ដោយ៖ កែវ រតនៈ
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឈានចូលថ្ងៃទី១០ខែធ្នូ ព្រះសារីរិកធាតុ និងកោដ្ឋមាសដែលត្រូវបានតម្កល់នៅព្រះសក្យមុនីចេតិយ៍ លើភ្នំអដ្ឋរស្ស ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានបាត់បន្ទាប់ពីមានការកាត់សោទ្វា លួចយករបស់របរមានតម្លៃនៅទីនោះ។ ព័ត៌មានក្នុងស្រុកចុះផ្សាយកាលពីថ្ងៃ១៤ខែធ្នូថា សមត្ថកិច្ចខេត្តបានបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តកណ្តាល ហើយតំណាងអយ្យការ លោក សំម ឬទ្ធីវេសនា និងអនុប្រធានតុលាការ លោក វេង ហ៊ត់ បានសម្រេចឃុំខ្លួនជនសង្ស័យទាំង៥នាក់។
VOD បានធ្វើបទសម្ភាសន៍ជាមួយសាស្ត្រាចារ្យពុទ្ធិកវិទ្យាល័យព្រះសីហនុរាជព្រះតេជព្រះគុណពុទ្ធកុល វ៉ង សុភ័ស្ស គង់នៅវត្តឧណ្ណាឡោម ទាក់ទងនឹងសារសំខាន់ព្រះសារីរិកធាតុ៖
VOD៖តើព្រះសារីរិកធាតុ មានសារសំខាន់យ៉ាងណាដែរចំពោះប្រទេសកម្ពុជា?
ព្រះតេជគុណ វ៉ង សុភ័ស្ស៖ ព្រះសារីរិកធាតុរបស់ព្រះសម្មា សម្ពុទ្ធ ដូចជារូបរបស់ព្រះអង្គដែរ បានន័យថាជាតំណាងព្រះព្រះសម្មាសម្ពុទ្ធ ក្រោយពេលព្រះអង្គបរិនិព្វានទៅ គឺព្រះអង្គបន្សល់ទុកនូវ ព្រះពុទ្ធរូប ហើយនឹងព្រះធាតុព្រះអង្គ ជាតំណាងព្រះអង្គ សម្រាប់ពុទ្ធបរិស័ទ ពុទ្ធសាសនិក ធ្វើការគោរពបូជា ហើយខ្មែរយើងដែលជាប្រទេសកាន់ព្រះពុទ្ធ សាសនា ហើយបានចាត់ទុកសាសនាហ្នឹងជាសាសនារបស់រដ្ឋ តាំង ពីសម័យសង្គមរាស្ត្រនិយមមក ហើយព្រះសារី រិក ធាតុហ្នឹង មិនមែនទើបតែមានក្នុងសម័យព្រះរាជាណាចក្រទី៣នេះទេ គឺតាំងពីសម័យសង្គមរាស្ត្រនិយមមក។ កាលនោះយើងធ្វើបុណ្យសម្ពោធឆ្លងពាក់កណ្តាលព្រះពុទ្ធសាសនា ពុទ្ធសករាជ២៥០០ យើងធ្វើបុណ្យឆ្លងនៅមុខរាជាយស្ម័យយាន ហើយព្រះធាតុនេះមានតាំងពីមុននេះមកទៀត អញ្ចឹងមានសារសំខាន់ណាស់ដែលប្រជាពលរដ្ឋខ្មែរយើងចាត់ទុកថាជា បេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ពុទ្ធបរិស័ទខ្មែរយើង។ សូមបីសម័យ ប៉ុលពត សម័យវាលពិឃាត ដែលយើងចាត់ទុកថាអត់មានសាសនា ពួកប៉ុល ពត ថ្វីត្បិតែចូលកាន់កាប់ប្រទេសខ្មែរហើយមិនឲ្យមានព្រះពុទ្ធសាសនា ប៉ុន្តែពួកនេះអត់បានបំផ្លាញព្រះសារីរិកធាតុទេ។ ព្រះសារីរិកធាតុ វត្ថុមានតម្លៃ ដែលជាកេរដំណែលតាំងពីសម័យបុព្វបុរសមកនោះ គឺពួកខ្មែរក្រហមនោះរក្សាទុកដដែល។ជាការសោកស្តាយមួយដែលយើងសម័យកាលនេះទៅហើយយើងមានការធ្វេសប្រហែស មិនបានមើលថែព្រះធាតុរបស់ ព្រះសម្មាសម្ពុទ្ធ ដែលជាព្រះវរបិតារបស់យើងឲ្យបានល្អ។
VOD៖តើការបាត់បង់ព្រះសារីរិកធាតុ អាចជាប្រផ្នូលដូចម្តេច?
