ឃួន ធារ៉ា
03 មករា 2014
វីអូអេខ្មែរ

អ្នកភូមិម្នាក់ពិនិត្យមើលសាកសពបុរសមួយរូបដែលត្រូវបាញ់ស្លាប់ ខណៈដែលក្រុមប៉ូលិសបង្ក្រាបកុបកម្មបាញ់ប្រហារលើកម្មករនៅជិតរោងចក្រមួយនៅតំបន់ស្ទឹងមានជ័យជាយក្រុងភ្នំពេញ នៅថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០១៤នេះ។ មន្ត្រីប៉ូលិសមួយរូបនិយាយថា យ៉ាងតិចមានមនុស្ស៣នាក់បានស្លាប់និងរបួសជាច្រើននាក់ទៀត នៅក្រោយពេលក្រុមប៉ូលិសបាញ់ទៅលើកម្មករកាលពីថ្ងៃសុក្រដើម្បីបំបែកបាតុកម្មរបស់កម្មករ។ (AP)
ភ្នំពេញ — បាតុកម្មនិងកូដកម្មទាមទារដំឡើងប្រាក់បៀវត្សរ៍របស់កម្មករដែលកំពុងរាលដាលនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានឡើងកម្តៅកាន់តែខ្លាំងនៅថ្ងៃនេះ បន្ទាប់ពីមានមនុស្សជាច្រើននាក់បានស្លាប់និងរងរបួសក្នុងការបង្រ្កាបរបស់ក្រុមសមត្ថកិច្ចទៅលើហ្វូងបាតុករ។ មន្ត្រីសង្គមស៊ីវិលបានថ្កោលទោសចំពោះការបង្ក្រាបរបស់សមត្ថកិច្ចនេះ។
យ៉ាងហោចណាស់មានមនុស្សបួននាក់ស្លាប់ រងរបួស២៣នាក់ និង១០នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនក្នុងព្រឹត្តការណ៍បង្រ្កាបបាតុកម្មដោយការបាញ់រះមួយដោយក្រុមសមត្ថកិច្ចនៅតំបន់សួនឧស្សាហកម្មកាត់ដេរកាណាឌីយ៉ាក្នុងក្រុងភ្នំពេញ។ នេះបើតាមការអះអាងរបស់មន្ត្រីសិទ្ធិមនុស្ស។ អំពើហិង្សាដែលបានអូសបណ្លាយតាំងពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាននាំឱ្យរងរបួសទាំងបាតុករនិងសមត្ថកិច្ចម្តងរួចមកហើយ។
នគរបាលបង្ក្រាបកុបកម្មប្រដាប់ដោយខែល ដំបងឆក់ និងកាំភ្លើងអាកា៤៧ រាប់រយនាក់ នៅព្រឹកថ្ងៃសុក្រនេះបានចុះទៅបង្ក្រាបបាតុកម្មនៅទីនោះម្តងទៀត បន្ទាប់ពីបាតុករជាកម្មកររោងចក្រជាច្រើនពាន់នាក់នៅតែបន្តដុតកង់ឡាននិងបិទផ្លូវតាមបណ្តោយផ្លូវវេងស្រេង ដែលសំបូរទៅដោយរោងចក្រកាត់ដេរ។ ខណៈដែលក្រុមសមត្ថកិច្ចបាញ់រះដោយប្រើគ្រាប់ពិតមកលើខ្លួន ក្រុមបាតុករបានចោលដំថ្ម និងស្រែកជេរមកខាងសមត្ថកិច្ចវិញ។
លោក សួន សាវ៉ាត ជាកម្មករម្នាក់ដែលត្រូវបានសមត្ថកិច្ចឆក់ដោយដំបងឆក។
«ក្រុមសមត្ថកិច្ចមកដល់វាយបាញ់អ្នកតវ៉ាបាតុកម្មអហិង្សាដូចសត្វធាតុអញ្ចឹង។ មកដល់បាញ់យកៗតែម្តង។ ធម្មតាបាតុករមានតែដៃទទេ ប៉ុន្តែសមត្ថកិច្ចមានកាំភ្លើង មានខែល។ ក្រុមសមត្ថកិច្ចបានឡើងវាយដល់បន្ទប់មិនថាស្រីមិនថាប្រុសទេ»។
លោក អែក គីមអេង អ្នកលក់ដូរជិតនោះនិងជាសាក្សីម្នាក់រៀបរាប់ពីហេតុការណ៍នេះ។
«ឃើញដើរទៅកើត ហើយបាញ់រះតែម្តង។ កាំភ្លើងនេះមិនមែនជាកាំភ្លើងខ្លែងក្លាយទេ។ ជាគ្រាប់ពិត។ គ្រាប់ក្នុងហៅប៉ៅខ្ញុំមាន»។
បើតាមលោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ តួលេខអ្នកស្លាប់អាចកើនដល់ប្រាំនាក់ រងរបួស២៣នាក់ និងឃាត់ខ្លួនចំនួន១០នាក់។ បាតុករដែលត្រូវបានចាប់ខ្លួនត្រូវបានចងស្លាប់សេកនិងវាយយ៉ាងដំណំឱ្យសន្លប់នៅហ្នឹងកន្លែងដោយក្រុមសមត្ថកិច្ច។ ក្នុងនោះដែរ មន្ទីរពេទ្យឯកជនមួយកន្លែងនៅក្បែរនោះត្រូវបានវាយកម្ទេចដោយក្រុមបាតុករ ក្រោយពីបុគ្គលិកមន្ទីរពេទ្យនោះមិនអនុញ្ញាតឱ្យអ្នករងរបួសចូលទៅសម្រាកព្យាបាល។
