ដោយ៖ ថុល ស្រីលក្ខណ៍ និង ដួង សុខា
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋ៦គ្រួសារ នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអេងកាំង បន្ទាប់ពីតុលាការកោះហៅពួកគាត់ចូលខ្លួនបំភ្លឺជុំវិញពាក្យបណ្តឹងរបស់ក្រុមហ៊ុន នៅសប្តាហ៍នេះ។
អ្នកស្រី ហុង ចាន់ឌឿន ឲ្យដឹងថា ក្រុមហ៊ុនបានចោទពួកគាត់ថា បានរស់នៅលើដីរបស់ក្រុមហ៊ុន ដែលទិញពីសាកលវិទ្យាល័យភូមិន្ទកសិកម្មព្រែកលាប។ អ្នកស្រីថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះឲ្យអ្នកស្រី និងស្វាមី ព្រមទាំងប្អូនស្រីអ្នកស្រីចូលខ្លួន នៅថ្ងៃអង្គារស្អែកនេះ ដើម្បីចូលរួមត្រៀមនីតិវិធីសម្រាប់ការទាញហេតុផល។ ដីកាកោះ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អឿង សៀង គឺពាក់ព័ន្ធសំណុំរឿងរដ្ឋប្បវេណី សុំឲ្យរុះរើផ្ទះចេញពីបរិវេណស្រះត្រីរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្មព្រែកលាប។ អ្នកស្រីថា ពួកគាត់មិនអាចរុះរើផ្ទះចេញ ដោយមិនមានសំណងនោះទេ។
ចំណែក អ្នកស្រី គុជ លឹមសាន្ត មានប្រសាសន៍ថា កាលពីថ្ងៃទី១៤ ខែធ្នូ អ្នកស្រីបានទទួលដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ឲ្យគ្រួសារទាំង៦ចូលបំភ្លឺនៅថ្ងៃទី១៩ ខែធ្នូ។ អ្នកស្រីបន្តថា គាត់មិនអាចទទួលយកការចោទប្រកាន់របស់ក្រុមហ៊ុននោះបានទេ ៖ “ពីសង្គមដីហ្នឹងដីសាលាអូនណា ប៉ុន្ដែនៅ៧៩ អ្នកណាមកកម្មសិទ្ធិរបស់អ្នកហ្នឹងអូនណា ហើយខ្ញុំនៅតាំងពីខ្ញុំនៅក្រមុំ ឥឡូវខ្ញុំអាយុជិត៦០ហើយ កូនខ្ញុំអាយុ៣៥ហើយអូនឯងមើល ហើយមិនដែលមានប្ដឹងអី ទើបមកប្ដឹង ចាវាថា ខ្ញុំនៅលើដីហ្នឹងថា ហើយវាអាក្រុមហ៊ុនហ្នឹងវាបំភ្លើសណាស់ វាប្ដឹងទៅតុលាការណាអូន ខ្ញុំមិនដែល វាថា សុទ្ធតែឲ្យពួកខ្ញុំទាំង៦គ្រួសារ ថាមួយគ្រួសារបីម៉ឺន ហើយវាថា ពួកខ្ញុំអត់យកទេ ទាមទារ៦ម៉ឺន ហើយវាមិនដែលមកជួបខ្ញុំផង ហើយឥឡូវសំបុត្រចេញពីតុលាការ ហៅពួកខ្ញុំទៅ” ។
មេភូមិព្រែកលាប លោក គុជ ហុង ឲ្យដឹងថា ប្រជាពលរដ្ឋទាំង៦គ្រួសារនេះរស់នៅតាំងពីឆ្នាំ១៩៧៩មក។ លោកអះអាងថា យោងតាមច្បាប់ភូមិបាល ពលរដ្ឋទាំងនោះមានសិទ្ធិកាន់កាប់លើដីនេះដោយស្របច្បាប់ ៖ “អាហ្នឹងខ្ញុំតិចចោះ ថា ប្រជាពលរដ្ឋខ្ញុំនេះ មិនអាចរុះរើ ចេញពីហ្នឹងបានទេ ហេតុអីព្រោះគាត់បានកាន់កាប់ទីហ្នឹងយូរហើយ ដែលសារាចរលេខ០១” ។
នាយកលេខាធិការដ្ឋាននៃក្រុមការងារសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បញ្ជាក់ថា ប្រសិនបើអាជ្ញាធរទទួលស្គាល់ថា ពួកគាត់ពិតជាបានរស់នៅតាំងពីឆ្នាំ១៩៧៩មែននោះ មានន័យថា ដីនោះជាដីស្របច្បាប់របស់ពួកគាត់។ លោកថា ប្រសិនបើរដ្ឋាភិបាលចង់លក់ ឬចង់យកទៅធ្វើអ្វីមួយ ត្រូវចរចាជាមួយពលរដ្ឋ មិនមែនបណ្តេញចេញ ដូចករណីនៅបឹងកក់ បុរីកីឡា ឬ ឡពាងនោះទេ ៖ “មុនពេលដែលគាត់ចូលកាន់កាប់មុនច្បាប់ភូមិបាល ២០០១ហ្នឹង គឺមុន៥ឆ្នាំ ចឹងបើគាត់នៅតាំងពី៧៩ ចឹងច្បាប់ភូមិបាលទើបតែអនុម័ត២០០១ហ្នឹង ចឹងមានន័យថា គាត់ហ្នឹងគឺទទួលបានកម្មសិទ្ធិស្របច្បាប់ហើយ អញ្ចឹងរដ្ឋត្រូវតែប្រគល់កម្មសិទ្ធិស្របច្បាប់ជូនគាត់ ប្រសិនបើក្រុមហ៊ុនត្រូវការ ត្រូវរូវគ្នាជាមួយរដ្ឋាភិបាល ដើម្បីយកកន្លែងហ្នឹងទៅអភិវឌ្ឍអីហើយ អាហ្នឹងយើងចរចាជាមួយគាត់ទៅ ដោះស្រាយជូនគាត់ទៅ ធ្វើម៉េចឲ្យតែឈ្នះៗទាំងអស់គ្នាទៅ កុំឲ្យឈ្នះតែក្រុមហ៊ុន ឈ្នះតែរដ្ឋាភិបាល ហើយអ្នកដែលគ្នាធ្លាប់នៅតាំងពី៧៩មក ហើយគ្នាទទួលបានទទេចឹងទៅ ដូចអ្នកបឹងកក់៨ពាន់៥រយសួរថា វាសមភាពដែរទេ វាមានតម្លាភាពដែរទេអាហ្នឹង” ។
VOD មិនអាចទាក់ទងក្រុមហ៊ុនអេងកាំង បាននៅឡើយទេ៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com