ថ្ងៃ អង្គារ 31 ធ្នូ 2013
RFI
ចំនួនសណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងតំបន់ឆ្នេរ និងអង្គរ ត្រូវបានភ្ញៀវកក់ស្ទើរតែទាំងអស់នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ដែលនឹងត្រូវឆ្លងចូលនៅក្នុងយប់ថ្ងៃទី ៣១ធ្នូ ឆ្នាំ ២០១៣នេះ។ នៅក្នុងទីក្រុងភ្នំពេញ ក៏មានការរៀបចំតាំងភ្លើងពណ៌ និងបាញ់កាំជ្រួចដើម្បីអបអរបុណ្យចូលឆ្នាំថ្មីនេះផងដែរ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ប្រជាជននៅក្នុងទីក្រុងភ្នំពេញតែងតែទៅកំសាន្តនៅក្នុងខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយប្រជាជនដែលនៅតាមបណ្តាខេត្តនានា តែងនាំគ្នាមកកំសាន្តនៅក្នុងរាជធានីភ្នំពេញ។
លោក ហូរ វណ្ឌី សហប្រធានក្រុមការងារទេសចរណ៍កម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ចាប់តាំងពីថ្ងៃទី ២៣ខែធ្នូ ឆ្នាំ ២០១៣ រហូតដល់ថ្ងៃ ទី៣ខែមករា ឆ្នាំ ២០១៤ ចំនួនបន្ទប់ នៅក្នុងផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងខេត្តព្រះសីហនុ និងខេត្តសៀមរាបត្រូវបានកក់ស្នើរតែអស់ទៅហើយ។ លោកឲ្យដឹងទៀតថា ជាទូទៅ នៅក្នុងឱកាសបុណ្យឈប់សំរាកធំៗ ភ្ញៀវទេសចរជាតិបាននាំគ្នាទៅលេងនៅតំបន់ប៉ូលទេសចរណ៍សំខាន់ៗទាំងបួនរបស់កម្ពុជា គឺតំបន់ឆ្នេរ តំបន់អង្គរ តំបន់ឦសាន និងទីក្រុងភ្នំពេញ។
ប៉ុន្តែនៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំនេះ ប្រជាជនខ្មែរ ច្រើនទៅលេងនៅតំបន់ឆ្នេរ និងតំបន់អង្គរ ហើយប្រជាជនមួយចំនួនក៏នឹងប្រាព្ធពិធីបុណ្យឆ្លងឆ្នាំនៅក្នុងទីក្រុងភ្នំពេញ។ ដោយឡែកតំបន់ឦសាន មិនសូវសំបូរអ្នកទៅកំសាន្តទេ ដោយសារតែនៅរដូវនេះ តំបន់ឦសាន មានអាកាសធាតុត្រជាក់ខ្លាំង ហើយផ្លូវធ្វើដំណើរក៏មិនសូវល្អ ដូច្នេះហើយ ទើបពួកគេ ប្តូរគោលដៅទៅតំបន់ឆ្នេរ និងអង្គរជំនួសវិញ។ ក៏មានអ្នកខ្លះធ្វើដំណើរទៅក្រៅប្រទេសផងដែរ។
ទន្ទឹមនឹងការធ្វើដំណើរកំសាន្តទៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា លោក ហូរ វណ្ឌី បានបន្ថែមថា សណ្ឋាគារ និងក្រុមហ៊ុនជាច្រើននៅក្នុងទីក្រុងភ្នំពេញបានរៀបចំកម្មវិធី សម្រាប់អបអរសាទរបុណ្យចូលឆ្នាំសកល ដោយមានការជប់លៀង និងដុតកាំជ្រួចជាច្រើន។ ហើយក៏មានក្រុមហ៊ុនលក់ផលិតផលមួយចំនួន បានដាក់តាំង បង្ហាញផលិតផលរបស់ខ្លួននៅតាមដងផ្លូវ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអតិថិជនរបស់ខ្លួនផងដែរ។
ក្រសួងទេសចរណ៍រំពឹងថា នៅក្នុងឆ្នាំ ២០១៣នេះ ចំនួនភ្ញៀវទេសចរជាតិអាចនឹងកើនឡើងពី ១៥% ទៅ ២០% នៅខណៈដែលឆ្នាំ ២០១២ មានចំនួនភ្ញៀវទេសចរជាតិពី ៧ ទៅ ៨លាននាក់៕
