ក្រុមសហគមន៍ជនជាតិព្នងនៅភូមិចំនួនបី ក្នុងខេត្តមណ្ឌលគិរី កំពុងប្រមូលស្នាមមេដៃអ្នកភូមិដើម្បីគាំទ្រញត្តិជាថ្មីទៀត ទាមទារឲ្យអាជ្ញាធរខេត្តដោះស្រាយសំណើប្ដូរភូមិរបស់ពលរដ្ឋពីក្នុងព្រៃ មករស់នៅតាមផ្លូវអភិវឌ្ឍន៍ដោយក្រុមហ៊ុនសម្បទាន។
ដោយ រដ្ឋា វិសាល
2013-12-16
RFA
តំណាងអ្នកភូមិអះអាងថា ការយឺតយ៉ាវឆ្លើយតបសំណើប្រជាពលរដ្ឋ នឹងនាំឲ្យកើតមានអំពើរំលោភសិទ្ធិជនជាតិដើមកាន់តែធ្ងន់ធ្ងរពីសំណាក់អាជ្ញាធរ។
ស្នាមមេដៃប្រជាពលរដ្ឋ ១៦០គ្រួសារ បានផ្ដិតជាថ្មីលើញត្តិទាមទារឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ដោះស្រាយសំណើប្ដូរភូមិរបស់ពលរដ្ឋជនជាតិដើមភាគតិច។
តំណាងអ្នកភូមិ លោក សុន ចាន់ថេង នៅថ្ងៃច័ន្ទ ទី១៦ ខែធ្នូ មានប្រសាសន៍ថា ញត្តិទាមទារនេះនឹងដាក់ជូនមន្ត្រីសាលាខេត្តនៅសប្ដាហ៍ក្រោយ។ លោកបន្តថា ថ្ងៃកំណត់រុះរើលំនៅឋានប្រជាពលរដ្ឋដោយវិធានការក្ដៅលើកទីបីរបស់ក្រុមសមត្ថកិច្ចបានពន្យារពេល ក៏ប៉ុន្តែអ្នកភូមិនៅតែបារម្ភចំពោះសុវត្ថិភាព និងការតាំងទីលំនៅរបស់ពលរដ្ឋប្រសិនអាជ្ញាធរខេត្តមិនឆ្លើយតបចំពោះសំណើអ្នកភូមិ៖ «ពាក្យសំណើហ្នឹងទៅបាត់អត់មានដឹងថាឲ្យ ឬមិនឲ្យស្ងាត់ច្រាប។ ឥឡូវប្រជាពលរដ្ឋផ្ដិតមេដៃ មេគ្រួសារៗ បម្រុងរុញទៅបន្ថែមទៀត»។
កាលពីដើមខែធ្នូ តំណាងប្រជាពលរដ្ឋភូមិរណែង ភូមិខ្ទង់ និងភូមិអូរព្រះ ក្នុងឃុំស្រែឈូក ស្រុកកែវសីមា ១៦០គ្រួសារ បានដាក់ពាក្យប្ដឹងមន្ត្រីសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី ទៅស្ថាប័នអយ្យការ បន្ទាប់ពីក្រុមសមត្ថកិច្ចទាំងនោះបានប្រើវិធានការក្ដៅអារជើងសសរ ហើយយករថយន្តទាញរំលំ និងដុតបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួនពីរលើក ខូចខាតផ្ទះអស់ ៣៩ខ្នង ដោយចោទថា ប្រជាពលរដ្ឋមកតាំងទីលំនៅអនាធិបតេយ្យក្នុងតំបន់ព្រៃអភិរក្ស។ ជាមួយនោះដែរ សហគមន៍ក៏បានដាក់ញត្តិស្នើសុំទៅអាជ្ញាធរខេត្តផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋចាកចេញពីភូមិក្នុងព្រៃមកតាំងទីលំនៅតាមដងផ្លូវទើបអភិវឌ្ឍន៍ថ្មីនៅតំបន់នោះ។
អនុប្រធានភូមិរណែង លោក ផ្លឺយ ខិត មានប្រសាសន៍បញ្ជាក់ថា រហូតមកទល់នឹងថ្ងៃនេះ អ្នកភូមិមិនបានទទួលការឆ្លើយតបពីមន្ត្រីអាជ្ញាធរខេត្តនៅឡើយ។ លោកបន្តថា ប្រជាពលរដ្ឋមានបញ្ហាលំបាកទាក់ទិនផ្លូវធ្វើដំណើរ ទើបស្នើសុំទីតាំងតាមផ្លូវលំដែលក្រុមហ៊ុនបានសង់នៅតំបន់នោះជាភូមិថ្មីដើម្បីអភិវឌ្ឍន៍មានផ្លូវធ្វើដំណើរងាយស្រួលជាងមុន។
