តុលាការខេត្ត​កណ្តាល​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រក​ព្រះ​សុវណ្ណកោដ្ឋ​​

ដោយ៖​ ថុល ស្រីលក្ខណ៍ និង ដួង សុខា​
ថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
ព្រះសក្យមុនីចេតិយ (រូបថត ណាត សុភាព)

ព្រះសក្យមុនីចេតិយ (រូបថត ណាត សុភាព)

​សាលាដំបូង​ខេត្តកណ្ដាល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​គ្រប់​ថ្នាក់​ស៊ើប​អង្កេត​រក​ព្រះ​សុវណ្ណកោដ្ឋ​តម្កល់​បរម​សារីរិកធាតុ​ព្រះពុទ្ធ ដែល​បាន​បាត់​ពី​ព្រះ​សក្យមុនីចេតិយ​នៅលើ​ភ្នំ​ព្រះ​រាជទ្រព្យ ឬ​ភ្នំ​ឧត្តុង្គ កាល​ពី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ​។

​ចៅក្រម​ស៊ើបសួរ​តុលាការខេត្ត​កណ្តាល លោក លឹម សុគន្ថា ឲ្យដឹងថា ​តុលាការ​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រួតពិនិត្យ​តាម​ច្រក​ព្រំដែន​ទាំងអស់​។ លោក​ថា លោក​បាន​ហា​ម​​សាធារណជន​ចូលទៅ​ទីតាំង​ព្រះ​សក្យមុនី​ចេតិយ​ ៖ “គាត់ស៊ើបអង្កេត ទូទាំងប្រទេស រកសាក្សីណា ដែលគាត់ យល់ថា មានប្រយោជន៍ គាត់សួរអី សួទៅ ឆែកឆេកន្លែងណា ចាំបាច់ ហើយយើង ទាប់ស្កាតតាម ច្រកទ្វាព្រំដែន ករណីដែល សង្ស័យចល័ត រឿងគ្រឿងមាស សុវណ្ណកោដ្ឋ អីចឹងណាស់” ។

​លោក បន្ថែមថា រហូតមកដល់​ថ្ងៃនេះ តុលាការ​មិន​ទាន់​រក​ឃើញ​តម្រុយ​នៃ​ការ​លួច​ព្រះ​បរម​សារីរិកធាតុ​ទេ​។ លោក​ថា នៅ​ថ្ងៃស្អែក​នេះ លោក​នឹង​សាកសួរ​ជនសង្ស័យ​ទាំង​៥​នាក់ ជា​​ឆ្នាំ​យាម​នៅ​ទីនោះ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​តុលាការ​។

​មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កណ្តាល លោក ម៉ែន មករា ជំរុញ​ឲ្យ​តុលាការ ស៊ើបអង្កេត​ពី​ករណី​នេះ​ឲ្យបាន​ឆាប់ ព្រោះ​ព្រះ​បរ​ម​សារីរិក​ធា​តុ​​របស់​ព្រះពុទ្ធ​ជា​បាវចនា​របស់​ជាតិខ្មែរ​ ៖ "​នេះ​ជា​ផ្នែក​មួយ នៃ​បាវចនា​ជាតិខ្មែរ ជាតិ សាសនា ព្រះមហាក្សត្រ ព្រោះ​សារីរិកធាតុ​តំណាង​ឲ្យ​ព្រះពុទ្ធ ដែល​ប្រទេស​កម្ពុជា​យើង​កាន់​ព្រះពុទ្ធសាសនា អញ្ជឹង​ពេលបាត់​គឺ​គួរឲ្យ​អាម៉ាស់​បំផុត ហើយ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស លួច​យក​ទ្រព្យសម្បត្តិ ដែល​ជា​បេតិកភណ្ឌ​ជាតិ បែបនេះ គឺ​គួរឲ្យ​ស្អប់ខ្ពើម​បំផុត ដែល​មនុស្ស​លើ​លោក កាន់​ពុទ្ធសាសនា គេ​មិន​ពេញចិត្ត គេ​មិន​ចូលចិត្ត គេ​មិន​ស្រលាញ់​"​។​