លោក រ័ត្ន ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានដឹកនាំសមត្ថកិច្ចចុះទៅបង្ក្រាបក្រុមបាតុករ បានអះអាងថា ការបាញ់បាតុករនេះគ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ។
«ពីណាគេជាអ្នកបង្កហេតុមុន? សមត្ថកិច្ចគ្មានបំណងអ្វីប៉ះពាល់ជាមួយពួកគាត់ទេ។ ប៉ុន្តែពួកគាត់មានបំណងដើម្បីបង្ក្រាបពួកខ្ញុំវិញ។ អញ្ចឹងខ្ញុំត្រូវបង្ខំចិត្តការពារខ្លួនហើយ។ គាត់បានត្រៀមប្រើអំពើហិង្សាមកលើសមត្ថកិច្ច តាំងពីដបសាំង កាំបិត ពូថៅ ដំបង គ្រប់បែបយ៉ាងទាំងអស់»។
លោក ចាន់ សុវ៉េត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការអាដហុកបានចាត់ទុកការបង្ក្រាបដោយហិង្សានេះជាអំពើខុសច្បាប់។
«សកម្មភាពដែលកម្មករធ្វើការតវ៉ាបិទផ្លូវនេះមិនមែនជារឿងមួយដែលធ្ងន់ធ្ងរក្នុងការប្រើប្រាស់កម្លាំងទ្រង់ទ្រាយធំអញ្ចឹងទេ យើងធ្វើការចរចាទៅ។ ដូច្នេះសកម្មភាពនេះ ខ្ញុំគិតថា មិនអាចបន្ថយកំហឹងរបស់កម្មករទេ»។
នៅថ្ងៃនេះ បាតុកម្មរបស់កម្មករក៏បានកើតមាននៅចំណុចមួយចំនួនទៀតដែរ ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសតាមផ្លូវជាតិលេខ៤ និងនៅសង្កាត់ចាក់អង្រែក្រោមជាដើម។ បាតុកម្មមួយទៀតដោយមានការបិទផ្លូវខាងមុខតុលាការក្រុងភ្នំពេញដើម្បីឱ្យដោះលែងបាតុករ១០នាក់ដែលត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ។ ការបិទផ្លូវនេះក៏បាននាំឱ្យមានការប៉ះទង្គិចគ្នាមួយប្រាវរវាងក្រុមបាតុករនិងសមត្ថកិច្ច ប៉ុន្តែមិនបណ្តាលឱ្យមានរបួសទេ។ បាតុកម្មផ្ទួនៗគ្នានេះកើតឡើង ស្របពេលដែលកម្មកររាប់ម៉ឺននាក់ផ្សេងទៀតនៅទូទាំងប្រទេសកំពុងធ្វើកូដកម្មមិនព្រមចូលធ្វើការ។ បាតុកម្មនិងកូដកម្មទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លាររបស់កម្មករបានអូសបន្លាយជាច្រើនថ្ងៃកន្លងមកហើយ។ បន្ទាប់ពីមានការចរចាជាច្រើនលើក ភាគីរោងចក្របានព្រមព្រៀងដំឡើងប្រាក់ខែគោលឱ្យកម្មករដល់១០០ដុល្លារ ប៉ុន្តែតំណាងសហជីពនិងកម្មករមួយចំនួនធំនៅតែរក្សាការទាមទាររបស់ខ្លួនដដែល៕
អត្ថបទព័ត៌មានទាក់ទង
- អំពើហិង្សាបង្ក្រាបក្រុមបាតុករនៅកណ្តាលអាធ្រាត
- កងកម្លាំងរដ្ឋាភិបាលបង្រ្កាបនិងចាប់ខ្លួនក្រុមបាតុករ
- សហជីពនិងកម្មករមិនព្រមទទួលយកប្រាក់ខែ១០០ដុល្លារហើយបន្តធ្វើកូដកម្ម
- បក្សប្រឆាំងផ្អាកការចរចាជាមួយនឹងគណបក្សកាន់អំណាច
- តើព្រះសង្ឃគួរចូលរួមសកម្មក្នុងកិច្ចការប្រទេសជាតិឬទេ?


GRK, you did a good job! Go get you reward at Kandal and Cba ampov market from all the Vietnam over there . They were laughing and partying all day celebrating for you stupid Khmer killing each other while they keep building more floating house on Mekong river!!!
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត