រដ្ឋាភិបាល​បង្ហាញ​ពី​វិធាន​ការ​​ផ្លូវ​ច្បាប់​​ដើម្បី​បញ្ចប់​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​កាត់​ដេរ

ខេមបូឌា ដេលី

នៅ​ពេល​ដែល​ការ​ធ្វើ​មហាបាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​បាន​បន្ត​កាលពីម្សិល​មិញ រដ្ឋាភិបាល​ដាក់​ចេញ​ផែន​ដើម្បី​​បញ្ចប់​ការ​​ធ្វើ​បាតុកម្ម​​​​នេះ​ក្នុង​រយៈ​ពេល​បីថ្ងៃ​​ទៀត​ ​រួម​មាន​ការ​ប្ដឹង​​ប្រធាន​សហ​ជីព​ទៅតុលាការ​ និងដាក់​​កង​កម្លាំង​សន្តិ​សុខឲ្យ​​ចាត់​វិធានការ​ណាមួយ​។

ទិដ្ឋភាព​​​​​​​​បាញ់​រ៉ុក្កែត​​​​ជាច្រើន​​​គ្រាប់​​​​​​កាល​​​ពី​​​ម្សិលមិញ​​​អំឡុង​​​ពេល​​​សមយុទ្ធ​​​​​​បាញ់​​​គ្រាប់​​​ពិត​​​ដ៏​​​ធំ​​​មួយ​​​ដែល​​​មាន​​​រយៈ​​​ពេល​​​៣៥​​​នាទី​​​​​​នៅទី​​​បញ្ជាការ​​​​​​កង​​​​​​រថក្រោះ​​​នៃ​​​កង​​​យុទ្ធពល​​​ខេមរភូមិន្ទ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​។ ស៊ីវ ចាន់ណា (សូមអានទំព័រ៧)

ទិដ្ឋភាព​​​​​​​​បាញ់​រ៉ុក្កែត​​​​ជាច្រើន​​​គ្រាប់​​​​​​កាល​​​ពី​​​ម្សិលមិញ​​​អំឡុង​​​ពេល​​​សមយុទ្ធ​​​​​​បាញ់​​​គ្រាប់​​​ពិត​​​ដ៏​​​ធំ​​​មួយ​​​ដែល​​​មាន​​​រយៈ​​​ពេល​​​៣៥​​​នាទី​​​​​​នៅទី​​​បញ្ជាការ​​​​​​កង​​​​​​រថក្រោះ​​​នៃ​​​កង​​​យុទ្ធពល​​​ខេមរភូមិន្ទ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​។ ស៊ីវ ចាន់ណា

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ផ្ញើ​លិខិត​ជូន​លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​​កាលពីម្សិលមិញ ដោយ​ផ្ដល់​​ជា​យោបល់​​ថា ប្រសិន​បើ​បាតុកម្ម​មិន​ឈប់​ទេ ប្រធាន​សហ​ជីព​ចំនួន​ប្រាំ​ដែល​ដឹកនាំ​កូដ​កម្មនេះ​នឹង​ត្រូវ​ដក​ហូត​អាជ្ញាប័ណ្ណ​ និង​នាំ​​ខ្លួន​ឡើង​តុលាការ​ រីឯ​មេដឹក​នាំ​​សហជីព​គ្មាន​អាជ្ញាប័ណ្ណ​ទី​៦​​គួរ​​ត្រូវ​ផ្ដន្ទា​ទោស​ក្នុ​ង​តុលាការ​ភ្លាមៗ។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ងោ៉ ហុង​លី រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​នេះ​ បង្ហាញ​ផែន​ការ​មួយ​មាន​ប្រាំ​ដំណាក់​កាល​ដល់​ក្រសួង​កា​រ​ងារ​​អំពី​របៀប​ដោះស្រាយ​កូដកម្ម​​នៅ​ទូទាំង​​ប្រទេស​នេះ​។

ប្រសិន​បើ​ប្រធាន​សហជីព​មិន​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​របស់​ខ្លួន​ភ្លាមៗ​ទេ ក្រសួង​ការ​ងារ​គួរ​តែ​ដក​អាជ្ញាប័ណ្ណ​សហជីព​ទាំង​នោះ​។​​​​ប្រសិន​បើ​បាតុកម្ម​នៅ​តែ​បន្ត​ លិខិត​នោះ​ស្នើ​ឲ្យ​នាំ​ប្រធាន​សហជីព​ទាំង​នោះ​ទៅ​តុលា​ការ​។

អ្នកតវ៉ា​ជួប​ជុំគ្នា​នៅជិត​អគារទីស្ដីការ​គណៈរដ្ឋមន្ត្រី​ អំឡុង​ពេល​ធ្វើ​បាតុកម្ម​នៅ​កណ្ដាល​ទីក្រុ​ង​ភ្នំពេញ កាលពីម្សិល​មិញ​។ អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​ដែល​មាន​ការ​ចូល​រួម​ពីកម្មករ​ធ្វើកូដកម្ម​បាន​ជួប​ជុំគ្នា​ទាម​ទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ។Reuters

អ្នកតវ៉ា​ជួប​ជុំគ្នា​នៅជិត​អគារទីស្ដីការ​គណៈរដ្ឋមន្ត្រី​ អំឡុង​ពេល​ធ្វើ​បាតុកម្ម​នៅ​កណ្ដាល​ទីក្រុ​ង​ភ្នំពេញ កាលពីម្សិល​មិញ​។ អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​ដែល​មាន​ការ​ចូល​រួម​ពីកម្មករ​ធ្វើកូដកម្ម​បាន​ជួប​ជុំគ្នា​ទាម​ទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ។Reuters

លិខិត​ដដែល​នេះ​​បាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ឲ្យ​កម្មករ​ត្រឡប់​ចូល​ធ្វើការ​វិញ​ និង​ស្នើ​ឲ្យ​រោង​ចក្រ​បើក​ទ្វា​រឡើង​វិញ​ ហើយ​ដោយ​សារ​សហ​​​ភាព​​ការ​ងារ​​កម្ពុជា​​មិន​បាន​ចុះ​បញ្ជី​ជាមួយ​រដ្ឋាភិបាល​នោះ​ក្រសួង​ការ​ងារ​គួរ​តែ​ធ្វើ​ពាក្យ​បណ្តឹង​​​​ប្ដឹង​លោក រ៉ុង ឈុន​​ប្រធាន​សហជីព​នេះ ​ទៅតុលាការ​។

លិខិត​នោះ​ក៏ណែនាំ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​​ “ រារាំង​ និង​ចាត់​វិធាន​ការ​លើ​អ្នក​បង្ក​ភាព​អនាធិបតេយ្យ​ ដែលបាន​​ញុះញង់​និង​គំរាម​កម្មករ​ឲ្យ​ឈប់​ធ្វើការ​ និងឲ្យ​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​​ផង​ដែរ”។

ចុង​ក្រោយ ​លិខិត​នោះ​ស្នើ​ឲ្យ​ក្រសួង​ការ​ងារ​រៀប​ចំ​កិច្ច​ប្រជុំ​តុមូល​ដើម្បីពិភាក្សា​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ផ្អែក​តាម​​លក្ខខណ្ឌ​ដែល​អាច​ទទួល​យក​បាន​។
លិខិត​នោះ​មាន​ខ្លឹម​សារ​ថា “ ការ​ទាម​ទារ​​​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ភ្លាមៗ​ដល់​១៦០​ដុល្លារ​នេះ​មិនអាច​​ទៅរួច​ទេ​”។

កាលពីម្សិលមិញ កម្មករ​រោងចក្រ​កាត់​ដេរ​​ដែ​លធ្វើ​កូដកម្ម​ជាង​៥.០០០​នាក់​បាន​បន្ត​​ធ្វើ​បាតុកម្ម​​ដោយ​ហែក្បួន​ទៅកាន់​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​នៅម៉ោង​១២​និង​៣០​នាទី​រសៀល​ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​ដល់​១៦០​ដុល្លារ​។

នគរ​បាល​ប្រឆាំង​កុបកម្ម​ជាង​២០០​នាក់​ដែលឈរ​នៅ​ពីក្រោ​យរបាំង​បន្លាលួស​បាន​​​បញ្ឈប់​​អ្នក​តវ៉ា​ទាំង​នោះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

ការ​ធ្វើ​បាតុកម្ម​នេះ​បា​ន​ចាប់​ផ្ដើម​មុន​ម៉ោង​​​៩​ព្រឹក​នៅ​ក្រសួង​ការ​ងារ​។ ​ប្រធាន​សហជីព​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ទៅពិភាក្សា​អំពី​កូដ​កម្ម​ ​និង​ការ​តវ៉ា​នេះ​នៅ​ក្រសួង​នេះ​ ហើយ​ការ​ធ្វើ​កូដ​កម្ម​​និង​បាតុកម្ម​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹងសេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​កាល​ពី​សប្ដាហ៍​មុន ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមា​ចំនួន​១៥​ដុល្លារ ដល់​៩៥​ដុល្លារ​​​។

កម្មករ​ធ្វើ​កូដកម្ម​ដែល​បាន​ហែក្បួ​ន​ពី​រោង​​​ចក្រ​នានា​នៅទូទាំង​ទីក្រុង​ទៅកាន់​ក្រសួង​ការ​​​ងារ​នេះ​មាន​អ្នក​ចូល​រួម​ស្ថិត​នៅលើ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ប្រវែង​ជិត​កន្លះ​គីឡូម៉ែត្រ​​ ដោយ​​បិទ​ផ្លូវ​នោះ​មិនឲ្យ​​ធ្វើ​ចរាចរណ៍​ទាំង​ស្រុង​ និង​​បិទ​ផ្លូវ​ចូល​ហាង​លក់​ទំនិញ​ អគារ​រដ្ឋាភិបាល​ និង​សាកលវិទ្យាល័យ​នៅក្បែរ​នោះ​។

បន្ទាប់ពីកិច្ច​ប្រជុំ​រយៈ​ពេល​បីម៉ោង​នៅ​ក្រសួង​នេះ​លោក អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួ​ង​ការ​ងារ​បាន​មាន​ប្រសាសន៍​ថា មិន​មាន​​ការ​វិវឌ្ឍ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ការ​ទាម​​​ទារ​របស់​កម្មករ​ទេ ពី​ព្រោះ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​មិន​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះឡើយ​។

