ដោយ៖ តាំង វីដា និង ស៊ុន ណារិន
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com
ក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងជួបពិភាក្សាគ្នាជាថ្មី លើរបៀបវារៈមួយចំនួន មុននឹងឈានដល់ការជួបគ្នាជាថ្មីរវាងថ្នាក់ដឹកនាំកំពូល។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យដឹងថា លោកបានជជែកគ្នាជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ លោកបន្ថែមថា គណបក្សទាំងពីរសម្រេចបង្កើតក្រុមការងារបច្ចេកទេស ដែលមានម្ខាង៣រូប ពិភាក្សាលើបញ្ហាមួយចំនួន ដើម្បីឈានទៅរកការដោះស្រាយបញ្ហាទាំងមូល តែមិនទាន់បានកំណត់ថ្ងៃនៅឡើយទេ។ លោកឲ្យដឹងដែរថា ក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា រួមមាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌លោក កើត រិទ្ធិ និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា។
លោក ស ខេង បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរបើកទូលាយ និងស្នើឲ្យមានការជជែក លើលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំកំពូល កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ដែលផ្តោតលើការកែទម្រង់គ.ជ.ប និងស្ថាប័នជាតិមួយចំនួន ៖
ប៉ុន្តែ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងថា គណបក្សនេះ នឹងលើកយករបៀបវារៈ ពីរគឺ ការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងការបោះឆ្នោតឡើងវិញ ដោយសង្ឃឹមថា គណបក្សប្រជាជនកម្ពុជា មានឆន្ទៈ តម្កល់ផលប្រយោជន៍ជាតិជាធំ ទទួលយកការទាមទារបោះឆ្នោតឡើងវិញ ៖
សម្រាប់ក្រុមការងារគណបក្សសង្គ្រោះជាតិ រួមមាន ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការនាយក លោក ប៉ុល ហំម និងអគ្គនាយករងរដ្ឋបាល លោក គួយ ប៊ុនរឿន។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច យល់ថា នេះជាការចាប់ផ្តើមវិជ្ជមានមួយ បើទោះបីជារបៀបវារៈ ហាក់ខុសគ្នាបន្តិចក្តី។ លោកចាត់ទុកថា ជំនួបនេះជាឱកាសថ្មី សម្រាប់គណបក្សទាំងពីរ សិក្សាស្វែងយល់គ្នា ផ្តល់ជាដំណោះស្រាយដល់ប្រជាពលរដ្ឋ ៖
ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរបានជួបចរចាបិទទ្វារ ពីរលើកមកហើយ កាលពីខែកញ្ញា និងដើមខែវិច្ឆិកា នៅមន្ទីររដ្ឋសភា ប៉ុន្តែ មិនបានទទួលផ្លែផ្កាអ្វីទ្បើយ ដោយសារគណបក្សប្រជាជនកម្ពុជា បដិសេធការទាមទាររបស់គណបក្សសង្គ្រោះជាតិ ឲ្យបង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
ចុចអានគំនិតថ្មី!ៗរបស់លោក ប្រធានគណបក្សសង្គ្រោះយួន
ខ្ញុំទាយថានៅតែអត់បានការដដែលបើទោះបីជាមានជំនួបក៍ដោយ។ មិនបាច់និយាយច្រើននោះទេគ្រាន់តែរបៀបវារះវាខុសគ្នាតាំងតែពីដើមទីបាត់ទៅហើយតើទៅប្រជុំចរចារគ្នានាំតែខាតពេលធ្វើអី?
គណបក្សសាម៉ីទាំងពីរដឹងយ៉ាងច្បាស់ថា ការជួបចចារនេះនឹងមិនបានលទ្ធផលអ្វីទេ តែដើម្បីរក្សាវិនិយោគិនបរទេសឱ្យបានស្ថិតស្ថេរ ។ ពុទ្ធទំនាយថា គេនឹងរូបរួមគ្នាក្នុងឆ្នាំ២០១៤ នេះ ហើយតំណែងទាំងអស់នៅក្នុងរដ្ឋាភិបាលជារបស់គណបក្សប្រជាជន ហើយតំណែង៥០ភាគរយ នៅក្នុងរដ្ឋសភាជារបស់គណបក្សជំទាស់ ពិសេសប្រធានរដ្ឋសភា