ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ប្រជាសហគមន៍មកពីខេត្តមណ្ឌលគិរី កំពុងអធិប្បាយអត្ថន័យក្នុងរូបភាព(រូបថតដោយ សុទ្ធ គឹមសឿន)
អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ (BCV) នៅថ្ងៃចន្ទនេះ ដាក់តាំងពិព័រណ៍រូបថតសហគមន៍សម្រាប់រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែធ្នូ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ដើម្បីផ្ដល់ឱកាសដល់អ្នកស្ម័គ្រចិត្តផលិតព័ត៌មានសហគមន៍ បានបញ្ចេញស្នាដៃថតរូបរបស់ពួកគេ។
អ្នកស្ម័គ្រចិត្តផលិតព័ត៌មានសហគមន៍ បានបញ្ចេញស្នាដៃថតរូប តាមរយៈរូបថតសម្រាំងក្រោមប្រធានបទ«សហគមន៍ខ្ញុំ»។ ក្នុងការតាំងពិព័រណ៍នេះ រូបថតសហគមន៍មានប្រមាណ៥០ មកពី២៤ខេត្ត និងក្រុងទូទាំងប្រទេសកម្ពុជា បានចូលរួម។
តំណាងសហគមន៍និមួយៗ បានដាក់តាំងបង្ហាញរូបថត ដែលខ្លួនបានថត ដើម្បីប្រកួតប្រជែងយកជ័យលាភី។ អត្ថន័យនៃរូបថតនិមួយៗ ឆ្លុះបញ្ចាំងផលវិបាក និងបញ្ហាដែលសហគមន៍កំពុងជួបប្រទះដូចជា៖ បញ្ហារំលោភដីធ្លី បណ្ដេញប្រជាពលរដ្ឋចេញពីផ្ទះ កាប់បំផ្លាញព្រៃឈើ នេសាទខុសច្បាប់ និងកម្មវិធីអប់រំ ប្រជាពលរដ្ឋតាមមូលដ្ឋានទទួលជោគជ័យ។

មន្ត្រីសម្របសម្រួលកម្មវិធីផ្នែកគាំទ្រព័ត៌មានសហគមន៍នៃអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ លោក រ៉ន សុភ័ក្របញ្ញា មានប្រសាសន៍ថា ការដាក់តាំងពិព័រណ៍នេះ ជាលើកទី១សម្រាប់អង្គការ ដើម្បីលើកកម្ពស់ ការផលិត និងផ្សព្វផ្សាយព័ត៌មានតាមសហគមន៍ ដល់អ្នកជំនាញថតរូប ជំនាញថតសំឡេង ជំនាញសរសេរព័ត៌មាន និងធ្វើបទសម្ភាសន៍ រាយការណ៍ព័ត៌មានជូនថ្នាក់លើ ពេលដែលនៅក្នុងសហគមន៍របស់ខ្លួនមានបទល្មើសផ្សេងៗ។
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០០៨រហូតមកដល់បច្ចុប្បន្ន ប្រជាសហគមន៍ជាង ៣០០នាក់ត្រូវបានបណ្ដុះបណ្ដាលលើជំនាញប្រមូលព័ត៌មាន ផលិតព័ត៌មាន ថតរូប ថតសំលេង សរសេរព័ត៌មាន និងជំនាញកុំព្យូទ័រ ជំនាញផលិតខិតប័ណ្ណផ្សព្វផ្សាយ ជំនាញផលិតកម្មវិធីវិទ្យុ និងល្ខោនវិទ្យុជាដើម៕

(រូបភាពពី ឡាយ សាមាន)
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com