លោក អ៊ុំ មាន​ ​មាន​ប្រសាសន៍​ថា “ យើង​មិន​បាន​ទទួល​លទ្ធផល​ណាមួយ​ពីកិច្ច​ប្រជុំ​នៅ​​​ថ្ងៃ​នេះ​ទេ ពីព្រោះភាគី​មួយ​ [សមាគម​រោងចក្រ​កាត់​ដេរ​នៅកម្ពុជា ] មិន​បាន​ចូល​រួម​ជាមួយ​យើង​ទេ”។ លោក​បាន​បន្ថែម​ថា លោក​គិត​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមា​អាច​ធ្វើទៅបាន​។

លោក​​មាន​ប្រសាសន៍​ថា “ ខ្ញុំគិត​ថា អាច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​បន្ថែម​ទៀត​បាន​​ ប៉ុន្តែ​ការ​ដំឡើង​ប្រាក់​ឈ្នួ​ល​នោះ​អាស្រ័យ​​​លើការ​ចរចា​ពីគ្រប់​ភាគី​ទាំង​អស់​”។ លោក​បន្ថែម​ថា ​ការ​ប្ដេជ្ញាពី​ក្រុម​ហ៊ុន​យីហោ​សម្លៀក​​​បំពាក់​ធំៗ​ដើម្បី​ដំឡើង​​តម្លៃ​លក់​រាយ​របស់​ពួកគេ​អាច​ជួយ​ដំឡើង​ប្រាក់​ឈ្នួល​បាន​។

លោក កែន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅកម្ពុជា​​ បាន​មាន​ប្រសា​សន៍​ថា សមាគម​នេះ​នឹ​ង​ចូល​រួម​ការ​ចរចា​ពីប្រាក់​ឈ្នួល​អប្បបរមា​​នេះ​​នៅ​ពេល​ណា​ដែល​មាន​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះឡើង​វិញ​។

លោក កែន លូ បាន​និយាយ​ថា “ យើង​គឺ​ជា​ជន​រង​គ្រោះ​។ មុន​ពេល​យើង​ចូល​រួម​នៅ​ក្នុងការ​ពិភាក្សា​ណាមួយ​ យើង​ត្រូវ​​ការ​ឲ្យ​មាន​ការ​ធានា​សន្តិសុខ​ដល់​កម្មករ​ និង​​ទ្រព្យ​សម្បត្តិ​របស់​យើង”។

មាន​សេច​ក្ដីរាយការណ៍ពីសមាគម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា ក្នុង​រយ​ៈពេល​ប្រាំ​ថ្ងៃ​មក​​នេះអំពី​កម្មករ​មួយ​ក្រុម​ដែល​បាន​សម្រុក​ចូល​ក្នុង​រោងចក្រ​ដើម្បី​​ជំរុញ​ឲ្យ​កម្ម​ករ​ចូល​រួម​ធ្វើបាតុកម្ម​។

បន្ទាប់ពីចេញពីការ​ចរចា​នៅ​ក្រសួង​ការ​ងារ​នៅ​មុន​ថ្ងៃ​ត្រង់​បន្តិច​ ប្រធាន​សហជីព​​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​រដ្ឋាភិបា​ល​ចំនួន​ប្រាំមួយ​បាន​និយាយ​ទៅកាន់​កម្មករ​ដែល​មក​ជួបជុំគ្នា​ទាំង​នោះ​។

នគ​រ​បាល​​បង្ក្រាប​កុប​កម្ម​​បិទ​មហាវិថីសហព័ន្ធរុស្ស៊ី មិន​ឲ្យ​កម្មករ​ហែក្បួន​ឆ្លង​កាត់​មុខ​អគារ​រដ្ឋាភិបាល​ កាលពីម្សិលមិញ​។ កម្មករ​រោងចក្រ​កាត់​ដេរ​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៦០​ដុល្លារ​។ស៊ីវ ចាន់ណា ​

នគ​រ​បាល​​បង្ក្រាប​កុប​កម្ម​​បិទ​មហាវិថីសហព័ន្ធរុស្ស៊ី មិន​ឲ្យ​កម្មករ​ហែក្បួន​ឆ្លង​កាត់​មុខ​អគារ​រដ្ឋាភិបាល​ កាលពីម្សិលមិញ​។ កម្មករ​រោងចក្រ​កាត់​ដេរ​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៦០​ដុល្លារ​។ស៊ីវ ចាន់ណា

លោក អាត់ ធន់ ប្រធាន​​សហជីព​ស៊ីខាវ​ឌូ បាន​និយាយ​​​ពី​លើ​រថយន្ត​មួយ​គ្រឿង​តាម​ឧគ្ឃោ​សនសព្ទ​​​ថា “ ការ​ដំឡើង​ប្រាក់​ឈ្នួ​ល​អប្ប​បរមា​​​​នេះ​អាស្រ័យ​លើ​រដ្ឋាភិបាល​ វា​មិន​មែន​អាស្រ័យ​លើ​និយោជក​ទេ​”​។

