងវិញ​នៅ​ឆ្នាំ​២០០៧ ដោយ​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​៦​ឆ្នាំ​គិតពី​ថ្ងៃ​ចាប់ខ្លួន ដោយ​ចោទ​​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត លើ​មនុស្ស​ម្នាក់ ស្និត​នឹង​ប្រធាន​ក្រុមហ៊ុន KDC របស់លោក ស្រី ជា ខេង ភរិយា​លោក​ស៊ុយ សែម អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ ​និង​ថាមពល​។​

​ក្រុមហ៊ុន KDC​ ត្រូវបាន​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​នោះ​ ចោទថា ​បាន​រំលោក​យក​ដី​អ្នកភូមិ​ ទំហំ​១៤៥​ហិកតា​ ធ្វើឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ ១០៨​គ្រួសារ​នៅ​​តំបន់​នោះ រហូត​មាន​ការចាប់ខ្លួន តំណាង​អ្នក​ភូមិ លោក ស សុង ដែល​ចេញ​មុខ​តវ៉ា​ការពារ​ដី​ពលរដ្ឋ​មិន​ឲ្យ​ក្រុមហ៊ុន នេះ​រំលោភ​យក។

អ្នកស្រី អ៊ុំ សុ​ភី អះអាង​ជា​តំណាង​អ្នក​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក កំពង់ត្រឡាច ប្រាប់​VODឲ្យដឹង​នៅ​ថ្ងៃនេះថា លោក ស សុង កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង ខេត្ត​កំពង់ចាម​។

​តំណាង​រូបនោះ​បន្តថា លោក ស សុង គិតពី​ថ្ងៃ​ចាប់ខ្លួន រហូត​ដល់​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា ​ឆ្នាំ​២០១៣​នេះ បាន​ទទួល​ទោស​គ្រប់​៦​ឆ្នាំ​ហើយ។ ​ប៉ុន្តែ ​ពួកគេ​មិន​ទាន់​ទទួល​បានដំណឹង​ពី​តុលាការ ដើម្បី​ដោះ​លែង​សកម្មជន​ដីធ្លី​រូប​នោះ​ចេញពី​ពន្ធនាគារ​នៅ​ឡើយ​ទេ ។​

​មេធាវី​ការពារ​ក្តី​លោក ស សុង  គឺ​លោក ជិន លីដា ថ្លែងថា កូនក្តី​លោក​បាន​ប្តឹង​សារទុក្ខ ​ទៅ​តុលាការ​កំពូល​ករណីនេះ ប៉ុន្តែ​លោក​ថា តុលាការ​កំពួ​ល ខក​ខាន​មិន​បាន​លើកយក​ករណី​នេះ​ មកជំនុំ​ជម្រះ​ឡើងវិញ​ទេ។ ​លោក​ថា ពេល​នេះ​កូនក្តី​លោក​បាន​ទទួល​ទោស​គ្រប់​ចំនួន​ហើយ ដូចនេះ តុលាការ​កំពូល ត្រូវ​ចេញ​ដី​កាបង្គាប់​ទៅ​មន្ត្រី​ពន្ធនា​គារ ​ឲ្យ​ដោះលែង​កូនក្តី​លោក​ឲ្យមាន​សេរីភាព​វិញ។​

​ជំនួយការ​ប្រធាន​តុលាការ​កំពូល លោក ស៊ិន វីរៈ បដិសេធ​អធិប្បាយ ដោយ​លោក​បង្វែរ​សំនួរ​នេះ​ទៅ​ អនុប្រធាន​តុលាកា​កំពូល លោក ឃឹម ប៉ុណ្ណ ដែល​មិន​អាច​ទាក់ទង​បាន​៕

សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles