ទស្សនៈ​អាជ្ញាធរ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង​ចំពោះ​ការ​តាម​ចាប់​លោក ឈូក បណ្ឌិត

គិត​មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ បន្ទាប់​ពី​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ឲ្យ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត មាន​ទោស​ជាប់​ពន្ធនាគារ​ក្នុង​សំណុំ​រឿង​បាញ់​កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់ អោយ​របួស។ ប៉ុន្តែ អាជ្ញាធរ​នៅ​ពុំ​ទាន់​ចាប់​អតីត​អភិបាល​ក្រុង​រូប​នេះ​ដាក់​ពន្ធនាគារ​បាន​នៅ​ឡើយ​ទេ។ ចំពោះ​បញ្ហា​នេះ តើ​អាជ្ញាធរ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង មាន​មតិ​យល់​ឃើញ​យ៉ាង​ដូច​ម្ដេច​ដែរ?

ដោយ ហ៊ុំ ចំរើន
2014-01-01
RFA

អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Ouk Savborey

អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Ouk Savborey

ពេល​តុលាការ​ពុំ​ទាន់​ចាប់​អ្នក​ទោស ឈូក បណ្ឌិត ដាក់​ពន្ធនាគារ អាជ្ញាធរ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង បាន​យល់​ឃើញ​ខុសៗ​គ្នា​ចំពោះ​ករណី​នេះ។ ដោយ​អាជ្ញាធរ​ខ្លះ​មាន​ទស្សនៈ​ថា បញ្ហា​យឺតយ៉ាវ​ក្នុង​ការ​តាម​ចាប់ លោក ឈូក បណ្ឌិត ដាក់​ពន្ធនាគារ​នោះ អាច​បណ្ដាល​មក​ពី​នីតិវិធី​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ការ​ទន់​ខ្សោយ ឬ​ពុំ​មាន​ចំណាត់​ការ​ពិត​ប្រាកដ​ក្នុង​ការ​តាម​ប្រមាញ់​ចាប់​ខ្លួន​ឡើយ។

មន្ត្រី​ក្រុម​ប្រឹក្សា​ក្រុង​បាវិត មួយ​រូប គឺ​លោក នង សារិទ្ធ ថ្លែង​នៅ​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៤ ថា មន្ត្រី​សមត្ថកិច្ច​យក​ចិត្ត​ទុក​ដាក់​តាម​ប្រមាញ់​ភាគ​ច្រើន គឺ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ គ្មាន​អំណាច។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​អំណាច និង​មាន​ឥទ្ធិពល​ក្នុង​សង្គម គឺ​តុលាការ​ពុំ​អាច​តាម​ចាប់​ពួក​គេ​ទាំង​នោះ​ដាក់​ពន្ធនាគារ​ឲ្យ​បាន​ឆាប់​រហ័ស​ដូច​ប្រជាពលរដ្ឋ​នោះ​ទេ៖ «ក្រោយ​ពី​តុលាការ​ចេញ​សាលក្រម ហើយ​មនុស្ស​ហ្នឹង​ចាប់​អត់​បាន​ទៀត។ អ៊ីចឹង​ទៅ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​មាន​ការ​ខកខាន​ដែរ​ថា តុលាការ​ស្រុក​ខ្មែរ​ហ្នឹង​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​អី​អ៊ីចឹង។ ហ្នឹង​ចំណុច​សំខាន់​ទៀត​ហ្នឹង ប្រជាពលរដ្ឋ​គាត់​ចង់​បាន​ណាស់​ដែល​អនុ​ច្បាប់​នៅ​ស្រុក​ខ្មែរ​ហ្នឹង គឺ​យក​ជន​ដែល​ប្រព្រឹត្ត ហើយ​យក​ដាក់​គុក​ឲ្យ​បាន​ទៅ ដើម្បី​ជា​គំរូ​មួយ​បាន​ដល់​អ្នក​ដែល​ក្រោមៗ​ទៀត»

ប៉ុន្តែ អាជ្ញាធរ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​ក្ដី​ក្ដាំ​មួយ​នេះ​នោះ​ឡើយ។

មេ​ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក លោក គង់ ធួន មាន​ប្រសាសន៍​បញ្ជាក់​ថា បញ្ហា​រឿង​ក្ដី​របស់ លោក ឈូក បណ្ឌិត គឺ​ជា​រឿង​របស់​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​លើ​ការ​ស្រាវជ្រាវ​ហេតុ​ផល​ក្ដី​នេះ៖ «បាទ! បញ្ហា​ក្ដី​ក្ដាំ​ហ្នឹង​ក៏​មិន​បាន​ទៅ​ចាប់​អារម្មណ៍​ទៅ​លើ​កិច្ច​ការងារ​ហ្នឹង​ដែរ ព្រោះ​យើង​ធ្វើ​ការងារ​មូលដ្ឋាន​ផ្ដោត​ទៅ​លើ​ការងារ​គ្រប់គ្រង​ឃុំ​របស់​ខ្លួន មិន​អាច​ហ៊ាន​និយាយ​បាន​ដែរ ព្រោះ​យើង​នៅ​ឆ្ងាយ​មិន​បាន​ស៊ើប​អង្កេត»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​ទទួល​បន្ទុក​រឿង​ក្ដី​តាម​ចាប់ លោក ឈូក បណ្ឌិត ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១ មករា ដោយ​ទទួល​ទូរស័ព្ទ​ហើយ តែ​បិទ​ទៅ​វិញ។