លោក​​បាន​បន្ថែម​ថា “ រដ្ឋាភិបាល​គួរ​អន្ត​​រា​​គមន៍ និង​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ​។ប្រសិន​បើ​ក្រសួងកា​រ​ងារ​មិន​រ​ក​ដំណោះ​ស្រាយ​ទេ យើង​ទាំង​អស់​គ្នា​នឹង​បន្ត​តវ៉ា​ទៀត​”។

នៅមុន​ម៉ោង​១២​និង​៣០​នាទីរសៀល​បន្តិច​លោក រ៉ុង ឈុន ប្រធាន​សហភាព​ការ​​ងារ​​កម្ពុជា​ បាន​យក​ក្បាល​មីក្រូ​​និយាយ​​​ប្រាប់​កម្មករ​ឲ្យ​ហែក្បួន​ទៅទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​។ កម្មករ​ស្រែក​អប​អរ​សាទរ​ និង​ចាប់​ផ្ដើម​ហែក្បួន​យឺត​ៗ​ដោយ​ថ្មើ​រជើង​ ​តាម​ម៉ូតូូ​​រ៉ឺម៉ក​កង់​បី និង​រថយន្ត​តា​ម​មហាវិថី​សហ​​ព័ន្ធ​រុស្ស៊ី​ឆ្ពោះទៅទិស​ខាង​កើត​។

ប៉ុន្តែកម្មករ​​ទៅមុខ​លែង​រួច​បន្ទាប់ពី​ទៅ​ហួស​ក្រសួង​ការ​ពារ​ជាតិ​បន្តិច​ដោយសារ​នគរ​បាល​ប្រឆាំង​កុបកម្ម​បាន​យក​បន្លាលួស​បិទ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី។

នៅពេល​ដែល​កម្មករ​ប្រមូល​ផ្ដុំគ្នា​នៅ​ពី​ក្រោយ​របាំង​បន្លាលួស​ និង​ស្រែក​ទាម​ទារ​​អ្វីដែលពួកគេ​ចង់​បាន​នោះ នគរ​បាល​ក្រុង​ដែល​ពាក់​ប្រដាប់​ការ​ពារ​ពេញ​ខ្លួន​​បាន​ឈរ​ពីរ​ជួ និង​បី​ជួរ​​ស្រប​តាមរបាំង​នោះ​។

មាន​ការ​ប្រឈម​មុខ​​គ្នា​ដ៏តាន​តឹ​ង​រយៈ​ពេល​​ពីរ​ម៉ោង​ ដោយ​ប្រធាន​សហជីព​និង​កម្មករ​បាន​រិះគន់​រដ្ឋាភិបាល​ខ្លាំង​ៗចំពោះ​ការ​មិន​ផ្ដល់​ប្រាក់​ខែ​សមរម្យ​ដល់​កម្មករ​។

លោក សំ សុផល មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ដែល​​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​រវាង​នគរ​បាល​ និង​អ្នក​តវ៉ា​នោះ ​បាន​មាន​ប្រសាសន៍​ថា​នគ​របាល​​បាន​ស្នើ​សុំ​ឲ្យ​កម្មករ​ទៅធ្វើបាតុកម្ម​នៅ​ទីលាន​​ប្រជា​ធិបតេយ្យ​ ប៉ុន្តែ​មេដឹកនាំ​សហជីព​បាន​បដិសេធ​។

ពេល​​កម្មករ​រាប់​ពាន់​នាក់​ស្ថិត​​នៅ​ពេញ​មហាវិថីសហព័ន្ធ​រុស្ស៊ី និង​សួរ​ច្បារ​នៅជុំវិញ​នោះ លោក​ រ៉ុង ឈុន ​ប្រធាន​សហជីព​បាន​ទាម​ទារ​ជួប​មន្ត្រី​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ម្នាក់​។

នៅម៉ោង​​ប្រហែល​បីរសៀល លោក កែវ រ៉េមី​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​​បាន​ដើរ​តាម​​ចន្លោះ​របាំង​ផ្លូវ​របស់​នគរ​បាល​ទៅជួប​លោក​ រ៉ុង ឈុន ដែល​កំពុង​រង់ចាំនៅ​ផ្នែក​ម្ខាង​ទៀត​។

នៅ​ពេល​នោះ​គេ​បាន​ហុច​ក្បាល​មីក្រូ​ឲ្យ​លោក កែវ រ៉េមី ហើយ​លោក​បាន​ចាប់​ផ្ដើម​និយាយ​ប្រាប់​​ពីគោលជំហរ​របស់​រដ្ឋាភិបាល​។

លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​ការ​ងារ​​ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បង​​ប្អូន”។

លោក​​បាន​មាន​ប្រសាសន៍​ថា “ រដ្ឋាភិបាល​​​ព្រួយ​​​បារម្ភ​អំពីការ​រស់​នៅ​របស់​បង​ប្អូន​ ប៉ុន្តែ​រដ្ឋា​ភិបាល​មិនមែន​ជាម្ចាស់​រោង​ចក្រ​ទេ​ រដ្ឋា​ភិបាល​​​មាន​តែ​តួនាទី​សម្រប​សម្រួល​ប៉ុណ្ណោះ”​ ។ ពេល​និយាយ​ដល​់​ចំណុច​នេះ​ មាន​គេ​គប់​ដប​ទឹក​សុទ្ធ​ត្រូវ​ក្បាល​គាត់​។

