ប្រជាពលរដ្ឋមួយចំនួនរស់នៅក្រុងបាវិត ខេត្តស្វាយរៀង ត្អូញត្អែរពីបញ្ហាក្លិនស្អុយពីគំនរចាក់សំរាមរបស់ក្រុមហ៊ុនដឹកសំរាម សុខ ខេង ថាបានយកទីតាំងចាក់គំនរសំរាមក្បែរភូមិរបស់ប្រជាពលរដ្ឋ។ បញ្ហានេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរគំនរសំរាមនោះ។ ប្រជាពលរដ្ឋអះអាងថា ពួកគាត់បានប្ដឹងទៅអាជ្ញាធររបស់ខ្លួនឲ្យជួយដោះស្រាយបញ្ហាក្លិនស្អុយរបស់គំនរសំរាមនេះ ប៉ុន្តែពុំមានអាជ្ញាធរណាអើពើចំពោះបញ្ហានេះឡើយ។
ដោយ ហ៊ុំ ចំរើន
2014-01-01
RFA

៣១-ធ្នូ-២០១៣៖ គំនរសំរាមដែលក្រុមហ៊ុនដឹកសំរាម សុខ ខេង យកមកចាក់ចោលនាភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ RFA/Hum Chamroeun
ក្រុមប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់គំនរចាក់សំរាម បញ្ជាក់ថា បញ្ហាប្រឈមខ្លាំងរបស់ប្រជាពលរដ្ឋ គឺនៅពេលណាដែលមានខ្យល់បក់មកលើផ្ទះរបស់ខ្លួនម្ដងៗ ពេលនោះក្លិនស្អុយ រួមទាំងផ្សែងដុតគំនរសំរាមផង វាបានជះក្លិនអាក្រក់មកលើប្រជាពលរដ្ឋតែម្ដង។ ហើយអ្នកដែលងាយរងផលប៉ះពាល់ខ្លាំង គឺក្មេងៗ និងស្ត្រីដែលមានផ្ទៃពោះតែម្ដង។
ប្រជាពលរដ្ឋវ័យ ៥០ឆ្នាំប្លាយម្នាក់ រស់នៅក្បែរតំបន់គំនរសំរាម នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស នៃក្រុងបាវិត អ្នកស្រី កៅ សុវណ្ណ ថ្លែងនៅថ្ងៃទី៣១ ធ្នូ ថា ក្រុមគ្រួសាររបស់អ្នកស្រីជួបការលំបាក ដោយសារក្លិនជះស្អុយរបស់គំនរចាក់សំរាមនោះមកលើផ្ទះរបស់ខ្លួនយូរមកហើយ។ ហើយពួកគាត់មានការព្រួយបារម្ភខ្លាចបញ្ហានេះ បង្កឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់ខ្លួននៅថ្ងៃខាងមុខ៖ «ធុំណាស់ទ្រាំមិនបានទេ វាពេលធុំម្ដងៗ អ៊ីចឹងទាល់តែបិទទៅបិទច្រមុះ ទាល់តែវាបាត់ធុំទៅ។ ម្នាក់ៗកូនខ្ចីវាទាល់វាយ៉ាប់ក្នុងខ្លួនហ្នឹង ពិបាកប្រឹងណាស់ដល់ពេលវាជះម្ដងៗ។ អាក្លិនផ្សែងបើថាស្រូវយើងវាវីវល់ទៅ វាជះចំស្រូវអ៊ីចឹង វារួញស្រូវ ក្រហមស្រូវ។ តែយើងធ្វើយ៉ាងម៉េចគេឥឡូវបើគេអ្នកដាក់អ៊ីចឹងហើយ យើងប្រជាជនធ្វើម៉េចក៏មិនឈ្នះគេដែរ គេថាសុទ្ធតែច្បាប់មកពីខេត្តពីស្រុក ហើយយើងមិនដឹងធ្វើម៉េច»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅភូមិក្បែរខាងម្នាក់ទៀតឈ្មោះ អ្នកស្រី យិន បុប្ផា