ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
សង្គមស៊ីវិល ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាពីផលប៉ះពាល់នៃការសាងសង់ទុះនប់វារីអគ្គីសនី "ឆាយអារ៉ែង" ក្នុងភូមិ ព្រែកស្វាយ ឃុំថ្មបាំង ស្រុកថ្មបាំង ខេត្ដកោះកុង។
លិខិតចំហរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ដាក់ជូនលោក ហ៊ុន សែន បានរកឃើញថា ប្រសិនបើសាងសង់ ប្រជាជនប្រមាណ ៣៨៩ គ្រួសារ (១.៦៤២ នាក់) និងព្រៃឈើប្រហែលជា ២០.០០០ ហិចតា នឹងរងផលប៉ះពាល់។ ជាងនេះទៅទៀត ថនិកសត្វ ប្រមាណជា ៥៧ប្រភេទ បក្សី ៩៣ប្រភេទ ល្មូន ៥៥ប្រភេទ (រួមទាំងក្រពើភ្នំ) ឧរុង្គសត្វ ២៩ប្រភេទ និងត្រី៤៣ប្រភេទ (រួមទាំងត្រីនាគ) និងត្រូវបានគំរាមកំហែងដោយសារការសាងសង់ទំនប់នេះ។
ទំនប់វារីអគ្គិសនី ឆាយអារ៉ែង ទទួលបានការវិនិយោគពីក្រុមហ៊ុន ឆាយណា ហ្គូដៀន ខូផឺរេសិន (China Guodian Corporation) ដែលត្រូវបានចុះអនុស្សរណៈយោគយល់ជាមួយរាជរដ្ឋាភិបាលកម្ពុជានៅខែវិច្ឆិកា ឆ្នាំ ២០១០ បន្ទាប់ពីការដកខ្លួនចេញរបស់ក្រុមហ៊ុន ឆាយណា សាវដិន ផាវឺគ្រីត ដោយសារតែគម្រោងអាចនឹងបង្កឲ្យមានផលប៉ះពាល់បរិស្ថានខ្លាំង។ ទំនប់នេះជាគម្រោង សាងសង់ ប្រតិបត្តិ និង ផ្ទេរ (BOT) ដែលនឹងត្រូវការពេល ៤,៥ ឆ្នាំ ដើម្បីសាងសង់ និងមានកម្រិតសមត្ថភាព ១០៨ មេហ្កាវ៉ាត់ ដោយចំណាយទឹកប្រាក់សរុប ៣២៧ លាន ដុល្លារសហរដ្ឋអាមេរិក។
គម្រោងនេះនឹងចំណាយថវិកាយ៉ាងច្រើន ប៉ុន្តែកម្លាំងថាមពលអគ្គីសនីទទួលបានគឺទាប ខណៈដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ព្រៃឈើ សត្វព្រៃ ជីវចំរុះ និងសង្គមយ៉ាងខ្លាំង ។
សង្គមស៊ីវិល ឲ្យដឹងថា ទីតាំងដែលត្រូវផ្លាស់ប្តូរ ប្រជាពលរដ្ឋពីកន្លែងដែលពួកគាត់កំពុងរស់នៅទៅ តំបន់វាល ៧៣ ឬ វាលយន្តហោះ ជាកន្លែងដែលអាចនឹងកើតមានជម្លោះរវាងសត្វ និងមនុស្ស ព្រោះជាតំបន់សត្វដំរីឆ្លងកាត់។
តាមការចុះស្រាវជ្រាវរបស់សម្ព័ន្ធទន្លេកម្ពុជា នៅតំបន់ដែលគ្រោងនឹងសាងសង់ទំនប់ចាប់ពីថ្ងៃទី០៩ ដល់ ១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ឃើញថា “តំបន់នោះ ជាវាលរាបមិនមែនជ្រលងភ្នំដែលសមនឹងសង់ទំនប់វារីអគ្គិសនី ជាតំបន់ដែលមានទេសភាពធម្មជាតិស្អាត និងមានទឹកធ្លាក់ច្រើនកន្លែងដែលសមស្របជាតំបន់រមណីយដ្ឋានធម្មជាតិ ជាតំបន់ដែលមានប្រជាពលរដ្ឋជនជាតិដើមភាគតិច "ជង" រស់នៅច្រើន ជាពិសេសគឺស្ត្រី និងកុមារ ដែលអាចនឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារពួកគាត់រស់នៅផ្ទាល់ និងជិតស្និតទៅលើធនធានធម្មជាតិក្នុងតំបន់នេះ។ ជាឧទាហរណ៍ មានកុមារាអាយុ១០ឆ្នាំម្នាក់បាននិយាយថា «គាត់ចង់បានធម្មជាតិជាជាងទំនប់វារីអគ្គីសនីពីព្រោះព្រៃឈើ និងធនធានធម្មជាតិជារបស់គាត់មិនមែនជារបស់នរណាម្នាក់ទេ»។
សង្គមស៊ីវិល ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់នូវទំនៀមទម្លាប់ ប្រពៃណី និងការប្រតិបត្តិប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើម "ជង" ដូចជា ចំការវិលជុំ ព្រៃអារក្ស ផ្នូរបុព្វបុរស លំនៅដ្ឋាន និងព្រៃឈើដែលជាកន្លែងទទួលអនុផលប្រចាំថ្ងៃរបស់ពួកគាត់។
តំបន់ដែលគ្រោងនឹងសាងសង់ទំនប់ គឺជាតំបន់ដែលមានសក្តានុពលផ្នែកធម្មជាតិកម្រមួយ បន្ទាប់ពីព្រៃអាម៉ាហ្សូន Amazon ដែលមិនអាចរកបាននៅតាមបណ្តាប្រទេសនានាក្នុងអាស៊ីភាគ អាគ្នេយ៍។
តាមសង្គមស៊ីវិល គឺស្នើសុំឲ្យលោក នាយករដ្ឋមន្ត្រី ពិចារណាក្នុងការដាក់តំបន់នេះជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនជាតិដើមភាគតិចបានរស់នៅពឹងលើសម្បត្តិធម្មជាតិនេះ និងសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយរបស់ពួកគាត់៕
សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com