ព្រះតេជគុណ វ៉ង សុភ័ស្ស៖ ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ ដូចជារូបរបស់ព្រះអង្គដែរ បានន័យការបាត់ធាតុរបស់ព្រះព្រះសម្មាសម្ពុទ្ធ ដូចជាកូនមិនបានយកចិត្តទុកដាក់ឲ្យបានល្អ ធ្វើឲ្យធាតុឪពុកម្តាយវិនាសបាត់បង់។វាជាប្រផ្នូលមិនល្អរបស់ប្រជាពលដ្ឋនេះគ្រាន់តែជាជំនឿ របស់ពុទ្ធបរិស័ទទេ ប៉ុន្តែការពិតយ៉ាងណានោះគឺចាំមើលជាក់ស្តែង ប៉ុន្តែបើតាមព្រះពុទ្ធបណ្តាំ ព្រះពុទ្ធបំណងរបស់ព្រះព្រះសម្មាសម្ពុទ្ធ មុនពេលព្រះអង្គចូលព្រះបរិនិពា្វនទៅ ព្រះអង្គបានផ្តាំក្នុងកាលកូនរបស់ព្រះអង្គ ពុទ្ធបរិស័ទ ឲ្យយកធាតុរបស់ព្រះអង្គទៅតំកល់ទុកនៅទីប្រជុំជន តម្កល់ទុកនៅផ្លូវត្រឡែងកែង ផ្លូវបែកជាបី ផ្លូវបែកជាបួន ដូចដែលសម្តេចព្រះសង្ឃរាជ ជួន ណាត និងរាជរដ្ឋាភិបាល សម័យសង្គមរាស្ត្រនិយមជ្រើសទីតាំងនៅមុខរាជាយស្ម័យយាន ដែលយើងហៅថារ៉ារថភ្លើងគឺសមទៅតាមបំណងរបស់ព្រះពុទ្ធហើយ ។
ព្រះពុទ្ធចង់ឲ្យទុកព្រះធាតុរបស់ព្រះអង្គនៅទីប្រជុំជនអញ្ជឹង គឺមិនចង់ឲ្យទុកធាតុព្រះអង្គទៅទុកនៅព្រៃភ្នំក្រំថ្ម ឬទីវាលរហោស្ថានទេ។ តាមន័យអត្តកថាផ្សេងៗថា ប្រសិនបើពុទ្ធបរិស័ទមិនបានមើលថែរក្សាធាតុរបស់ព្រះពុទ្ធឲ្យបានត្រឹមត្រូវទេ ឬយកទៅទុកនៅទីស្ងាត់ជ្រងំ ទីព្រៃរហោស្ថានដែលមិនសូវមានអ្នកណាទៅគោរពបូជានោះ ព្រះធាតុមិនអាចស្ថិតនៅទីនោះបានទេ ត្រូវតែបាត់ចេញពីទីនោះ នេះន័យក្នុងព្រះអត្តកថាដែលលោករៀបរាប់មកនៅក្នុងគម្ពី។
អញ្ជឹងព្រះធាតុហ្នឹងកាលណានៅកន្លែងដែលមិនសមរម្យ មិនសមតាមព្រះពុទ្ធបំណង ព្រះធាតុហ្នឹងនឹងបាត់ទោះបីជាយើងចាក់សោប៉ុន្មានជាន់ក៏ដោយ ព្រោះព្រះធាតុរបស់ព្រះអង្គជា អច្ឆរិយវត្ថុមួយរបស់ព្រះពុទ្ធសាសនា។ព្រះធាតុហ្នឹង គឺមិនអាចអ្នកណាយកទៅរំលាយបានឡើយ ព្រោះព្រះអង្គទ្រង់អធិដ្ឋានរយៈពេល៥ពាន់ឆ្នាំ[តែ] ឥឡូវនេះ ទើបតែបាន២៥៥៧ឆ្នាំ។
VOD៖តើព្រះសារីរិកធាតុហ្នឹង មកដល់កម្ពុជាតាមវិធីណា?
