ហេង រស្មី
01 មករា 2014
វីអូអេខ្មែរ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើសេចក្តីប្រកាសក្រោយពីកិច្ចប្រជុំលលើកមុនរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។
ភ្នំពេញ — គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះបានព្រមព្រៀងគ្នាថានឹងបង្កើតក្រុមការងារមួយដែលមានសមាសភាពម្ខាងៗចំនួនបីរូប ដើម្បីជួបពិភាក្សាគ្នាមុននឹងកិច្ចប្រជុំមន្ត្រីថ្នាក់កំពូលនៃគណបក្សទាំងពីរចាប់ផ្តើម។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថាក្រុមការងារនៃគណបក្សទាំងពីរនឹងជជែកគ្នាអំពីរបៀបវារៈជាមុនសិនសម្រាប់យកទៅដាក់ទៅក្នុងកិច្ចប្រជុំមន្ត្រីថា្នក់កំពូលដែលគ្រោងធ្វើនៅពេលខាងមុខនេះ។
លោក កឹម សុខាបានបញ្ជាក់ថាជំហររបស់គណបក្សសង្គ្រោះជាតិមិនបានផ្លាស់ប្តូរទេគឺនៅតែទាមទារឱ្យបោះឆ្នោតឡើងវិញមុននឹងគណបក្សទាំងពីរឈានជើងចូលរួមតុចរចា។
លោកនិយាយថា៖«រឿងដែលជួបនេះគឺត្រូវធ្វើប្រធានបទឱ្យច្បាស់លាស់មិនមែនចេះតែជួបៗហើយអត់បានការអ្វីទេ។ ដូចកន្លងមកទេ ហើយរបៀបវារៈដែលគណបក្សសង្គ្រោះ ជាតិនឹងអាចជួបបានទាល់តែនិយាយគ្នាពីរឿងបោះឆ្នោតឡើងវិញបើមិនអញ្ចឹងទេអត់មានទេ»។
កាលពីសប្តាហ៍មុនគណបក្សសង្គ្រោះជាតិបានបង្ហាញជំហរជាសាធារណៈដោយបញ្ជាក់ពីគោលបំណងចង់ចូលរួមតុចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជាដើម្បីបញ្ចប់វិបត្តិនយោបាយដែលកំពុងកើតមានឡើងក្រោយពីការបោះឆ្នោត។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាមន្ត្រីក្នុងក្រុមចរចាថ្នាក់កំពូលរបស់គណបក្សប្រជាជនកម្ពុជាបានស្វាគមន៍ឱ្យបង្កើតក្រុមការងារនៃគណបក្សទាំងពីរដើម្បីពិភាក្សាគ្នាជាមុនសិនមុននឹងដាក់របៀបវារៈសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ។
លោក ស ខេង មិនបានបញ្ជាក់ថារបៀបវារៈអ្វីដែលគណបក្សប្រជាជនកម្ពុជាយកទៅដាក់ជជែកក្នុងជំនួបក្រុមការងារនៃគណបក្សទាំងពីរទេដោយលោកគ្រាន់តែបានអះអាងថារង់ចាំការជជែកគ្នាសិន។
លោកនិយាយថា៖«ទុកឱ្យគេជជែកគ្នាតាមការជាក់ស្តែងប៉ុន្តែគ្រាន់តែយោបល់កន្លងទៅគួរតែយើងពិនិត្យមើលអ្វីដែលយើងបានឯកភាពគ្នាចៀសវាងថាយើងឯកភាពគ្នាហើយយើងបោះបង់ចោល។អ្វីដែលយើងបានឯកភាពគ្នាកន្លងទៅជ្រើសរើសយកមក ដើម្បីជជែកគ្នារកវិធីអនុវត្តនេះល្អជាង»។
ក្រុមការងារទាំងបីរូបមកពីគណបក្សសង្គ្រោះជាតិរួមមានលោក យឹម សុវណ្ណ លោក ប៉ុល ហំម និងលោក កួយ ប៊ុនរឿន។ ចំណែកឯខាងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកព្រំ សុខា។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះលោកខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានអះអាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានយល់ព្រមថា នឹងជួបជាមួយលោកសម រង្ស៉ីនៅថ្ងៃទី២ខែមករាដើមឆ្នាំក្រោយនេះ។ តែការអះអាងនេះត្រូវបានលោក សម រង្ស៊ីនិងលោកកឹម សុខាបានបដិសេធថាមិនទាន់កំណត់ថ្ងៃជួបគ្នានៅឡើយ។
