គ្រូ​បង្រៀន​ជិត​១​ម៉ឺន​នាក់​នៅ​បាត់ដំបង​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ធ្នូ

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​អំពាវនាវ​ឲ្យ​សមាជិក​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្ស ១​លាន​រៀល​ក្នុង​មួយ​ខែ។ ស្រប​គ្នា​នេះ​ដែរ ការ​បើក​ប្រាក់​ខែ​មិន​ទាន់​ពេល​វេលា​ជូន​គ្រូ​បង្រៀន ក៏​ជា​បញ្ហា​ចំពោះ​មុខ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​គិតគូរ​ឡើង​វិញ​ដែរ។ ជាក់​ស្ដែង គ្រូ​បង្រៀន​ជិត ១​ម៉ឺន​នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបង នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​បៀវត្ស​កាល​ពី​ចុង​ឆ្នាំ​២០១៣ នោះ​ឡើយ។

ដោយ សួន សុផលមុន្នី
2014-01-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អ្នកគ្រូ ផាត ផល្លា កំពុង​ពន្យល់​សិស្ស​នៅ​ក្នុង​ថ្នាក់​រៀន នៃ​សាលា​បឋម​សិក្សា​គគីរ ភូមិ​ដំបូកខ្ពស់ ឃុំ​អូរដំបងពីរ ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១២។ RFA/Soun Sophalmony

អ្នកគ្រូ ផាត ផល្លា កំពុង​ពន្យល់​សិស្ស​នៅ​ក្នុង​ថ្នាក់​រៀន នៃ​សាលា​បឋម​សិក្សា​គគីរ ភូមិ​ដំបូកខ្ពស់ ឃុំ​អូរដំបងពីរ ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១២។ RFA/Soun Sophalmony

ក្រុម​គ្រូ​បង្រៀន​ជិត ១​ម៉ឺន​នាក់ នៅ​ទូទាំង​ខេត្ត​បាត់ដំបង ពួក​គេ​នៅ​ពុំ​ទាន់​បាន​បើក​ប្រាក់​ខែ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៣ នោះ​ឡើយ ខណៈ​ដែល​គ្រូ​បង្រៀន​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ជា​ច្រើន​ផ្សេង​ទៀត បើក​បាន​ប្រាក់​បៀវត្ស​នោះ​រួច​រាល់​ទៅ​ហើយ។ បញ្ហា​នេះ អាច​បង្ក​ឲ្យ​មាន​បរិយាកាស​អាប់អួ​ថែម​ទៀត ចំពោះ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៤ ក្រុម​បុគ្គលិក​អប់រំ​ទាំង​នោះ​ត្អូញត្អែរ​ថា ការ​មិន​ទទួល​បាន​ប្រាក់​ខែ​ទាន់​ពេល​វេលា ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​លើ​ការងារ​ជីវភាព​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​ជួប​ការ​លំបាក​ក្នុង​ជីវភាព បញ្ហា​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​អប់រំ​ថែម​ទៀត៖ «គ្រូ​ខ្លះ​គាត់​បាក់​ទឹក​ចិត្ត​មិន​ចង់​មក​បង្រៀន ហើយ​គ្រូ​ខ្លះ​ទៀត​គាត់​ត្រូវ​ការ​លុយ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ជាពិសេស​គ្រូ​បង្រៀន​បឋម​តែ​ម្ដង ព្រោះ​គ្រូ​បឋម​គាត់​សង្ឃឹម​លុយ​ហ្នឹង​ឯង ព្រោះ​គាត់​អត់​មាន​បង្រៀន​លើស​អី​ទេ ជា​ទូទៅ​ខែ​១២ ឆ្នាំ​២០១៣ ហ្នឹង គេ​បើក​តាំង​ពី​ថ្ងៃ​២០​ជាង។ អ៊ីចឹង​សុំ​ឲ្យ​សំណូមពរ​បើក​ឲ្យ​ឆាប់ ព្រោះ​អា​ហ្នឹង​វា​ប៉ះពាល់​ដល់​គុណភាព​អប់រំ​ក្នុង​ប្រទេស​កម្ពុជា យើង​ផង ប៉ះពាល់​ដល់​ជីវភាព​គ្រូ និង​សិស្ស​ផង។ បើ​សិន​គ្រូ​បង្រៀន​អត់​មាន​ប្រាក់​ខែ អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​គាត់​ហ្នឹង​បង្កើត​មុខ​របរ​ទី​២​ខុស​ពី​គ្រូ​បង្រៀន»

