ដោយ៖ តាំង វីដា និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី18 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ BFC (រូបថត តាំង វីដា)
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ ព្រមានថា នឹងផ្សព្វផ្សាយឈ្មោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រស្បែកជើងទាំងឡាយ ដែលបានប្រព្រឹត្តខុសច្បាប់ ឬខុសលក្ខខណ្ឌការងារ ដើម្បីជាការពង្រឹងបន្ថែមនូវសុវត្ថិភាពតាមរោងចក្រ និងធានាសិទ្ធិការងាររបស់កម្មករ។
ការប្រកាសនេះធ្វើឡើង ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រយៈពេល ៣ឆ្នាំ ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការពលកម្មអន្តរជាតិ ស្តីពីគម្រោងរោងចក្រកាត់តែប្រសើរនៅកម្ពុជា (Better Factories Cambodia)។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ចាត់ទុកការដាក់បញ្ចូលលក្ខខណ្ឌប្រកាសផ្សាយឈ្មោះរោងចក្រ ដែលបានប្រព្រឹត្តខុសច្បាប់ ទៅក្នុងគម្រោងរោងចក្រកាត់ដែរកាន់តែប្រសើរនៅកម្ពុជា គឺជាជំហានថ្មីមួយរបស់រដ្ឋាភិបាល អាណត្តិទី៥ លើកំណែទម្រង់សិទ្ធិការងារ និងលក្ខខណ្ឌការងារនៅកម្ពុជា។ លោកចាត់ទុកថា ការដាក់ទណ្ឌកម្ម ដោយប្រកាសឈ្មោះ ក្រុមហ៊ុន និងរោងចក្រ ដែលមិនគោរពលក្ខខណ្ឌការងារ ឬច្បាប់ គឺដើម្បីរឹតបណ្តឹងការអនុវត្តច្បាប់ និងដើម្បីបង្ហាញដល់បរទេសថា កម្ពុជាពិតជាបានអនុវត្តសិទ្ធិការងារពេញលេញ ៖ “នៅក្នុងវ៉ិបសាយរបស់គេថា រោងចក្រមួយនេះមិនបានដំណើរការ តាមច្បាប់ទម្លាប់ទេ ដូច្នេះអ្នកទិញប្រហែលគេ បញ្ឈប់ទិញពីរោងចក្រ យើងមានដើម្បីថា ឲ្យគេដឹងឮ អ្នកទិញបរទេសទូទាំងពិភពលោក គេមានជំនឿជឿទុកចិត្តថា រោងចក្រនៅកម្ពុជា គឺរោងចក្រល្អ គោរពសិទ្ធិរបស់កម្មករ កន្លែងធ្វើការល្អ អាចគេធ្វើការដោយសប្បាយ”។
លោក ស៊ុន ចាន់ថុល ឲ្យដឹងដែរថា ថ្មីនេះៗ ប្រមុខរដ្ឋាភិបាល បានលុបចោលនូវការតម្រូវឲ្យមានវិញ្ញាបនបត្រ (Certificate of Origin) ដើម្បីនាំចេញសំលៀកបំពាក់ទៅអាមេរិក និងប្រទេសមួយចំនួនទៀត ក្នុងគោលដៅកាត់បន្ថយចំណាយរបស់ថៅកែរោងចក្រ និងចំណេញពេលវេលា ដើម្បីជួយឲ្យរោងចក្រ និងក្រុមហ៊ុន អាចប្រើមូលនិធិ ផ្តល់ប្រាក់ឈ្នួលបន្ថែមដល់កម្មករ និងកម្មការិនី។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ យល់ថា វិធានការនេះ ជាជំហ៊ានប្រសើរមួយ នាំឲ្យក្រុមហ៊ុន និងរោងចក្រប្រព្រឹត្តខុស ផ្លាស់ប្តូរឥរិយាបថ កែប្រែលក្ខខណ្ឌការងារស្របតាមច្បាប់ និងជួយឲ្យកម្មករ និងកម្មការិនី ទទួលបានសិទ្ធិពេញលេញ។ ប៉ុន្តែ លោកថា វិធានការនេះ អាចឈានទៅរកអំពើពុករលួយ លាក់បាំងឈ្មោះរោងចក្រ គឺអាស្រ័យលើការអនុវត្តផ្ទាល់របស់មន្ត្រីពាក់ព័ន្ធ ៖ “នៅក្នុងប្រទេសកម្ពុជារបស់យើង បើយើងមើលឧស្សាហកម្មកាត់ដែរនេះ គឺថាមានរោងចក្រ ជាង៨០០ ដែលបានធ្វើអាជីវកម្មផ្នែកកាត់ដេរនេះ ប៉ុន្តែរោងចក្រដែលបានចុះបញ្ជីត្រឹមត្រូវនាំចេញ មានតែជាង៥០០ទេ ហើយរោងចក្រដែលស្របច្បាប់នេះ តាមយើងទទួលបានពីក្រសួងការងារមានតែ ៧៧៦រោងចក្រទេ អញ្ជឹងនៅរោងចក្រជិតមួយរយទៀត ដែលមិនមានចុះបញ្ជីអីត្រឹមត្រូវ នេះហើយជាបញ្ហា”។
របាយការណ៍សំយោគលើកទី៣០ របស់គម្រោងរោងចក្រកាត់តែប្រសើរនៅកម្ពុជា BFC ចេញផ្សាយកាលពី ខែកក្កដា ឆ្នាំ២០១៣នេះ ឲ្យដឹងថា ភាពមិនអនុលោមតាមច្បាប់នៅក្នុងផ្នែកនានា ដែលពាក់ព័ន្ធជាមួយបញ្ហាសន្លប់ នៅក្នុងឧស្សាហកម្មកាត់ដេរ និងបញ្ហាសុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិត នៅតែជាបញ្ហាសំខាន់។ របាយការណ៍បង្ហាញថា បញ្ហាចំនួនពីរ គឺសុវត្ថិភាពអគ្គិភ័យ និងសុវត្ថិភាព សុខភាពរបស់កម្មករនិយោជិត បានកើនឡើងដល់ចំណុចកំពូល ដោយសារតែមានរោងចក្រជាច្រើនខកខាន មិនបានអនុលោមទៅតាមច្បាប់៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
Wow, he was a FUNCINPEC, now a CPP Minister!!!Hahahahahah Nationalism????
នេះជាការព្រមានគោះយកលុយហើយ វាមិនដែលខ្មេះទេពួកអាមន្ត្រីcppសុទ្ទតែឆ្អិនក្បាលសុីក្បាលច្អិនកន្ទុយសុីកន្ទុយព្រោះវាឡើងតំណែងតមរយះដុល្លាទេ វាគ្មានតាមសមត្ថភាពទេ គឺវាសូកតមឋានះ រដ្ឋមន្ត្រីសូកល្បងខ្វាង មន្ទីរសូករដ្ឋមន្រ្តី អីលូវត្រូវសូកចៅហ្វាយខេត្តទៀត រឿងអីមិនខំរកបើបានបុណ្យសក្តិដោយអស់ដុល្លានោះ។ មើប្រឆានមន្ទិរសុខាភិបាលខេត្តកណ្តាលផឹករាល់ល្ងាច កាលនៅមន្ទីរពេទ្យ មិនដែលយាមយប់ចូលតែktv ពេលថ្ងៃគួកចេរឡានម៉ូតូដើម្បីបានលុសូកឡើងបុណ្យសក្តិដូចបំណង នៅមានមន្ត្រីច្រើនទៀតគឺ95%ដែលឡើងបុណ្យដូច្នេះក្នុងសម័យដែកជោរ។