ថ្លែងបញ្ជាក់ថា ចាប់តាំងពីមានគំនរសំរាមមក សង្កេតឃើញមានសត្វល្អិត ដូចជារុយ ជាដើម បានកើតឡើងយ៉ាងឆាប់រហ័ស។ ហើយបញ្ហានេះ បានបង្កផលលំបាករំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះជាខ្លាំង៖ «ប៉ះពាល់ ជាពិសេសយើងមានជំងឺ អ៊ីចឹងវាអាចមានមេរោគ ហើយមានសត្វល្អិតមកច្រើនអ៊ីចឹង ដូចជារុយ យើងហូបបាយកូនចៅអីតូចធំដែលមិនបានគិតដិតដល់អ៊ីចឹង វាអាចមានប៉ះពាល់ដល់កូនដល់ចៅអ៊ីចឹង។ និយាយរឿងប៉ះពាល់ វាខ្លាំងមែនទែន ប៉ុន្តែយើងមិនដឹងធ្វើម៉េច ពាក្យថាមិនដឹងធ្វើម៉េចអ៊ីចឹងតែម្ដង ពីព្រោះថាយើងជាប្រជាពលរដ្ឋដ៏តូចមួយ ហើយយើងគ្មានអីអ៊ីចឹង ពិបាកណាស់។ យើងទៅតវ៉ាហ្នឹង គេក៏មិនដឹងបានលទ្ធផលអីមកដែរ។ បើគេអ្នកមានគេតបាន ហើយសំខាន់អ្នកនៅជិតអ៊ីចឹងដូចជាខ្ញុំជាដើម គឺប៉ះពាល់ធ្ងន់ជាងគេបំផុតហើយ»។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំច្រកម្ទេស លោក ហួត សាមៃ មានប្រសាសន៍ថា បញ្ហាគំនរសំរាមរបស់ក្រុមហ៊ុន សុខ ខេង ដែលបានយកទៅចាក់នៅតំបន់ភូមិច្រកម្ទេស នោះ ពុំបានបង្កផលលំបាកអ្វីជាដុំកំភួនដល់ប្រជាពលរដ្ឋនោះទេ។ លោកបញ្ជាក់បន្ថែមថា អាជ្ញាធរក៏ពុំទាន់បានទទួលពាក្យរិះគន់ពីអ្នកភូមិនៅតំបន់ចាក់គំនរសំរាមនោះនៅឡើយដែរ។
«សំឡេង»
តែយ៉ាងណា ប្រជាពលរដ្ឋឲ្យដឹងថា ពួកគាត់បានប្ដឹងអាជ្ញាធររបស់ខ្លួនឲ្យជួយដោះស្រាយបញ្ហាគំនរសំរាមមួយនេះច្រើនដងរួចទៅហើយ ប៉ុន្តែពុំមានអាជ្ញាធរណាអើពើជួយដោះស្រាយបញ្ហាគំនរសំរាមនេះដល់អ្នកភូមិនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីឃុំនៅស្ទឹងត្រែងច្រានចោលគោលនយោបាយសំណងនៃគម្រោងសង់ទំនប់វារីអគ្គិសនី
- កសិករមកពី៨ខេត្តផ្លាស់ប្ដូរបទពិសោធន៍ការដាំដុះដំណាំដែលធន់នឹងអាកាសធាតុ
- បណ្ដាញយុវជននឹងរៀបចំវេទិកាស្ដីពីអនាគតព្រៃឡង់នៅថ្ងៃ២៩ធ្នូ
- ពលរដ្ឋនៅសៀមរាបត្អូញពីធូលីកម្ទេចថ្មហុយពីក្រុមហ៊ុនឆ្លាក់ថ្មអាទីហ្សង់អង្គរ
- វេទិកាគ្មានការប្រើប្រាស់ថ្នាំកសិកម្មនៅខេត្តបន្ទាយមានជ័យ
- ក្រសួងធនធានទឹក៖ សីតុណ្ហភាពអាចនឹងចុះដល់កម្រិត១២អង្សាសេ
- មន្ទីរពេទ្យខេត្តកណ្ដាលវះកាត់ភ្នែកឥតគិតថ្លៃ
- គ្រូពេទ្យអំពាវនាវឲ្យបាតុករសង្គ្រោះជាតិរក្សាអនាម័យ
- ក្រុមបាតុករត្អូញត្អែរពីបញ្ហាសំរាមនៅក្បែរទីលានប្រជាធិបតេយ្យ