សារ៉ាយ សក្ខណា បើក​សាលា​ប៊ែលលី​មុន​ទៅ​អាមេរិក?

Wednesday, 01 January 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

140101_23a

តារា​សម្តែង សារ៉ាយ សក្ខណា និង​ស្វាមី ​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ តារាសម្តែង​នាង សារ៉ាយ សក្ខណា នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​តាម​ប្តី នៅ​អំឡុង​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០១៤​នេះ។ ប៉ុន្តែ​មុន​នឹង​ចាកចេញ សារ៉ាយ សក្ខណា បាន​អញ្ជើញ​អ្នកសារព័ត៌មាន​ជាច្រើន​រូប​ទៅ​ចូលរួម​ពិធី​ជប់លៀង​ដ៏​ធំ មួយ​នៅ​សាលា​ភាសា​បរទេស​មួយ​ឈ្មោះ​ថា សាលា​ប៊ែលលី ដែល​អ្នក​រស់នៅ​ម្តុំ​នោះ​បាន​បញ្ជាក់​ថា គឺជា​សាលាបង្រៀន​ភាសាបរទេស​ដែល​នាង​បើក​ដំណើរការ​។

ដោយ​មាន​បិទ រូបនាង និង​ស្វាមី​ដែល​ទើប​រៀបការ​ថ្មីៗ ដោយ​ព​ក្មេងស្រី​ម្នាក់ សាលា​ប៊ែលលី ដែល​មាន​អាសយដ្ឋាន​នៅ​ច្រក​ចូល​វត្ត​សំរោង​អណ្តែត ចម្ងាយ​ប្រមាណ​៤០​ម៉ែត្រ​ពី​ខ្លោង​ទ្វារ ត្រូវ​បាន​អ្នក​រស់នៅ​ទី​នោះ​និយាយ​តៗ​គ្នា​ថា គេ​បាន​ឃើញ​វត្តមាន​តារាសម្តែង​ល្បី​ឈ្មោះ​នាង សារ៉ាយ សក្ខណា ចេញ​ចូល​ទី​នោះ​ញឹកញាប់​បំផុត ដែល​គេ​បាន​ដាក់​ការ​សង្ស័យ​ថា សាលា​នោះ​ជា​កម្មសិទ្ធិ​នាង ហើយ​ក្រោយ​ពេល​រៀបការ​នាង​ក៏​បាន​នាំ​ស្វាមី​អាណិក​ជនអាមេរិក​របស់​នាង​ទៅ មើល​ទី​នោះ​ផង​ដែរ​។

នៅក្នុង​បរិយាកាស​ដ៏​រីករាយ​ដែល​សិស្សានុសិស្ស និង​ឪពុកម្តាយ​ជាច្រើន​រូប​ចូលរួម​ក្នុង​ពិធី​ចែក​ប័ណ្ណ​សរសើរ និង​ជប់លៀង​កាលពី​សប្តាហ៍​មុន​នៅ​សាលា ប៊ែលលី នោះ សិស្ស​ភាគច្រើន​បាន​ឲ្យ​ដឹង​ថា តារាសម្តែង សារ៉ាយ សក្ខណា តែង​មាន​វត្តមាន​នៅ​ទីនោះ​អត់​ដាច់​ឡើយ ហើយ​សិស្ស​ភាគច្រើន​គិត​ថា សាលា​ប៊ែលលី ពិតជា​មាន​ចំណែក​របស់ សក្ខណា មិន​ខាន។ មាន​ការ​បញ្ជាក់​ពី​អ្នក​រស់នៅ​ម្តុំ​នោះ​ថា ទំនង​ជា សក្ខណា បើក​សាលា​នេះ ជា​កាដូ​ជូន​ឪពុក​ម្តាយ​របស់​នាង​មុន​ពេល​ទៅ​រស់នៅ​អាមេរិក។


ប៉ុន្តែ យ៉ាង​ណា នៅពេល​សួរ​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ទៅ​កាន់​តារាសម្តែង សារ៉ាយ សក្ខណា តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ជា​ការពិត​ណាស់ នាង​តែង​មាន​វត្តមាន​ជា​ញឹកញាប់​នៅ​សាលា​ប៊ែលលី តែ​នាង​សុំ​បញ្ជាក់​ថា ការ​លើក​ឡើង​ថា នាង​ជា​ម្ចាស់​កម្មសិទ្ធិ​សាលា​ភាសា​បរទេស​នេះ មិនមែន​ជា​ការពិត​ទេ។ តាមពិត​ទៅ​សាលាបង្រៀន​ភាសា និង​កុំព្យូទ័រ​នេះ​ជា​កម្មសិទ្ធិ​របស់​បងប្រុស​របស់​នាង ហើយ​នាង​តែង​មក​លេង​ជា​ញឹកញាប់ ព្រោះ​នាង​ចូលចិត្ត​ក្មេងៗ​។

ជាមួយ គ្នា​នោះ លោក មុំ តារា នាយក​សាលា​ប៊ែលលី បងប្រុស សារ៉ាយ សក្ខណា បាន​ឲ្យ​ដឹង​ថា សាលា​នេះ​បើក​ដំណើរការ​២​ឆ្នាំ​ហើយ ហើយ​ប្អូនស្រី​លោក សក្ខណា តែង​មក​លេង​ទី​នេះ​ជា​ញឹកញាប់ ដូច្នេះ​ហើយ​ទើប​បណ្តាល​ឲ្យ​មាន​ការ​យល់ច្រឡំ៕


What Next?

Recent Articles