មន្ត្រីវប្បធម៌ខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា អំពាវនាវស្វែងរកជំនួយសាងសង់ផ្លូវប្រមាណ ១០គីឡូម៉ែត្រ ទៅកាន់ប្រាសាទបុរាណអាយុកាលមុនសម័យអង្គរ ដែលឋិតក្នុងព្រៃមួយក្នុងភូមិដរតូច ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។
ដោយ រដ្ឋា វិសាល
2013-11-23
RFA
ប្រធានមន្ទីរវប្បធម៌ខេត្តរតនគិរី លោក អ៊ួង ស្រេង មានប្រសាសន៍បញ្ជាក់ថា ប្រាសាទនេះឈ្មោះថា ប្រាសាទ តាក់ ណាំង មានទំហំជិត ៦០ម៉ែត្រក្រឡា ប៉ុន្តែប្រាសាទនេះនៅសល់តែផ្នែកខ្លះនៃជញ្ជាំង និងខឿនប្រាសាទតែប៉ុណ្ណោះ។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធបានរកឃើញ និងដាក់ឆ្មាំអភិរក្សប្រាសាទនេះប្រមាណ ៥ឆ្នាំកន្លងទៅ។ បច្ចុប្បន្ន បើចង់ទៅទស្សនាតំបន់នោះ ត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ក្រុមហ៊ុនសម្បទាន ម៉ែន សារុន ហើយបន្តធ្វើដំណើរដោយថ្មើរជើងក្នុងព្រៃ ទើបអាចទៅកាន់តំបន់នោះបាន៖ «ខ្ញុំចុះវាស់វែងប្រាសាទហ្នឹង ខ្ញុំបានជួបជាមួយក្រុមហ៊ុនដែរណា! គេទទួលស្គាល់ស្ដីពីការអភិរក្សរបស់យើងដែរ។ ប្រសិនបើមានថវិការៀបចំកសាងឡើងវិញបាន តើប្រាសាទហ្នឹងវានៅជញ្ជាំងច្រើនដែរ នៅសល់ប្រមាណ ៣០% ដែរណា! ខ្ញុំបង្ហោះហ្វេសប៊ុក (Facebook) ប្រព័ន្ធព័ត៌មានខ្នាតធំ អំពាវនាវរក ប៉ុន្តែអត់ទាន់មានអ្នកឆ្លើយតប»។
កាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា កាសែតក្នុងស្រុកមួយរាយការណ៍ថា បច្ចុប្បន្ន ការធ្វើដំណើរទៅកាន់តំបន់នោះត្រូវបានក្រុមហ៊ុនរឹតបន្តឹង ឬមិនឲ្យអ្នកធ្វើដំណើរកាន់ម៉ាស៊ីនថតចូលតាមផ្លូវក្រុមហ៊ុននោះឡើយ។ ចំណែកប្រជាពលរដ្ឋនៅតំបន់នោះ សម្ដែងការបារម្ភខ្លាចប្រាសាទបុរាណនោះត្រូវក្រុមហ៊ុនឈូសឆាយបំផ្លាញចោល ដើម្បីយកដីដាំកៅស៊ូ។
ឆ្លើយតបបញ្ហានេះ តំណាងក្រុមហ៊ុន ម៉ែន សារុន លោក មាស សុគន្ធមុនី មានប្រសាសន៍បញ្ជាក់ថា លោកមិនប្រាកដថា ប្រាសាទនោះឋិតក្នុងតំបន់ដីសម្បទានក្រុមហ៊ុន ម៉ែន សារុន ឬក្រុមហ៊ុនវៀតណាម ដាយដុងយឿង នោះទេ ក៏ប៉ុន្តែក្រុមហ៊ុនធ្វើផ្លូវសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នាធ្វើដំណើរ ដោយគ្មានការហាមឃាត់។ លោកបន្តថា ក្រុមហ៊ុនក៏មានបំណងចង់ឲ្យអភិរក្សប្រាសាទ ដើម្បីបម្រើវិស័យទេសចរណ៍ដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្ថានភាពភ្ញៀវទេសចរនៅតំបន់ប្រាសាទព្រះវិហារក្រោយកម្ពុជាឈ្នះក្ដី
- គម្រោងអភិវឌ្ឍន៍តំបន់ភ្នំនាងកង្រីជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ
- “ការសម្រេចរបស់តុលាការអន្តរជាតិមិនធ្វើឲ្យប៉ះពាល់ដល់ទេសចរថៃនៅកម្ពុជា”
- ពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនៅកម្ពុជាក្រោម
- កម្ពុជាត្រៀមរៀបចំបុណ្យសមុទ្រលើកទី២នៅខេត្តកែប
- សារសំខាន់នៃសុភាសិត «ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក»
- ទីភ្នាក់ងារទេសចរណ៍អំពាវនាវឲ្យបញ្ឈប់ការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ
- ខ្មែរកម្ពុជាក្រោមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅភ្នំពេញ
- កូនខ្មែរអាមេរិកាំងសន្យាចូលរួមថែរក្សាវប្បធម៌ខ្មែរ