ពួក​គាត់​បន្ត​ថា ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ផ្សេង​ទៀត បាន​បើក​តាំង​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៣ អស់​ហើយ លើក​លែង​តែ​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ នៅ​ខេត្ត​បាត់ដំបង មាន​គ្រូ​បង្រៀន និង​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​សរុប​ជិត ១​ម៉ឺន​នាក់។ ប្រធាន​មន្ទីរ​អប់រំ ខេត្ត​បាត់ដំបង លោក ងី សែត បញ្ជាក់​ថា លោក​ពុំ​បាន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​នៃ​ភាព​យឺតយ៉ាវ​នេះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​ខេត្ត​បាត់ដំបង ទំនង​អាច​បើក​បាន​គ្រប់ៗ​គ្នា​នៅ​ក្នុង​សប្ដាហ៍​នេះ៖ «ពី​ម្សិលមិញ​ខ្ញុំ​សួរ​ទៅ​ប្រហែល​ជា​បើក​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ថ្ងៃ​នេះ​មិន​ទាន់​ទេ គឺ​អាច​បើក​បាន​ក្នុង​សប្ដាហ៍​នេះ​ឯង​មិន​យូរ​ទេ កំពុង​តែ​រត់​ឲ្យ​លឿន​ខាង​ខ្ញុំ​រួច​រាល់​អស់​ហើយ ប៉ុន្តែ​នៅ​ខាង​រតនាគារ លុយ​វា​ស្ទះ​អី​បន្តិចបន្តួច។ ខ្ញុំ​ដឹង​មិន​ច្បាស់​ដែរ ក៏ប៉ុន្តែ​ការងារ​របស់​មន្ទីរ ខ្ញុំ​មិន​មាន​អី​យឺត​ទេ ប៉ុន្តែ​ថា លុយ​យឺត​បន្តិច»

ទាក់ទិន​បញ្ហា​ប្រាក់​ខែ​គ្រូ​បង្រៀន​នេះ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក យ៉ាត កំសាន្ត យល់​ថា ភាព​យឺតយ៉ាវ​ក្នុង​ការ​មិន​បាន​បើក​ប្រាក់​ខែ​ទាន់​ពេល​វេលា​នេះ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គ្រូ​បង្រៀន។ លោក​ថា ថ្វី​ត្បិត​ប្រាក់​ខែ​គ្រូ​បង្រៀន​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​តិច មិន​មាន​តុល្យភាព​ទៅ​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ក៏ដោយ ប៉ុន្តែ​ការ​ទទួល​បាន​ប្រាក់​ខែ​ទាន់​ពេល​វេលា ជា​រឿង​សំខាន់​សម្រាប់​គ្រូ​បង្រៀន​គ្រប់​រូប៖ «ក្នុង​នាម​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល ខ្ញុំ​សុំ​ធ្វើ​ម៉េច​ធានា​ប្រាក់​ខែ​គ្រូ​ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ឲ្យ​ជីវភាព​គាត់​ដែល​ពឹងពាក់​លើ​ប្រាក់​បៀវត្ស កុំ​ធ្លាក់​ដុន​ដាប»

ការ​លើក​ឡើង​ពី​ភាព​យឺតយ៉ាវ​ក្នុង​រឿង​ប្រាក់​ខែ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សមាជិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​របស់ លោក រ៉ុង ឈុន មួយ​ចំនួន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស​តាម​សាលា​រៀន​មួយ​ចំនួន​នៅ​បណ្ដា​ខេត្ត​នានា។ កន្លង​ទៅ​នេះ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ប្រកាស​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស​នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៤ នេះ ក៏​ព្រោះ​តែ​រឿង​ប្រាក់​ខែ​នេះ​ដូច​គ្នា។ គោល​បំណង​សំខាន់ គឺ​ពួក​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន​ទាន់​ពេល​វេលា និង​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន​ទទួល​បាន ១​លាន​រៀន​ក្នុង​មួយ​ខែ។