ទាក់ទង​ទៅ​នឹង​បញ្ហា​របស់ លោក ឈូក បណ្ឌិត នេះ កន្លង​មក​ចៅក្រម​សាលា​ឧទ្ធរណ៍​ធ្លាប់​បាន​ប្រកាស​សាល​ដីកា​ដោយ​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លើ​ករណី​ប្ដឹង​ទាស់​របស់ លោក ឈូក បណ្ឌិត។ ហើយ​កន្លង​មក សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ធ្លាប់​បាន​សម្រេច​ឲ្យ លោក ឈូក បណ្ឌិត មាន​ទោស​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ឲ្យ​ជន​រងគ្រោះ​ជា​កម្មការិនី​ចំនួន ៣​រូប គឺ ប៊ុន ចិន្តា នុត សាខន និង កែវ នា សរុប​ចំនួន ៣៨​លាន​រៀល និង​បន្ត​អនុវត្ត​ដីកា​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ​ដាក់​ក្នុង​ពន្ធនាគារ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។

បើ​ទោះ​ជា​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ទុក​ដដែល​ក៏ដោយ ប៉ុន្តែ​មេធាវី​របស់​ជន​រងគ្រោះ​ទាំង ៣​រូប រួម​ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​ផង ធ្លាប់​បាន​ស្នើសុំ​ឲ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍ ពិចារណា​ប្ដូរ​បទ​ចោទ លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ទៅ​ជា​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា​វិញ ហើយ​ឆាប់​ចាប់​ខ្លួន ឈូក បណ្ឌិត មក​ដាក់​ពន្ធនាគារ ពីព្រោះ​ជន​រងគ្រោះ​ទាំង​នោះ​កំពុង​មាន​ការ​ភ័យ​ខ្លាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "ទស្សនៈ​អាជ្ញាធរ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង​ចំពោះ​ការ​តាម​ចាប់​លោក ឈូក បណ្ឌិត"

  1. ម៉ែនសូក says:

    ថ្ងៃនេះ ថ្ងៃស្រែក កុំឱ្យមាន ហ៊ុន សែន
    បើមាន ហ៊ុន សែន ជនទុច្ចរិតនិងខាតក
    នៅក្នុងបក្សប្រជាជន ប្រព្រឹត្តិអំពើអាក្រក់និងគ្មានទោសឡើយ ។

  2. ម៉ែនសូក says:

    ថ្ងៃនេះ ថ្ងៃស្រែក កុំឱ្យមាន ហ៊ុន សែន
    បើមាន ហ៊ុន សែន ជនទុច្ចរិតនិងឃាតក
    នៅក្នុងបក្សប្រជាជន ប្រព្រឹត្តិអំពើអាក្រក់គ្រប់យ៉ាងនិងគ្មានទោសនិង
    បានចាប់ខ្លួនឡើយ ។

  3. samneang says:

    It proves that RG C is not RGC of the Cambodian people but for the criminals who have worked for RGC. Any wrong thing done by ordinary Cambodian, authority would have got job done long ago. On top of that , money can be made at same time.
    This is RGC of corruption.

  4. CHEA says:

    PLEASE MAKE YOUR JUDGEMENT WHAT RWONG WHIT THIS HUN SEN CPP GOV. HUN SEN NEVER SAID A WORT ON THIS CASE.

  5. Phoung Tran says:

    No one dares to touch HIM since he has a strong connections with one of the DPMs!!!

  6. Phoung Tran says:

    No one dares to touch HIM since he has had a strong connections with one of the DPMs!!!

  7. វាសនាខ្ញុំ អនាគតខ្ញុំ says:

    ម៉ែនៗៗៗថ្ងៃនេះថ្ងៃស្ងែក!កុំឲ្យមានហ៊ុន សែន!!!បើមានគាត់ ជនទុច្ចរិតនិងឃាតករ នៅតែចេះកំបាំងខ្លួន និងធំជាងគុកទៅទៀត????ដូចករណី អាអន្ទិត ឈូក បណ្ឌិត វានៅដើរហើរដោយសេរី ផ្គើននឹងសមត្ថកិច្ច​​​​ និងប្រព័ន្ធច្បាប់ តុលាការក្រោមការដឹកនាំរបស់បុរសខ្លាំងកណ្តាប់ដៃដែកធើហី!!!