ដោយ៖ ញឹម សុខន និងអ៊ឹង ប៊ុនថន
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
កម្មករតវ៉ាទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ នៅមុខក្រសួងការងារនៅថ្ងៃទី៣១ធ្នូ (រូបថត ញឹម សុខន)
សហជីពចំនួន៦ដែលដឹកនាំកម្មករ ធ្វើបាតុកម្ម ទាមទារប្រាក់ឈ្នួលគោលដល់១៦០ដុល្លារក្នុងមួយខែនោះ ប្រកាសផ្អាកតវ៉ានៅមុខក្រសួងការងារ រសៀលថ្ងៃអង្គារនេះ ដោយប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្ររៀងៗខ្លួនវិញ បន្ទាប់ពីសម្រាកបុណ្យចូលឆ្នាំសាកល។
ប្រធានសហព័ន្ធសហជីពកម្ពុជា លោក រ៉ុង ឈុន អះអាងថា ការប្តូរយុទ្ធសាស្ត្រនេះ ដោយសារមួយរយៈនេះ កម្មករមួយចំនួនបានធ្វើដំណើរដោយថ្មើជើង ច្រើនគីឡូម៉ែត្រមកជូបជុំគ្នានៅមុខក្រសួងការងារ ដែលធ្វើឲ្យពួកគេថមថយកម្លាំង។ លោកថា បើការតវ៉ានេះ រដ្ឋាភិបាលនៅតែមិនដោះស្រាយពីទុក្ខលំបាករបស់កម្មករ នោះការប្រមូលផ្តុំគ្នាហែក្បួនមកតវ៉ានៅមុខក្រសួងការងារនឹងបន្តកើតឡើងថ្មីទៀត ៖ “កម្មករមិនបាក់ទឹកចិត្តទេ ពីព្រោះគាត់ដឹងច្បាស់ហើយ ហើយការដែលអូសបន្លាយធ្វើឲ្យមានរយៈពេលយូរនេះ ធ្វើឲ្យកម្មករកាន់តែក្តៅក្រហាយឡើង”។
ក្រុមកម្មករ អះអាងថា បើទោះបីការតវ៉ាទាមទារប្រាក់ឈ្នួលដល់១៦០ដុល្លារ នៅពេលនេះ មិនទទួលបានជោគជ័យ តែពួកគេមិនរាថយទេ ៖ “ឮថារោងចក្រឡើងថ្លៃ គឺអីវ៉ាន់ឡើងថ្លៃ ផ្ទះជួលឡើងថ្លៃរហូត។ បើសិនជាមិនបាន ១៦០ដុល្លារ ខ្ញុំនឹងបន្តតវ៉ាទៀត ព្រោះខ្ញុំមានជំហរគិតដូចបងស្រីខាងនោះដែរ បើមិនបានខ្ញុំនឹងធ្វើកូដកម្ម”។
ការប្រកាសប្តូរយុទ្ធសាស្ត្រតស៊ូមតិរបស់សហជីពនៅពេលនេះ ធ្វើឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលក្រសួងការងារ ស្នើឲ្យកម្មករវិលចូលធ្វើការដូចដើមវិញ ចាប់ពីថ្ងៃទី២ ខែមករាឆ្នាំ២០១៤ បើមិនដូចនេះទេ ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់តឹងរឹង ទៅលើកអ្នកដែលដឹកនាំធ្វើបាតុកម្ម ដោយចោទថា អ្នកទាំងនោះ ជាអ្នកញុះញង់កម្មករឲ្យធ្វើបាតុកម្ម បង្កឲ្យយខូចសណ្តាប់ធ្នាប់សង្គម និងប្រយោជន៍សាធារណៈ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ យល់ថា បើរដ្ឋាភិបាលប្រើវិធានការ ចាប់ខ្លួនអ្នកដឹកនាំធ្វើបាតុកម្មទាមទារប្រាក់ឈ្នួលនេះមែន លោកថា មិនខុសពីយកសាំងទៅចាក់លើភ្លើង ធ្វើឲ្យចលនាតវ៉ាផ្ទុះធំឡើង ខណៈស្ថានការនយោបាយ បច្ចុប្បន្នកំពុងជាប់គាំង ៖ “ខ្ញុំជឿថា បើសិនជាហ៊ានចាប់មេដឹកនាំទាំង ៦នាក់នោះមែន នោះបាតុកម្មនឹងផ្ទុះកាន់តែធំ សម្រាប់កម្មករទូទាំងប្រទេស”។
ការទាមទារប្រាក់ឈ្នួលដល់១៦០ដុល្លារនេះ ភាគីពាក់ព័ន្ធបានជួបពិភាក្សាគ្នាចំនួនពីរលើករួចមកហើយនៅក្រសួងការងារប៉ុន្តែ បានឯកភាពគ្នាឡើយ។
ការប្រមូលផ្តុំរបស់កម្មករនៅពេលនៅថ្ងៃអង្គារនេះទៀត ក៏មានកម្លាំងសមត្ថកិច្ចរាប់រយនាក់ប្រដាប់ដោយខែល និងដំបងឆក់ ដាក់ពង្រាយជិតនោះ តែគ្មានប៉ះទង្គិចគ្នាដោយហិង្សាទេ។
ការតវ៉ាបិទផ្លូវមុខក្រសួងការងារ ទាមទារប្រាក់ឈ្នួលគោលដល់១៦០ដុល្លារនោះ គឺកម្មករមកពីជាង៣០០រោចក្រ ខណៈដែលកម្មករជាង១០០០នាក់ទៀតបិទផ្លូវនៅម្តុំចាក់អង្រែក្រោមទាមដូចគ្នានេះដែរ។ យ៉ាងណាក៏ដោយការតវ៉ារបស់កម្មករ បានរំសាយ នៅម៉ោង២និង៣០នាទីរសៀលថ្ងៃអង្គារនេះ ដោយមានព្រះសង្ឃច្រើនអង្គសូត្រធម៌ឲ្យពរជ័យ នៅកន្លែងតវ៉ាមុខក្រសួងការងារផងដែរ៕
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com