លោកកឹម សុខា បាននិយាយថា៖«ដូចលោកខៀវ កាញ៉ារិទ្ធគាត់និយាយផ្តេសផ្តាសដាក់ថ្ងៃ២ថ្ងៃស្អីនោះយើងអត់ដែលមាននិយាយជាមួយពួកគាត់ថាជួបថ្ងៃ២ថ្ងៃស្អីទេ។ គាត់និយាយបំពុលបរិយាកាស។ ដូចគាត់ធ្វើលទ្ធផលបោះឆ្នោតអញ្ចឹងគាត់ដើរបំពុលបរិយាកាសបញ្ចេញលទ្ធផលមុនដែលគេរាប់នោះ»។
លោក ខៀវ កាញ៉ារិទ្ធ មិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
គណបក្សសង្គ្រោះជាតិបដិសេធមិនទទួលស្គាល់ លទ្ធផលការបោះឆ្នោត និងមិន ទទួលស្គាល់សភា និងរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣ទេដោយចាត់ទុកថាគណបក្សប្រជាជនកម្ពុជាបានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញដោយឯកបក្ស។
គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈ៦៨ក្នុងសភាដែលមានអាសនៈសរុប១២៣ ហើយគណបក្សសង្គ្រោះជាតិឈ្នះបាន៥៥អាសនៈ។ សមាជិកសភាខាងគណបក្សសង្គ្រោះជាតិបានបន្តធ្វើពហិការមិនចូលប្រជុំសភាទេ រហូតមកទល់នឹងពេលនេះ។
គណបក្សសង្គ្រោះជាតិបានបន្តដឹកនាំធ្វើមហាបាតុកម្មដើម្បីទាមទារឱ្យបោះឆ្នោតឡើងវិញនិងផ្លាស់ប្តូរលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញក្រោយពីលោកបានត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំ៕
អត្ថបទព័ត៌មានទាក់ទង
- ពលរដ្ឋកាន់តែច្រើនឡើងទាមទារឱ្យលោកហ៊ុន សែនចុះចេញពីតំណែង
- បាតុករទាមទារឲ្យលោកហ៊ុន សែនចុះពីតំណែង ព្រោះចង់ផ្លាស់ប្តូរ
- គណបក្សសង្គ្រោះជាតិផ្អាកបាតុកម្មតាមផ្លួវ តែបន្តនៅទីលានប្រជាធិបតេយ្យ
- គណបក្សប្រឆាំងអំពាវនាវឱ្យជួបចរចាថ្នាក់កំពូល
- ជំនួបកំពូលគណបក្សធំទាំងពីរមិនទាន់កំណត់ថ្ងៃនៅឡើយ




យកមនុស្សស្រវឹងមកនិយាយគឹនិយាយមិនដឹងអីអញ្ជឹងហើយ។
Most of YOU are over 60 years old. You must die one day! Cambodia needs a REFORM that provide opportunity to ALL, including your children! Your today behavior may affect your children’s lives in the future!!!Think a thousand times before you act foolishly!!!
ចុចអានគំនិតថ្មី!ៗរបស់លោក ប្រធានគណបក្សសង្គ្រោះយួន
oh, don’t cry sar keng
អត់យល់មិនដឹងជាគេទៅប្រជុំពីរឿងអី? បើរបៀបវារះប្រជុំខុសគ្នាបាត់ទៅហើយនោះ ដូច្នេះកិច្ចប្រជុំ លើកនេះប្រហែលជាពួកគេនាំគ្នាទៅពិភាក្សាគ្នាពីខ្យល់ទៀតហើយមើលទៅ។ ហើយនិងបានលទ្ធផល ខ្យល់ជាមិនខាន។ បើអ្នកទាំងអស់គ្នាដឹងថាជាសមិនផុតពីកាប្រយុទ្ធគ្នានោះទេម្តេចក៍មិនខំដោះ ស្រាយឲ្យហើយមុននិងមានវិប្បដិសារីនៅពេលប៉ះទង្កិចគ្នាធ្ងន់ធ្ងរមកដល់នោះ។