លោក​ កែវ រ៉េមី បាន​ព្យាយាម​នៅ​ស្ងៀម​មុនពេល​ដើរ​ត្រឡប់​ទៅ​ក្រោយ​វិញ​​តាម​​​របាំង​ផ្លូវ​នោះ។

លោក រ៉ុង ឈុន មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​សន្យារ​បស់​លោក កែវ រ៉េមី ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ នេះ​​គ្រាន់​​តែ​ជា​ល្បិច​កល​​មួយ​ដើម្បី​ពន្យា​រពេល​តែ​ប៉ុណ្ណោះ​ ហើយ​រដ្ឋាភិបាល​គ្មាន​បំណង​រក​ដំណោះស្រាយ​ឲ្យ​កម្មករ​ទេ​” ។ លោក​បាន​បន្ថែម​ថា កម្មករ​នឹង​ត្រឡប់​មក​ធ្វើ​បាតុកម្ម​នៅទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ​នៅ​ថ្ងៃ​នេះ​។

កម្មករ​បាន​ចាប់​ផ្ដើម​បែក​គ្នា​នៅ​ប្រហែល​ម៉ោង​បីរសៀល​ ហើយ​នគរ​បាល​បាន​រុះ​រើ​របាំង​ផ្លូវ​របស់​ខ្លួន និង​ត្រឡប់​ទៅវិញ​នៅ​ម៉ោង​បួន​ល្ងាច៕ គឹមហឿន​

© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។


What Next?

Recent Articles

8 Responses to "រដ្ឋាភិបាល​បង្ហាញ​ពី​វិធាន​ការ​​ផ្លូវ​ច្បាប់​​ដើម្បី​បញ្ចប់​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​កាត់​ដេរ"

  1. នាយករដ្ឋមន្រ្តី KGB says:

    អាងមានអំណាចប្រើវប្បធម៌គំរាមបាញ់សម្លាប់កាប់ចាក់ទាត់ធាក់ដាក់គុក នេះជាយុទ្ធសាស្រ្ត
    ឈ្នះៗរបស់អ្នកដឹកនាំគតិបណ្ឌិជំហ៊ានគីងគគ់! អស់ចារម្រង!
    ហ៊ីស! សម័យនេះហើយនៅប្រើវប្បធម៌ថោកទាបនិងពាលមកទៀត! ចង់បំបិទសិទ្ធិសេរីភាព
    ប្រជាជនបែបផ្ដាច់ការ! ឬចង់បណ្តេញប្រជាជនដូចឆ្កែឆ្មាតាមតែចិត្តនិកចង់ឬ?
    កាលដែលកម្មករមន្ត្រីរាជការទៅធ្វើការនិងមិនទៅធ្វើការអានេះវាជាសិទ្ធិរបស់គេ។
    គេចេះរស់ហើយមិនចាំបាច់មកធ្វើជាខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់គេទេ។
    សូមប្រាប់អាការប៉ះពាល់សេដ្ឋកិច្ចគ្រួសារនេះវាមានជាយូរយាណាស់មកហើយ
    គឺព្រោះតែការដឹកនាំរបស់បក្សក្បត់ជាតិ បក្សចោរលួចសន្លឹកឆ្នោតប្រជាជន បក្សពាលបាញ់
    កាប់សម្លាប់ប្រជាជន បក្សគៀបសង្កត់ជិះជាន់ពលរដ្ឋ បក្សតុលាការប្រហារជីវិតពលរដ្ឋ
    បក្សលប់បំបាត់សាសនា បក្សបំផ្លាញធនធានធម្មជាតិរបស់ប្រទេសជាតិ។ល។
    ម្ដងនេះបែបចង់ឲ្យប្រជាជនខ្មែរធ្វើជាខ្ញុំទាសករដាច់ថ្លៃរបស់បក្សចោរនេះទៀតឬ?
    បើប្រជាជនមិនទៅបំរើការងារតើលោកចោរបានថវិការឯណាចូលរដ្ឋរបស់លោកចោរទៀត?
    ក្រែងលោកចោរថាការដឹកនាំរបស់លោកចោរប្រទេសត្រូវបានអភិវឌ្ឍនោះអី?
    ក្រែងលោកចោរថាមិនចាំបាច់ពឹងជំនួយពីបរទេសទេក៍រស់បានដែរ ។
    សូមកុំភ្លេចថាប្រជាពលរដ្ឋក៏គេចេះរស់ខ្លួនគេបានដោយស្រួលនិងគ្មានការគៀបសង្កត់ដែរ
    បើបក្សលោកចោរមិនមកប្លន់គេនិងធ្វើការជិះជាន់គេទេនោះ។
    ហ៊ីសចេះភ័យដែរ! ល្មមដឹងខ្លួនហើយទោះជាប្រឹងខំស្តារកេរ្តិឈ្មោះមកវិញយ៉ាងណាក៏ហួល
    ពេលហើយ! វាខូចកេរ្តិខូចឈ្មោះ ខូចពូជពង់វង្សត្រកូលអស់ហើយ។ សូម្បីតែទេវតាក៏ចេះដាក់
    បណ្តាសារដែរព្រោះវារលាយហិនហោចព្រៃភ្នំក្រំថ្មដែលជាទីជម្រករបស់ពួកគាត់។
    សូម្បីតែសត្វតិរច្ឆានក៍វាដាក់បណ្ដាសារដែរដូចជាសត្វព្រៃ ត្រី សត្វក្នុងទឹកលើដីលើដើមឈើ
    ជាដើម។ ទ្រាំឯណាមិនដាក់បណ្ដាសារបាន!
    មិនបាច់ធ្វើការចរចារស្អី ទៀតទេ! វាល្មមគ្រប់គ្រាន់ដែលប្រជាជនទូទាំងប្រទេសត្រូវតែ
    ក្រោកពួតដៃគ្នាទំលាក់អ្នកដឹកនាំបំផ្លាញប្រទេសជាតិនិងសម្លាប់ប្រជាជនតាមបែបប្រយោល
    និងចំៗនេះចេញតែម្តងទៅ។ សម្បត្តធម្មជាតិដ៏សំបូរបែបដែលមានតាំងពីដូនតាកេរ្តិដំណែល
    ដូនតាបានបន្សល់ទុកឲ្យកូនខ្មែររាប់រយពាន់តំណមកបានត្រូវរលាយដោយសារស្នាដៃលោក
    ហ៊ុនសែន ដូចជាព្រៃឈើដ៏សន្ធឹកសន្ធាប់ពេញទៅដោយឈើល្អប្រណិតៗ។ ហ៊ុនសែនមិនបាន
    ខ្វល់ ពីការហិនហោច បែរជាមានវិធានការឈ្នះៗបំផ្លាញព្រៃឈើឲ្យអស់កុំឲ្យមានអ្នកប្រឆាំងងើប
    ឡើងរត់ជូលព្រៃដូចរបបរាជានិយមនិងខ្មែរក្រហមទៀត។ មិនតែបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះ
    ទេថែមទាំងប្រើអំពើរំលោភសិទ្ធិមនុស្សដើម្បីគំរាមប្រជាពលរដ្ឋគ្រប់រូបភាពតាំងពីលើដល់ក្រោម
    និងជនបទ។ បង្កើតក្រុមអណាធិបតេយ្យដូចជាចោរហារយ តាមផ្លូវ តាមជនបទ តាមព្រៃតាម
    ពួនស្ទាក់ការរកស៊ីរបស់ប្រជន។ បង្កើតក្រុមផលិតថ្នាំញៀន រួចហើយដើរគំរាមគេតាមការបន្លំនិង
    ចោតប្រកាន់តាមតែចិត្តនិកឃើញ។ បង្កើតក្រុមតាមចាប់ជំរិតគេ។ ផ្ដល់ឪកាស់ឲ្យអ្នកមានដែល
    ជាឧកញ្ញា ប្រព្រិត្តបទល្មើសតាមអំពើចិត្ត។ បង្កើតក្រុមតុលាការចាប់ជំរិតនិងចោតប្រកាន់
    ចាប់ដាក់គុកជនស្លូតត្រង់តាមតែចិត្តនិកចង់ធ្វើ។ បង្ករឲ្យមានភាពរំលោភដីធ្លីរបស់ប្រជា
    ពលរដ្ឋ។ បង្កើតឲ្យមានអំពើគ្រួសារនិយម បក្សពួកនិយម ពុករលួយជិះជាន់ប្រជាជនស្លូតត្រង់។
    បង្កើតឲ្យមានវប្បធម៌ពាលាហូរចូលស្រុកខ្មែរនិងមិនខ្វល់អំពីការស្រុតនិងបាត់វប្បធម៌របស់ជាតិ
    បង្កើតឲ្យមានការចុះថយជាលំដាប់នូវវិស័យអប់រំ វិស័យសុខមាលភាព វិស័យបរិស្ថាន
    វិស័យទទួលបានពត៌មាន វិស័យការពារជាតិនិងប្រទេសជាតិ វិស័យធនធានរ៉ែ វិស័យសាសនា
    វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម ។ល។ ទាំងអស់នេះហើយដែលលោកគតិបណ្ឌិតដឹកនាំតាំងពី
    ប្រទេសសម្បូរណ័បែបរហូតក្រជំពាក់លុយគេវាល់លានដូល្លា ប្រជាជនពីមានមកក្ររត់ចោល
    ស្រុក និងប្រជាជនជាម្ចាស់ស្រុកបានត្រូវគេដេញ បណ្ដេញចេញនិងចាប់ដាក់គុកតាមចិត្ត។
    តើបងបង្អូនសុខចិត្តទ្រាំវេទនាដល់ណាទៀត??? តើបងប្អូននៅស្ដាប់អាបក្សប្រជាជនជាបក្ស
    ចោរនិងបំផ្លាញជាតិដល់ណាទៀត??? បងប្អូនគ្រប់ទីកន្លែងធ្លាប់ឮនិងដឹងឬបានទទួលការឈើ
    ចាប់មកជាយូរមកហើយតើនៅទ្រាំវេទនាតទៅទៀតឬយ៉ាងណា? ល្បិចមនុស្សពាលមានច្រើន
    ណាស់។ គេបានប្រកាស់ថាឲ្យបងប្អូនដែលជាកងកម្លាំងទាំងអស់ត្រូវតែចុះបង្ក្រាបក្រុមបាតុករ
    ឲ្យបានជាដាច់ខាត! ឬអនុវត្តយ៉ាងម៉ើងម៉ាត់តាមបទបញ្ជារ! ពាក្យនេះស្ដាប់ទៅហាក់ដូចជាពួក
    គេនេះមានសិទ្ធិមានអំណាចខ្លាំងណាស់ ព្រៀបបានបងប្អូនជាខ្ញុំទាសកររបស់ពួកគេ។
    នេះជាភាសាខ្មែរក្រហម ភាសាក្រុមប៉ុលពតដែលវាតែងតែបញ្ជារឲ្យកូនសម្លាប់ម្ដាយឪពុកខ្លួន
    ឯងនិងបងប្អូនសាច់ញាតិរបស់ឯង។ ដូចនេះសូមបងបង្អូនដែលជាកងទព័និងកងកម្លាំងគ្រប់
    ប្រភេទគួរតែធ្វើការពិចារណារឲ្យច្បាស់ថាប្រទេសខ្មែរកុំពុងស្ថិតនៅត្រង់មាត់ខ្លាពីទឹសខាងកើត
    ហើយ។ តើកូនចៅជំនាន់ក្រោយៗរបស់យើងនឹងត្រូវរងការលំបាកប៉ិណ្ណាប្រសិនបើប្រទេសនេះ
    ត្រូវបានស្ថិតនៅក្រោមអាណានិគមគេដូចប្រទេសឡាវសព្វថ្ងៃនេះ? ដូចនេះប្រទេសខ្មែរបាត់
    បង់និងមិនសាបសូន្យគឺវាស្ថិតនៅក្នុងរង្វង់ដៃរបស់បងប្អូនដែលជាកងកម្លាំងទាំងអស់នេះហើយ!
    សូមបងប្អូនពិចារណាថាប្រសិនបើគណៈបក្សសង្គ្រោះជាអ្នកដឹកនាំប្រទេសវិញ ហើយប្រទេស
    មិនមានភាពរីកចំរើននិងបាត់បង់ធនធានធម្មជាតិ សួរថាតើយើងពិបាកនឹងធ្វើការទម្លាក់ចេញពី
    តំណែងឬយ៉ាងណា??? យើងយល់ថាវាងាយណាស់ក្នុងការផ្លាស់ប្តូរភ្លាមៗ។ ព្រោះគណៈបក្សនេះ
    គ្មានអង្គរក្សរញេររញៃនិងការប្រើអំណាច ជាពិសេស សម្រាប់គេអ្នកចេះដឹងគឺគេប្រកដជាមិនចេះ
    ក្រាញនរនាលឡាំប៉ាដណ្ដើមអំណាចដូចកូនក្មេងបៀមដៃនោះទេ ព្រោះគេគិតប្រយោជន៍ជាតិជា
    ធំ។ យើងនិយាយនេះគឺមិនមែនបានន័យថាយើងប្រកាន់គណៈបក្សសង្រ្គោះជាតិនោះទេ អ្វីដែល
    យើងនិយាយគឺយើងចង់ឲ្យមានការផ្លាស់ប្ដូរ បើមិនដូចឆ្នេះទេ ប្រទេសខ្មែរនឹងក្លាយជានគរចំប៉ា
    ហើយបងប្អូន!!! ព្រោះយើងឃើញហានិភ័យនៅចំពោះមុខយើងស្រាប់ហើយ។

