សហព័ន្ធ​សិទ្ធិ​មនុស្ស​មួយ ​លើកឡើងថា CNRP និង​សហជីព​មួយចំនួន​ញុះញង់​ពលរដ្ឋ​ចូលរួម​បាតុកម្ម​​

ដោយ៖​ សុទ្ធ គឹមសឿន​​
ថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើការសំណេះសំណាលជាមួយក្រុមបាតុករ (រូបភាពដោយ តាត ឧត្តម)

​សហព័ន្ធ​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ និង​សហជីព​មួយចំនួន បាន​ញុះញង់​ឲ្យ​កម្មករ និយោជិក គ្រូបង្រៀន មន្ត្រីរាជការ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ខែ្មរ ឈប់​សម្រាក​ពី​ការងារ ដើម្បី​ចូលរួម​ធ្វើ​មហា​បាតុកម្ម ដែល​សហព័ន្ធ​នេះ​ចាត់ទុកថា​ជា ​«​ទង្វើ​បំពាន​ច្បាប់បោះឆ្នោត​»​។​

​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ ក្នុង​គោលដៅ​ទាមទារ​ទម្លាក់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពី​តំណែង និង​បោះឆ្នោត​ឡើងវិញ​។​

សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ ឲ្យដឹងថា​ «​មហិច្ឆិតា​នយោបាយ​ដ៏​ខ្មៅ​ងងឹត និង​ភាពល្ងង់ខ្លៅ​របស់ គណបក្ស​សង្គ្រោះ​ជាតិ និង​សហជីព​» បាន​អនុវត្ត​ផ្ទុយ​ទៅនឹង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​មិនមែន​ជា​ទម្លាប់ ដែល​អន្តរជាតិ និង​បណ្តា​ប្រទេស​ផ្សេងៗ តែងតែ​ប្រកាន់យក​នោះទេ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ការ​ញុះញង់​ចូលរួម​បាតុកម្ម​នេះ បំពាន​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារធម្មនុញ្ញ​។​ សហព័ន្ធ បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​សហជីព​មួយចំនួន បាន​ញុះញង់​បំបែកបំបាក់ សាមគ្គីភាព ឯកភាព​ជាតិ សំដៅ​រុញច្រាន​កម្ពុជា​ឲ្យ​ធ្លាក់​ទៅក្នុង​ភាពចលាចល បាត់បង់​សណ្ដាប់ធ្នាប់ បង្ក​វិបត្តិ​កល​យុគ​សេដ្ឋកិច្ច អសន្តិសុខ​ក្នុងសង្គម និង​ភាពវឹកវរ​។​

សហព័ន្ធ​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍​កម្ពុជា អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ងាក​មក​រក​តុ​ចរចា​គ្នា​វិញ ដោយ​អនុវត្ត​នូវ​សេចក្ដីប្រកាស​រួម​ នៃ​ជំនួប​កំពូល​រវាង​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​១៦ ​ខែ​កញ្ញា ឆ្នាំ២០១៣ ដោយ​ចាត់ទុកថា​នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ក្នុង​ការបង្រួបបង្រួម​ជាតិ​ ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ​ជា​ធំ និង​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ​។​

​អគ្គនាយក​ទំនាក់ទំនង​សាធារណៈ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ មានប្រសាសន៍ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ និង​មាន​សិទ្ធិ​ទាមទារ​រក​យុត្តិធម៌ ដូចដែល​មានចែង​នៅក្នុង​ច្បាប់​។ ​លោកស្រី​បន្ដ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​បដិសេធ​ការចូលរួម​ចរចា​ទេ តែ​ការចូល​ចរចា​កន្លងមកនេះ មិន​ដែល​ទទួលបាន​លទ្ធផល​ទេ​៕

​សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles