មន្ត្រី​សិទ្ធិមនុស្សថាការចោទប្រកាន់​លោក វ​ន់ ពៅ និង​សកម្មជន​៩​នាក់​ទៀត ជា​ចេតនា​បំបាក់​បាតុកម្ម​​

ដោយ៖​ តាំង វីដា​ និង អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ហៅ​ការចោទប្រកាន់​របស់​តុលាការ​ទៅលើ​សកម្មជន​សិទ្ធិមនុស្ស ១០​រូប ដែល​បាន​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កាល​ពី​ម្សិលមិញ​នេះ ថា​ជា​ចេតនា​របស់​សមត្ថកិច្ច​ដើម្បី​បំបាក់ស្មារតី ​ប្រជាពលរដ្ឋ​ដែល​ធ្វើបាតុកម្ម​។

ក្រោយ​ការសាកសួរ​អស់​ពេល​ជិត​១​ព្រឹក ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី សែម សត្កិ​កូឡា បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន លោក វ​ន់ ពៅ និង​សកម្មជន​សហជីព ៩​នាក់​ទៀត ដោយ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​

​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត យល់ថា​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ថយក្រោយ​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដោយ​សន្តិវិធី​។ លោក​យល់ថា ប្រព័ន្ធ​តុលាការ​ពេល​នេះ គឺជា​ឧបករណ៍​របស់​អ្នកនយោបាយ ក្នុងការ​លុប​បំបាត់​សំឡេង​តវ៉ា ទាមទារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​បាតុកម្ម កំពុង​កើតមានឡើង​ទូទាំង​ប្រទេស​ ​<<​ខ្ញុំ​គិតថា វា​ជា​ឧបករណ៍​របស់​អ្នកនយោបាយ ពីព្រោះ​យើង​មើល​ទៅ​បញ្ហា​ទាំងអស់នេះ គឺថា​វា​មិនត្រូវ​មាន​ការចោទប្រកាន់ ណាមួយ​កើតឡើង​ទេ ពីព្រោះ​ធាតុពិត​យើង​ត្រូវ​រកឲ្យឃើញ អ្នកណា ជា​អ្នកបង្ក​ហិង្សា​។ ប៉ុន្តែ​អ្នក​ទាំងអស់​នោះ គ្រាន់តែ​ធ្វើ​ការតស៊ូ​មតិ ដោយ​អហិង្សា ប៉ុន្តែ​បើ​មាន​ជន​ដែល​ក្លែងបន្លំ បង្ក​ឲ្យមាន​ហិង្សា យើង​ត្រូវ​ចាប់​ជន​បុគ្គល​នោះ​ផ្ទាល់​>>​។​

​ប្រធាន​កម្មវិធី​ផ្នែក​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា យល់ថា ការចោទប្រកាន់​លើ​សកម្មជន​ទាំង​នេះ គឺ​ដើម្បី​បំបាត់​សំឡេង​ទាមទារ​របស់​ប្រជាពលរដ្ឋ ដោយសារ​មួយ​រយៈ​ចុងក្រោយ​នេះ ពួកគេ បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​វិស័យ តវ៉ា​ទាមទារ​សិទ្ធិ និង​ប្រាក់​ឈ្នួល​របស់ខ្លួន​ ​<<​ការទាមទារ​ទាំងអស់​នេះ គឺ​វា​ឆ្លុះបញ្ចាំង​ជាមួយនឹង​កម្មវិធី​នយោបាយ របស់​គណបក្ស​សង្គ្រោះ​ជាតិ អញ្ជឹង​ធ្វើ​ឲ្យ​សន្ទុះ​របស់​ប្រជាពលរដ្ឋ មួយ​រយៈ​នេះ​មាន​ការផ្ទុះ​ខ្លាំង ហើយ​ការបំបាក់​នេះ​បើ​ខ្ញុំ​យល់ ប្រហែល​ជា​ចេតនា​មួយ ដាក់​សំពាធ​ទៅ​ភាគី​នយោបាយ​មួយទៀត មុន​ពេល​ចរចា​>>​។​