យ៉ាង​ណា​ក៏ដោយ គេ​សង្កេត​ឃើញ​ថា គម្រោង​ធ្វើ​កូដកម្ម​នេះ​ពុំ​បាន​ធ្វើ​ឡើង​ដោយ​ទូលំទូលាយ​នោះ​ឡើយ។ បញ្ហា​នេះ​ក៏​ដោយសារ​មាន​សម្ពាធ​ពី​រដ្ឋាភិបាល ដែល​បាន​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​រោងចក្រ​កាត់​ដេរ និង​ការ​វាយ​បំបែក​ក្រុម​បាតុករ​របស់​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ជួប​ប្រជុំ​គ្នា​ជា​បន្តបន្ទាប់។ ជាក់​ស្ដែង នៅ​សាលា​នានា​គេ​សង្កេត​ឃើញ​ថា នៅ​តែ​បន្ត​បើក​ទ្វារ​បង្រៀន​សិស្ស​ជា​ដដែល។

ប្រភព​ពី​គ្រូ​បង្រៀន និង​នាយក​សាលា​ខ្លះ​បង្ហើប​ឲ្យ​ដឹង​ថា ពួក​គេ​គាំទ្រ​គោលការណ៍​ធ្វើ​កូដកម្ម​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ ប៉ុន្តែ​ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​ចូល​រួម​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "គ្រូ​បង្រៀន​ជិត​១​ម៉ឺន​នាក់​នៅ​បាត់ដំបង​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ធ្នូ"

  1. អ្នកមែន! says:

    គ្រាន់តែពួកគ្រូៗយឺតយ៉ាវបើកប្រាក់ខែម្ដងម្កាលសោះ
    ក៏យកមកចុះផ្សាយដែរ។ការយឺតយ៉ាវនេះមានស្ទើរគ្រប់ស្ថាប័ន​របស់រដ្ឋពិសេសគឺថ្នាក់ក្រោមជាតិ។ការចុះផ្សាយពត៌មាន​នេះមិនមានន័យថាជួយពន្លឿនការបើកប្រាក់ខែគ្រូបង្រៀនទេ​។វាជា​ចេតនាដើម្បីញុះញង់ឲ្យគ្រូទៅធ្វើបាតុកម្មប៉ុណ្ណោះទេ។សុំទោស​ដូចលំបាកបន្តិចហើយល្បង។

  2. rayuth says:

    if it is true, I feel pitiful of teachers very much. the society can be developed quickly, it depends on the quality human resource. the country can produce human resource because of the quality of education. how could we have quality human resource if our educators are not well paid and their living condition is low? teacher’s poor living condition is because of low wage. because of this, some teachers decided to sell exam papers and some are doing extra works after teaching at school or during teaching time, in order to make more profits to support their family and living condition. these really affect the quality of education. when the country’s quality of education is low, how could our human resource compete with the neighboring countries’ ? thus, our educators have to be well paid to promote the living condition – the teacher wage increase.

  3. I,Khmer says:

    Weak and incompetent ….. Elementary teacher for prime minister……so ashame!!!!?!?!?!

  4. BaBaBoo says:

    ក្នុងអំឡុងឆ្នាំ ១៩៧០-១៩៧៥ មានសភាពដូចនេះដែរ ពួកចារកម្មយៀកកុងបានក្តាប់ សេដ្ឋ កិច្ចខ្មែរទាំងស្រុង ។ ទំនិញឡើងថ្លៃ ប្រាក់ខែគ្រូកាត់ផ្តាច់់ បង្កើនអំពើពុករលួយ ជាចិត្តយួន ដែលបានយកឈ្នះរបបសាធារណៈរដ្ឋ ។

    នេះជាសញ្ញានៃការរលាយរលំនៃរបបដឹកនាំនៃគណៈបក្សប្រជាជន…… ។