  2. ហូងដា says:

    លោក ហ៊ុន សែន តែងតែសន្យាខ្យល់លើកកម្ពស់ជីវភាព គ្រូបង្រៀនលុបបំបាត់អំពើពុករលួយ កាន់អំណាចជិត៣០ឆ្នាំ ឃើញតែក្រុមគ្រួសារគាត់ បក្សពួកនិយម ឬ អ្វីៗដើម្បីតែពង្រីងគណបក្ស។ កំណែស៊ីជំរៅ ចតុកោណអស់ប្រសិទ្ធិឥទ្ធិពល។

  3. Human rigth says:

    Cambodia get 20/100 score of corruption that have Hun Sen as leader.
    5 years later Hun Sen has no natural resource may He think about the tax like France .
    Hun sen must respect the law that himself creating. Because his children are still young and have long life than you.

  4. បរិមី ព្រ:វិហារ says:

    បើគ្មានការជឿនលឿននិងរីកចំរើនខាងសេរីភាពនិងអ្វីៗគ្រប់យ៉ាងទេ ស្មានថាពួកអស់លោកមកស្រែកជេរនិងបញ្ចេញមតិខ្វះសីលធមក្នុងខ្លួនបែបនេះបានឬ?

  5. ។។ says:

    ក្រោយពីថ្ងៃទី០២មករាតទៅបើ​នៅតែមិនឈប់ទេបែកក្បាលខ្លះៗមិនខាន។

  6. កុនខ្មែរ says:

    សព្វថ្ងៃវាជឿនលឿនចំរើនហើយតែជឿនលឿនរីកចំរើនតែបក្សពួក វង្ស
    ត្រកួលអ្នកមានអំណាចតែប៉ុណ្ណោះ។

  7. pingpong says:

    ១. បក្ខពួកបុរសខូចខ្លាំំងហ៊ុនសែន ត្រូវប្រយ៍ត្ន!! កុំអនុវត្តកលល្បិច ទឹកស្រកស្រមោចស៊ីត្រី ទឹកឡើងត្រីស៊ីស្រមោច!!! ពួកអ្នកឯងធ្វើអំពើអាក្រក់ស្អីខ្លះ ពួកអ្នកចង់ប្តឹងគេទៅវិញ!!!
    ២. លោករ៉ុង ឈុនទាមទារប្រាក់ខែដើម្បីអោយកម្មករក្រីក្រអាចរស់ស្រួលបន្តិច អ្នកឯងចង់ប្តឹងគាត់ឬ? ពួកអានរក! ម្តាយពួកឯងប្រដៅឯងថាម៉េច?? ពួកឯងមិនចាំទេឬ?ទឹកដីនេះរបស់ពួកឯងឬ?
    ៣. យើងសាកល្បងគិតងាយៗអំពីប្រាក់ខែរបស់កម្មករ!! ឧបមាថា៖ កម្មករម្នាក់ដេរអាវ១ថ្ងៃបាន៥អាវ ហើយអាវមួយយកទៅលក់នៅបរទេសចំណេញបាន៥ដុល្លារ ក្រោយពីផាតចំណាយគ្រប់យ៉ាង នោះមានន័យថា ក្នុង១ថ្ងៃ រោងចក្រចំណេញបាន២៥ដុល្លារពីកម្មករម្នាក់ ។ កម្មករម្នាក់អាចរកផលចំណេញដល់រោងចក្រចំនួន២៥ដុល្លារ/១ថ្ងៃx២៦ថ្ងៃ=៦៥០ដុល្លារ/១ខែ ដូច្នេះ បើរោងចក្រចែកអោយកម្មករ១៥០ដុល្លារ នោះរោងចក្រនៅសល់៥០០ដុល្លារទៀត។
    ៤. ចុះហេតុអ្វីក៍បក្ខពួកហ៊ុនសែនមិនព្រមឯកភាពតម្លើងប្រាក់ខែ១៥០ដុល្លារដល់កម្មករ? ខ្ញុំនៅចាំថា៖ កាលពីសម័យអ៊ុនតាក់ អ៊ុនតាក់ចង់អោយប្រាក់ខែដល់បុគ្គលិកជនជាតិខ្មែរអោយបានច្រើន ប៉ុន្តែរដ្ឋាភិបាលរបស់ខូចវិទូហ៊ុនសែនបានរារាំង ដោយសារ់ខ្លាចប្រាក់ខែខ្ពស់ជាងប្រាក់ខែរបស់មន្រ្តិរាជការ!!!

  8. អ្នកធ្វើស្រែ says:

    នៅលើលោកនេះអ្វីៗទាំងអស់សុទ្ធតែកើតឡើង,សម្រេចបាន,ទទួលបានអ្វីមួយដោយសារអំណាច មិនបាច់ឆ្ងល់ទេ!!!ផ្ទះរលំដួលស្រុតដោយសារអំណាចខ្យល់គួចឬទឹកហូរបំពាន។រោងចក្រឆេះ ដោយសារអំណាចភ្លើង…..សរុបសេចក្ដីទៅធ្វើអ្វីក៍ដោយគឺត្រូវតែយកអំណាចនិងកម្លាំងប្រើជានិច្ច។ បើគ្មានកម្លាំងកុំថាឡើយដល់ទៅធ្វើការងារធំដុំសូម្បីតែជុះអាចម៍ក៍ជុះមិនចេញដែរព្រោះគ្មានកម្លាំង ប្រឹង!!!ដើម្បីបំបែកបំបាក់សាមគ្គីភាពគេប្រើអំណាចញុះញង់។ដើម្បីបំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់ សង្គមគេប្រើអំណាចប្រមូលផ្ដុំបង្ករការរាំងស្ទះចរាចរណ៍។ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់គេ ប្រើអំណាចភីផុលផៅវ័រតាមរយៈការបោកប្រាស់ប្រមូលផ្ដុំអមដោយទឹកប្រាក់អះអាងថា បាតុកម្ម តាមរូបភាពជាក់ស្ដែងកន្លងមកគឺកុប្បកម្មបះបោរសោះ!!!។សេចក្ដីអធិប្បាយប៉ុណ្ណេះគួរយល់ហើយ បុគ្គលម្នាក់,មនុស្សមួយក្រុម,បក្សនយោបាយមួយ,ប្រទេសជាតិមួយធ្វើអ្វីក៍ដោយ សុទ្ធតែអាងអំណាចដូចគ្នា!!!អំណាចទាំងអស់នេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌច្បាប់កំណត់មាន ព្រំដែនច្បាស់លាស់។បើធ្វើតាមទំនើងចិត្តគ្មានខ្លាចគ្មានញញើតច្បាប់ប្រទេសជាតិ??? តាមយថាកម្មរបស់ខ្លួនទៅចុះ!!!