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ថា ការចោទប្រកាន់​នេះ គឺ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​ឡើយ ហើយ​ការអនុវត្ត​សមត្ថកិច្ច​របស់​កងកម្លាំង​ទ័ព​ឆ័ត្រយោង​៩១១ និង​ព្រះរាជអាជ្ញា ចោទប្រកាន់​លើ​សកម្មជន​ទាំងនោះ គឺ​សុទ្ធតែ​ខុសច្បាប់​ <<​ទាហាន​មិនមែន​ជា​នគរបាល​យុត្ដិធម៌​ទេ ដូច្នេះ​មិន​មាន​សិទ្ធ​ឃាត់ខ្លួន​ឃុំខ្លួន ទៅ​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ យើង​គួរឲ្យ​សោកស្ដាយ​ដែរ​ដែល​មាន​ព្រះរាជអា​ជ្ញា​រ​យល់​អំពី​ច្បាប់ អំពី​នីតិវិធី​ត្រឹមត្រូវ​ហើយ​ទៅ​ជា​ធ្វើ​សកម្មភាព​ខុស​ជាមួយ​ហ្នឹង​ក្រុម​កងពល​ឆ័ត្រយោង​លេខ​៩១១​ថែម​ទៅទៀត​>>​។​

​ក្នុងជំនួប​ចរចា​បន្ទាន់​រវាង​ប្រធាន​សហជីព​ទាំង​៦ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​មន្ដ្រី​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឲ្យ​តុលាការ ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​និង​កម្មករ​ដែល​ចាប់ខ្លួន​កាល​ពី​ម្សិលមិញ​។ ប៉ុន្តែ​ន្ដែ​អ្នកនាំពាក្យ​សាលា​រាជធានី លោក ឡុង ឌី​ម៉ង់ ប្រាប់ VOD​ថា  អជ្ញាធរ​មិនអាច​ដោះលែង​ពួកគាត់​បាន​ទេ ដោយសារ​មាន​ភស្ដុតាង​បទល្មើស​ជាក់ស្ដែង។ ​លោក​ថា​សហជីព​គួរតែ​រៀបចំ​ ឱ្យមាន​មេធាវី​ការពារ​ក្តី​ដើម្បី​ដំណើរការ​នីតិវិធី​តាម​ផ្លូវច្បាប់រ​បស់​ខ្លួន។ យ៉ាងនេះក្តី សហជីព​ទាំង៦ ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​បន្ធូរដៃ​ក្នុង​ការបង្ក្រាប​លើ​កម្មករ​ដែល​ធ្វើបាតុកម្ម​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ឃុំខ្លួន​បណ្តោះអាសន្ន លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ពុទ្ធិ​ស័ក្កិ ប្រជា​សហគមន៍​បឹងកក់ និង​សកម្មជន​សហជីព មួយចំនួនទៀត ដែល​ត្រូវ​កងទ័ព​ឆ័ត្រយោង​៩១១ ចាប់វាយ​នៅ​មុខ​រោងចក្រ​យ៉ាក​ជីន​។ ក្នុង​ហេតុការណ៍​នោះ​បាន​បណ្តាលឲ្យ​កម្មករ និង​ព្រះសង្ឃ​ជាច្រើន​អង្គ​/​នាក់​រងរបួស ហើយ​ព្រះសង្ឃ​ចំនួន ៥​អង្គ​ត្រូវបាន​ឃាត់​ព្រះកាយ​ជាង​១០​ម៉ោង ទើប​មាន​ការដោះលែង​៕

សូមសរសេរមកកាន់លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

One Response to "មន្ត្រី​សិទ្ធិមនុស្សថាការចោទប្រកាន់​លោក វ​ន់ ពៅ និង​សកម្មជន​៩​នាក់​ទៀត ជា​ចេតនា​បំបាក់​បាតុកម្ម​​"

  1. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត