សង្គម​​ស៊ីវិល បារម្ភ​​ពី​​ការ​បាត់​បង់​​ជំនួយ​​លើ​​វិស័យ​​សុខា​ភិបាល​​ជាង​​១០០​​លាន​​ដុល្លារ​

ដោយ៖​ តាំង វី​ដា និង ស៊ុន ណារិន​
ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​អង្គការ​តម្លាភាព​ក​ម្ពុ​ជា និង​​ដៃគូរ​ពាក់ព័ន្ធ ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល ត្រូវតែ​ប្រគល់​ប្រាក់​មូលនិធិ ប្រមាណ ៤៧​ម៉ឺន​​ដុល្លារ ទៅកាន់​មូលនិធិ​សកល​វិញ ដើម្បី​​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់​កម្ពុជា​ទៅ​ម្ចាស់​ជំនួយ និង​ជៀសវាង​ការបាត់បង់​មូលនិធិ​ផ្គត់ផ្គង់​សេវា​សុខភាព​របស់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​អនាគត​។​

លិខិត​របស់​មូលនិធិ​សកល ចុះ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បានដាក់​កំហិត​ឲ្យ ក្រសួង​សុខាភិបាល ផ្តល់ប្រាក់​វិញ​ចំនួន​ជាង ៤១០៧១២​ដុល្លារ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ ប្រាក់​៤១៤០៤​​ដុល្លារ​វិញ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ ស្បែក និង​កាមរោគ​(NCHARDS) និង​ប្រាក់​២០៧២៥​ដុល្លារ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អង្គការ​មេ​ឌី​ខាំ (MEDiCAM)​មកកាន់​មូលនិធិ​វិញ ក្នុង​រយៈពេល​៣០​ថ្ងៃ បន្ទាប់ពី​រកឃើញ​ថា គម្រោង​លើ​ផ្នែក​សុខ​ភាព​​មួយ​ចំនួន មាន​ជាប់​ពាក់ព័ន្ធ​នឹង​​អំពើពុករលួយ​។​

​លិខិត​ បន្ត​ថា ​មូល​និធិ​​សកល នឹង​ទុកពេល​៣០​ថ្ងៃ​​ក្នុង​ការផ្តល់​លុយ​មក​វិញ​តាម​ធនាគារ ដោយ​ព្រមាន​ថា ប្រសិនបើ​មិន​មាន​ការផ្តល់​ថវិកា​ម​ក​វិញ​តាម​ការកំណត់​ទេ លទ្ធផល​មួយ​ចំនួន​អាច​កើតឡើង​។ ចំណុច ដែល​ព្រមាន​នោះ រួម​មាន​នឹងមិន​ដំណើរការ​ចុះ​ហត្ថលេខា​ជាមួយ​កម្ពុជា ទៅលើ​ជំនួយ​លើ​ជំងឺ​គ្រុន​ចាញ់​តម្លៃ​១៥​លាន​ដុល្លារ ហើយ​ជំនួយ​ប្រមាណ​ជា​២០៩៧៤២០៥,៧៣​ដុល្លារ នឹង​ត្រូវ​ព្យួរ​ទាំងអស់ ឬ​មួយ​ភាគ​។ មូលនិធិ​សកល ក៏​បាន​ព្រមាន​​ថា នឹងមិន​ដំណើរការ​ការចុះហត្ថលេខា​លើ​ការអនុវត្ត​ទី​ពីរ​នៃ​ជំនួយ​សម្រាប់ ជំងឺអេដស៍​តម្លៃ​ប្រហែល​ជា​៥៧៦៦៣០៧៥​ដុល្លារ ប្រសិនបើ​មិន​មាន​​ការផ្តល់ថិវកា​មកវិ​ញ តាម​ការដាក់កំហិត​។ មូលនិធិ ក៏​បាន​ព្រមាន​ថា ជំនួយ​សម្រាប់​លើ​ជំងឺគ្រុនចាញ់ ដំណាក់កាល​ទី​ពីរ តម្លៃ​១២៦៣៧៥៣៣ ក៏​នឹង​​អាច​ត្រូវ​កាត់បន្ថយ​ដោយ​ប្តូរ​ទៅ​ជា​ការផ្តល់​សេវា​សំខាន់ៗ​តែប៉ុណ្ណោះ​។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល យល់ថា ការព្រមាន​ផ្តាច់ជំនួយ​នេះ អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល ដែល​បម្រើ​សេវាកម្ម​សុខ​ភាព​សាធារណៈ​នេះ ដោយសារ​អំពើ​ពុករលួយ ដែល​ត្រូវបាន​ចោទប្រកាន់ មិន​ត្រូវ​បាន​ស៊ើបអង្កេត​រក​ការ​ពិត​នៅឡើយ​។ លោក​ថា រដ្ឋាភិបាល គួរតែ​ឆ្លើយតប​ជា​វិជ្ជមាន ចំពោះ​ការទាមទារ​របស់​មូលនិធិ​នេះ ដើម្បី​បង្ការ​ការ​ផ្តាច់ជំនួយ និង​អាច​ឲ្យ​ប្រភព​ជំនួយ​ដទៃ​ទៀត បន្ត​ទ្រទ្រង់​ជំនួយ​បន្ថែម ​៖

​ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ លោកស្រី ម៉ម ស៊ីថា ចាត់ទុកថា អំពើពុករលួយ ដែល​ត្រូវបាន​រកឃើញ ក្នុង​ក្រសួង​សុខាភិបាល​​នេះ គឺជា​រូបភាព​យ៉ាង​អាក្រក់​មួយ ដែល​កម្ពុជា បាន​អនុវត្ត​ផ្ទុយ​ទាំងស្រុង​ពី​បំណង​របស់​ម្ចាស់ជំនួយ ​៖

VOD បាន​ព្យាយាម​ទាក់ទង​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​ប្រធាន​អង្គការ​មេ​ឌី​ខាំ លោក ស៊ិន សុ​មី​នី តែ​លោក​មិន​លើក​ទូរស័ព្ទ ចំណែក​​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត បដិសេធ​ឆ្លើយតប​ករណីនេះ​។​

​របាយការណ៍​ចេញ​ដោយ​មូលនិធិ​សកល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ បង្ហាញថា មន្ត្រីជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ​(CNM) និង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​(NCHARDS) ដែល​ស្ថិតនៅក្រោម​ចំណុះ​ក្រសួង​សុខាភិបាល ព្រមទាំង​អង្គការ​មេ​ឌី​ខាំ​ជា​បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល​ដ៏​ធំ​មួយ បាន​ចូលរួម​ក្នុង​បណ្តាញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​មួយ ថែមទាំង​ទាមទារ​លើស​ការចំណាយ​ជាក់ស្តែង​ដល់​ទៅ​ពីរ ឬ​បី​ដង​ទៀត​ផង​។​

របាយការណ៍​នោះ បាន​ស៊ើបអង្កេត​លើ​ប្រាក់​ជំនួយ​របស់​មូលនិធិ ចំនួន​ជាង​៨០​លាន​ដុល្លារ​អាមេរិក ដែល​ផ្តល់​មក​ឲ្យ​ស្ថាប័ន​ចំណុះ​ក្រសួង​សុខាភិ​បាល ដោយ​រកឃើញ​នូវ​ភស្តុតាង​សំខាន់ៗ​ជាច្រើន ដែល​បញ្ជាក់ថា ការដេញថ្លៃ​មួយចំនួន​មាន​ភាពមិនប្រក្រតី ការ​កិបកេង​ប្រាក់​ជំនួយ និង​ការ​ប្រើ​ប្រាស់​​ប្រាក់​​ជំនួយ​​ខុស​​គោល​ដៅ​។ ប៉ុន្តែ អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ លោក ឌួង សុជាតិ ដែល​រង​ការចោទប្រកាន់​នោះ ប្រាប់​VOD​ថា របាយការណ៍​មូលនិធិ​សកល គឺ​ត្រូវបាន​បោះពុម្ព​តែមួយ​ចំហៀង​ប៉ុណ្ណោះ មិន​បាន​លើកឡើង​ពី​សកម្មភាព​ទាំង​ស្រុង​នោះទេ ក្នុង​ដំណើរការ​ដេញថ្លៃ​នោះទេ​។​

