ក្រុមអ្នករត់រ៉ឺម៉ក ម៉ូតឌុប និងសហគមន៍មានទំនាស់ដីធ្លីប្រមាណជិត ១.០០០នាក់ បាននាំគ្នាដើរដង្ហែក្បួនបាតុកម្មតាមដងផ្លូវសំខាន់ៗខ្លះ ក្នុងទីក្រុងសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី១ ខែមករា។
ដោយ វោហារ ជាតិ
2014-01-01
RFA
ក្រុមបាតុករបានចាត់ទុកថា ការដង្ហែក្បួនចំថ្ងៃទី១ នៃ ឆ្នាំ២០១៤ គឺជាកាដូឆ្នាំថ្មីសម្រាប់ជូនអភិបាលខេត្តសៀមរាប ឱ្យជួយដោះស្រាយ បញ្ហាជាច្រើនដែលក្រុមសហគមន៍ទំនាស់ដីធ្លី និងអ្នករត់រ៉ឺម៉កម៉ូតូ មានកង្វល់ជាយូរមកហើយ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ជាអ្នកដឹកនាំក្បួនបាតុកម្មនោះ។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋក្រុមអ្នករត់រ៉ឺម៉ក ម៉ូតូឌុប នាំគ្នាក្រោកឈរធ្វើការតវ៉ា ដើម្បីបានផលប្រយោជន៍ពីវិស័យទេសចរណ៍នៃប្រាសាទអង្គរដ៏សំបូរបែបនៅក្នុងខេត្តនេះ។
លោក វន់ ពៅ បានមានប្រសាសន៍ថា ប្រាសាទអង្គរគឺជាមត៌ករបស់ដូនតាខ្មែរដែលបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយទទួលបានផលប្រយោជន៍ ក៏ប៉ុន្តែបច្ចុប្បន្នចំណូលដែលបានពីវិស័យទេសចរណ៍ជាច្រើនកំពុងធ្លាក់ទៅលើដៃឈ្មួញធំៗ និងអ្នកវិនិយោគទុនបរទេស។ ឯប្រជាពលរដ្ឋខ្មែរដែលជាអ្នករត់រ៉ឺម៉ក និងម៉ូតូឌុប គឺបានទទួលកម្រៃបន្តិចបន្តួចប៉ុណ្ណោះ។
លោក ផឹង សាមេធ ប្រធានសាខាសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តសៀមរាប បានថ្លែងថា បាតុកម្មថ្ងៃនេះ ទាមទារលើបញ្ហាចំនួន ១០ចំណុច ដូចជាឱ្យមានការដំឡើងប្រាក់ខែជូនកម្មករ ១៦០ដុល្លារក្នុង១ខែ ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការយ៉ាងតិច ១លានរៀលក្នុង១ខែ ឱ្យរដ្ឋាភិបាលដំឡើងថ្លៃស្រូវជូនកសិករឱ្យបាន ១.៥០០រៀលក្នុង១គីឡូក្រាម និងឱ្យកន្លែងការងារទាំងអស់ លុបចោលកិច្ចសន្យាខ្លីសម្រាប់កម្មករនៅទូទាំងប្រទេសជាដើម។
លោក ផឹង សាមេធ៖ «គឺយើងទាមទារលុបបំបាត់ទាំងស្រុងនូវក្រុមហ៊ុនរថយន្តអគ្គិសនីក្នុងខេត្តសៀមរាប។ ទី២ សហគមន៍ត្បែងខាងកើតទាមទារកម្មសិទ្ធិដី ៥៣ហិកតារសម្រាប់ ១១៨គ្រួសារ សហគមន៍ត្បែងខាងលិច ទាមទារដី ៤២៧ហិកតារ សម្រាប់ ១០៥គ្រួសារ។ សហគមន៍ស្គន់ ទាមទារកម្មសិទ្ធិដីធ្លីចំនួន ១៣៧ហិកតារសម្រាប់ ១១៧គ្រួសារ។ សហគមន៍តាពេន ទាមទារកម្មសិទ្ធិដីធ្លី ១៨៣ហិកតារសម្រាប់ ៩០គ្រួសារ»។
បន្ទាប់ពីហែក្បួននៅតាមដងផ្លូវ និងនៅមុនពេលរំសាយបន្តិច ក្រុមបាតុករបានយកញត្តិទាមទារ របស់ពួកគេដាក់ជូនទៅសាលាខេត្តសៀមរាប ដើម្បីឱ្យជួយដោះស្រាយ។ នៅឯសាលាខេត្ត សៀមរាប កាលពីព្រឹកថ្ងៃទី១ ខែមករា អនុប្រធានផ្នែករដ្ឋបាលម្នាក់បានទទួលយកញត្តិទាំងនោះ ព្រមទាំងសន្យាថា នឹងដាក់ជូនអភិបាលខេត្តនៅក្នុងថ្ងៃដែលមន្ត្រីរាជការចូលធ្វើការងារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដឹកនាំក្រុមក្បួនបាតុកម្មនៅតាមផ្លូវ ក្រុងសៀមរាប។

ក្រុមសហគមន៍ទំនាស់ដីធ្លីនៅស្រុកបន្ទាយស្រី នាំគ្នាជិះម៉ូតូលើកបដាទាមទារឱ្យរដ្ឋាភិបាលដោះស្រាយដីធ្លី។

ក្រុមបាតុករចម្រុះនាំគ្នាជិះម៉ូតូហែក្បួននៅតាមដងផ្លូវ។

ក្រុមអ្នករត់រ៉ឺម៉ក ម៉ូតូឌុប រាប់រយគ្រឿងនាំគ្នាដង្ហែក្បួនបាតុកម្មតាមដងផ្លូវនៅជិតតំបន់ផ្សារចាស់នៃទីរួមខេត្តសៀមរាប។

តំណាងបាតុករគ្រប់ផ្នែកកាន់ដៃគ្នាបង្ហាញពីភាពសាមគ្គីនៅពេលដង្ហែក្បួននៅតាមដងផ្លូវ។
អត្ថបទដែលទាក់ទង
- មេដឹកនាំសហជីពថានឹងបន្តដឹកនាំកម្មករធ្វើកូដកម្មទោះបីរដ្ឋាភិបាលគំរាម
- បក្សសង្គ្រោះជាតិនៅតែបន្តធ្វើបាតុកម្មនាទីលានប្រជាធិបតេយ្យ
- សមាគមគ្រូបង្រៀនព្រមានធ្វើកូដកម្មទាមទារប្រាក់ខែ១លានរៀល
- ILO ជំរុញឲ្យដោះស្រាយជម្លោះកម្មកររោងចក្រកម្ពុជាជាបន្ទាន់
- កម្មករបន្តធ្វើបាតុកម្មមុខក្រសួងការងារនិងបិទផ្លូវជាតិមួយចំនួន
- រដ្ឋមន្ត្រីក្រសួងការងារព្រមានតំណាងសហជីពឲ្យឈប់ញុះញង់កម្មករ
- ជំនួបរវាងមន្ត្រីក្រសួងការងារនិងមេសហជីពរឿងប្រាក់ខែកម្មករបរាជ័យ
- កម្មករនៅកំពង់ឆ្នាំងធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥
- សង្គមស៊ីវិលហែក្បួនទាមទាររដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ
ចុចអានគំនិតថ្មី!ៗរបស់លោក ប្រធានគណបក្សសង្គ្រោះយួន
mistriss HUN SINA who is her?