​កាលពី​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ ព្រះសង្ឃ​ប្រមាណ​៥០០​អង្គ និង​ពលរដ្ឋ​មួយចំនួន ដង្ហែ​ជា​ក្បួន​សំដៅ​ទៅ​ខាង​មុខ​សាលសន្និសីទ​ចតុមុខ ដើម្បី​ទាមទារ​ឲ្យមាន​ការ​ចាប់ខ្លួនជន ដែល​លួច​ព្រះ​សារីរិកធាតុ​។ លិខិត​កាលពី​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ របស់​គណ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចុះហត្ថលេខា ដោយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​អគ្គ​សង្ឃនាយក ន​ន្ទ ង៉ែត បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ពាក់ព័ន្ធ ព្រម​ទាំង​អាជ្ញាធរ សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ បន្ត​ខិតខំ​ជួយ​ស្វែងរក​ព្រះ​បរម្យ​សារីរិកធាតុ​នៃ​ព្រះសម្មាសម្ពុទ្ធ តម្កល់​ក្នុង​ព្រះ​សុវណ្ណកោដ្ឋ​ទម្ងន់​ជាង​១០​គីឡូក្រាម​មកវិញ​ឲ្យបាន​។

​ទស្សនា​វ​ដ្តី​កម្ពុ​ជៈ​សុរិយា ដែល​បោះពុម្ពផ្សាយ​ពី​សាសនា និង​វប្បធម៌​ខ្មែរ ឲ្យដឹងថា ព្រះបាទ​ សម្តេចព្រះ​នរោត្តម សីហនុ បាន​ទទួល​ព្រះ​បរម​សារីរិកធាតុ និង​កូនមហា​ពោធិព្រឹក្ស​ពីរ​ដើម ដែល​នាំ​មក​ពី​ប្រទេស​ឥណ្ឌា កាលពី​ឆ្នាំ​១៩៥២​។ ព្រះ​បរម​សារីរិកធាតុ​របស់​ព្រះពុទ្ធ​នេះ ត្រូវបាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ ចាត់ទុក​ជា​វត្ថុ​មានតម្លៃ តំណាង​ឲ្យ​ភាពសុខ​សាន្ត និង​ជាទី​សក្ការបូជា​សម្រាប់​ពុទ្ធសាសនិក​៕

សូមសរសេរមកកាន់ អ្នកនាង ​ថុល ​ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com


What Next?

Recent Articles

3 Responses to "តុលាការខេត្ត​កណ្តាល​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រក​ព្រះ​សុវណ្ណកោដ្ឋ​​"

  1. ភ្នែកទោល says:

    សូមបងប្អូនជួយតាមដានរឿងនេះឲ្យមែនទែន សង្ស័យតែជាយុត្តិសាស្ដ្ររបស់ហ៊ុនសែនទេ ដែលចង់ទាញអារម្មណ៍ពលរដ្ឋខ្មែរដែលកំពុងតែផុសផុលក្នុងការចូលរួមធ្វើមហាបាតុកម្មទាមទារទម្លាក់ហ៊ុនសែនជាមួយបក្សសង្គ្រោះជាតិឲ្យមកចាប់អារម្មណ៍ជាមួយការបាត់បង់នូវរបស់ដែលមានតម្លៃនិងជាទីគោរពចំពោះខ្មែរគ្រប់រូប ល្បិចកលពួកគុម្មុយនិស្តផ្ដាច់ការមានច្រើនមិនចេះរីងស្ងួត សូមប្រុងប្រយ័ត្ន។

  2. ព្រះសុវណ្ណកោដ្ឋ says:

    រាជរដ្ឋាភិបាល​និង​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​គួរ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ព្រះ​បរម​សារីរិកធាតុ និង​វត្ថុ​មានតម្លៃ​សម្រាប់​វិ​ស័យ​​​ព្រះ​ពុទ្ធ​សា​ស​នា​​។

  3. Sen-Gaddafi says:

    ទៅរកនៅផ្ទៈហ៊ុនសែនទៅឃើញហើយព្រោះតែវាជឿរលើគ្រូទាយថាបើមិនទៅលួចព្រះសិរីរិក្សធាតុចេញពីទីនោះ ទេនោះអំណាចហ៊ុនសែនត្រូវអស់នៅដើមឆ្នាំ២០១៤នេះហើយ។ ដូច្នេះហើយវាជឿលើគ្រូទាយនោះហើយក៍បញ្ជារ ឲ្យគ្នាវាទៅលួចយកមកទុកនៅផ្ទៈរបស់ហ៊ុនសែនតែម្តងទៅ។ បើមិនទៅរកនៅផ្ទៈហ៊ុនសែនទេ រកទាល់តែងាប់ទៀត ក៍រកមិនឃើញដែរ។