​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក កែវ រ៉េមី ឲ្យដឹងថា អង្គភាព បាន​កំពុង​ចាត់ការ​រឿងនេះ តែ​សម្រាប់​ព័ត៌មាន​លម្អិត លោក​ជំរុញ​ឲ្យ​សួរ​ប្រធាន​អង្គភាព​ប្រ​ឆាំង​អំពើពុករលួយ លោក ឱម យិនទៀង តែ​VOD មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ ៖

កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ក្រសួង​សុខាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​ថា ក្រសួង​មិន​បានដឹង​ពី​សកម្មភាព​របស់​បុគ្គ​ល​ពុករលួយ​ទាំងអស់​ក្នុង​ពេល អនុវត្ត​​គម្រោង ដែល​ប្រើប្រាស់​មូលនិធិ​សកល​ឡើយ​។ ក្រសួង​ទម្លាក់កំហុស​លើ​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ថា ជា​អ្នកទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​នេះ​។​

អ្នកវិភាគ​បញ្ហា​សង្គម លោក កែម ឡី ចាត់ទុក​រឿង​នេះ​ថា ជា​បន្ទុក​ទាំងស្រុង​របស់​ថ្នាក់ដឹកនាំ​ក្រសួង ដែល​ធ្វេស​ប្រហែល​បណ្តោយ​ឲ្យ​រឿង​នេះ​កើត​ឡើង ដោយ​មិន​គួរ​ទម្លាក់កំហុស ទៅ​បុគ្គល​ដែល​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន​នោះទេ​៕

សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

2 Responses to "សង្គម​​ស៊ីវិល បារម្ភ​​ពី​​ការ​បាត់​បង់​​ជំនួយ​​លើ​​វិស័យ​​សុខា​ភិបាល​​ជាង​​១០០​​លាន​​ដុល្លារ​"

  1. ព្រះសុវណ្ណកោដ្ឋ says:

    ប្រធាន​អង្គភាព​ប្រ​ឆាំង​អំពើពុករលួយ លោក ឱម យួនទៀង អើយ!ចាត់ការឲ្យបានឆាប់ៗៗទៅ។បើគេធ្វើ បាតុកម្មទាមទារយុត្តិធម៌វិញ សុទ្ធតែថា ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូររដ្ឋាភិបាល!!!ករណីមន្រ្តីរាជការពុក​រលួយបំផ្លាញថវិកាជាតិនិងធ្វើឲ្យកេរ្តិ៍ឈ្មោះរដ្ឋាភិបាលស្អុយគគ្រុះ មិនប្រញាប់ចាត់ការទេ????

  2. raksasok says:

    នេះជារឿងអាមាស់មួយសម្រាប់កម្ពុជា ក្នុងសម័យតេជោព្រោះតែអំពើពុករលួយ ពីថ្នាក់ក្រោមដល់ថ្នាក់លើ ដែលផលវិបាកបានធ្លាក់មកលើប្រជាជន និងសង្គមជាតិខ្មែរទាំងមូល
    សង រឺមិនសង ?
    -បើសងមានន័យថាខ្លួនពុករលួយមែន ជនថោកទាបគឺថ្នាក់ដឹកនាំ មុខក្រាសប៉ុនណាទៅ ?
    -បើមិនសង បាត់ជំនួយដល់ទៅ១០០លានដុល្លារសម្រាប់ប្រជាជនកម្ពុជាក្រីក្រទាំងនគរ
    នេះឯងជាហេតុផល ដែលប្រជាជនកម្ពុជាសឹងតែមួយនគរកំពុងតែស្រែក “ចុះចេញទៅ!!!!!!!”