ព្រះតេជគុណ វ៉ងសុភ័ស្ស៖ តាមអាត្មាសាកសួរចាស់ទុំ ព្រះសង្ឃចាស់ៗ ដែលលោកកើតទាន់អាយុកាលពាក់កណ្តាលសាសនា ដែលលោកបានបួស៧យប់៧ថ្ងៃនៅពេលដែលធ្វើបុណ្យពាក់កណ្តាលសាសនាហ្នឹង គឺថាព្រះធាតុហ្នឹងគឺនាំមកពីប្រទេសឥណ្ឌា រដ្ឋាភិបាលប្រទេសឥណ្ឌា បានប្រគល់ជូនប្រទេសខ្មែរយើងថ្វាយមកសម្តេចនរោត្តមសីហនុ ជាផ្លូវការក្នុងនាមមិត្តភាពកម្ពុជា-ឥណ្ឌា។ ប្រទេសកម្ពុជាយើងរៀបចំព្រះទីនាំងគឺយន្តហោះទៅទទួលយកពីប្រទេសឥណ្ឌា មកកម្ពុជា មានទាំង ព្រះករុណា ព្រះបាទនរោត្តមសីហនុ ព្រះបាទសុរាម្រិត សម្តេចព្រះកុសមៈនារីរត្នន៍ និងនាម៉ឺនសព្វមុខមន្ត្រី ខាងផ្នែកព្រះសង្ឃ មាន ព្រះមហាសង្ឃរាជ ជួន ណាត ជាដើម ព្រះអង្គយាងទៅទទួលទ្រព្រះធាតុហ្នឹងដោយផ្ទាល់តែម្តង។ពេលបានព្រះធាតុហ្នឹងមក ហើយ យើងចាប់ផ្តើមសាងព្រះសក្សមុនីចេតីយ៍ ហើយធ្វើបុណ្យសម្ពោធឆ្លងជាលើកទី១នៅមុខរាជាយស្ម័យយាន ហើយក្នុងពេលបុណ្យពាក់កណ្តាលសាសនាហ្នឹង មន្ត្រីរាជការទាំងអស់ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក៧យប់៧ថ្ងៃហើយបុរសៗស្ទើតែ១០០ភាគរយ បានបួស ខាងស្ត្រីខ្មែរបានស្លៀកសរពាក់ស កាន់សីលរយៈពេល៧យប់៧ថ្ងៃផងដែរ។
ចំណាំ៖ ព្រះសារីរិកធាតុ ត្រូវបានអតីតព្រះមហាក្សត្រព្រះបាទនរោត្តសីហនុ យកទៅតម្កល់នៅភ្នំឧតុង្គ ក្នុងស្រុក ពញាឮ ខេត្តកណ្តាល តាំងពីឆ្នាំ២០០២។
VOD៖ការបាត់បង់សារិរិកធាតុនេះ ធ្វើឲ្យប៉ះពាល់យ៉ាងណាដល់សាសនាព្រះពុទ្ធ ដែលជាសាសនារដ្ឋ?
ព្រះតេជគុណ វ៉ងសុភ័ស្ស៖ ការបាត់បង់ព្រះសារីរិកធាតុនេះ គឺជាការបាត់បង់នូវអត្តសញ្ញាណឬក៏ព្រលឹងសាសនារបស់យើង តាមពិតនេះគ្រាន់តែជារូបខាងក្រៅ តែព្រលឹងព្រះពុទ្ធសាសនាបានសណ្ឋិតក្នុងបេះដូងនិងវិញ្ញាណរបស់ខ្មែរយើងទៅហើយ។ ប៉ុន្តែនេះជានិត្តរូប នៃព្រះពុទ្ធសាសនាមួយក្នុងចំណោមនិមិត្តរូបនៃព្រះពុទ្ធសាសនាដែលពិភពលោកចាត់ទុកថាជាបេតិកភណ្ឌរបស់ជាតិ អញ្ជឹងការបាត់បង់នូវព្រះបរមសារីរិកធាតុ តាមការយល់ឃើញរបស់អាត្មា អាត្មាគិតថា ជាការអាម៉ាស់មួយរបស់ពុទ្ធបរិស័ទខ្មែរយើង ដែលមិនសូវយកចិត្តទុកដាក់លើព្រះបរមសារិរិកធាតុធ្វើឲ្យមានការបាត់បង់ គួរឲ្យសង្វេកជាទីបំផុត។អាត្មាសុំបិណ្ឌបាតដល់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ មេត្តាលោកជូយឲ្យអស់កម្លាំងកាយ ចិត្ត ឲ្យអស់ពីសមត្ថភាព ស្វែងរកព្រះបរមសារីរិកធាតុឲ្យឃើញត្រឡប់មកវិញ ហើយបើរកមិនឃើញទេ ត្រូវទៅយាងព្រះបរមសារីរិកធាតុ គឺមានន័យថាទៅសុំចែកព្រះសារីរិកធាតុពីប្រទេសដើមដូចជាប្រទេសឥណ្ឌា ឬប្រទេសស្រីលង្កាមកវិញ មកដំកល់នៅក្នុងព្រះសក្យមុនីចេតិយដូចដើម ហើយត្រូវសុំខមាលទោសអង្គ ព្រះសម្មាសម្ពុទ្ធ ព្របរមគ្រូដើម្បីកុំឲ្យមានទោសមានពៃរ៍ ពីព្រោះជាប្រផ្នូលមិនល្អសម្រាប់សង្គមជាតិរបស់យើង៕
សរសេរមកកាន់ លោក កែវ រតនៈ តាមរយៈratanah@vodhotnews.com