លោក ផ្លឺយ ខិត៖ «ប្រាកដហើយហ្នឹងយើងផ្ដិតមេដៃៗរបស់ប្រជាពលរដ្ឋក្នុងភូមិនៅលើខ្ញុំទាំងអស់ឥឡូវ។ ទាមទារដីហ្នឹងឲ្យបានរស់នៅតាមហ្នឹងគេថារង់ចាំទទួលពាក្យពីគេមកហើយ ឥឡូវមិនឃើញពាក្យគេមកដល់យើង»។
ឆ្លើយតបចំពោះករណីនេះ នាយការិយាល័យរបៀបនៃសាលាខេត្តមណ្ឌលគិរី លោក ទាវ ស្រេងហ័ន មានប្រសាសន៍បញ្ជាក់ថា អភិបាលខេត្តបានធ្វើចំណារលើលិខិតស្នើសុំរបស់ពលរដ្ឋបញ្ជូនទៅអាជ្ញាធរស្រុកត្រួតពិនិត្យមើលពីអត្តសញ្ញាណប្រជាពលរដ្ឋអ្នកស្នើសុំជាដំបូង។
លោកបន្តថា អាជ្ញាធរខេត្តនឹងរៀបចំធ្វើការងារនេះជាមួយប្រជាពលរដ្ឋ៖ «សមត្ថកិច្ចហ្នឹងខេត្តបានប្រគល់ទៅឲ្យស្រុកធ្វើការហើយ។ ពិនិត្យមើលទៅលើបញ្ជីឈ្មោះប្រជាពលរដ្ឋដែលបានស្នើសុំហ្នឹងថា តើប្រជាពលរដ្ឋនៅទីកន្លែងហ្នឹងជាក់ស្ដែងពិតឬក៏អត់?»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍រំលឹកថា មន្ត្រីអាជ្ញាធរខេត្តគួរប្រញាប់ដោះស្រាយសំណើរបស់ពលរដ្ឋ ចៀសវាងអូសបន្លាយបញ្ហាតទៅទៀត។ លោកបន្តថា អាជ្ញាធរគួរលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវធ្វើដំណើរងាយស្រួលអភិវឌ្ឍន៍ភូមិឃុំស្របតាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានតាមរយៈក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ៖ «យើងសម្គាល់ឃើញថា គួរតែមានដំណោះស្រាយណាមួយឲ្យសមទៅនឹងនីតិវិធីច្បាប់។ បច្ចុប្បន្នគាត់កំពុងជួបការលំបាកហើយប្រឈម»។
យ៉ាងនេះក្តី តំណាងសហគមន៍ឲ្យដឹងថា ប្រជាពលរដ្ឋនឹងនាំគ្នាមកតវ៉ានៅមុខសាលាខេត្ត ប្រសិនសំណើលើកទីពីររបស់ពួកគាត់មិនត្រូវបានដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តសៀមរាបរារាំងពលរដ្ឋមិនឲ្យមកតវ៉ារឿងដីធ្លីនៅភ្នំពេញ
- ពលរដ្ឋមានទំនាស់ដីនៅពោធិ៍សាត់ប៉ះទង្គិចជាមួយសមត្ថកិច្ច
- សាលាក្រុងហាមពលរដ្ឋសាងសង់និងទិញលក់ដីក្នុងតំបន់អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ
- ពលរដ្ឋជិត១០០នាក់លើកគ្នាតវ៉ាមុខការិយាល័យខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ
- បញ្ហាជម្លោះដីនៅតំបន់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបទំនើបខណ្ឌឫស្សីកែវ
- ពលរដ្ឋជំរុញឲ្យអាជ្ញាធរចាត់វិធានការលើមេភូមិដែលរំលោភយកដីរួម
- អ្នកមានបញ្ហាដីជួបពិភាក្សាគ្នាអំពីជម្លោះដីនិងដំណោះស្រាយ
- អ្នកភូមិ៣០នាក់ត្រូវតុលាការខេត្តកំពង់ស្ពឺកោះហៅឲ្យចូលបំភ្លឺរឿងទំនាស់ដីធ្លី
- ពលរដ្ឋ២៩គ្រួសារនៅពោធិ៍សាត់ប្រឈមនឹងការបាត់បង់ដីធ្លី