​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​អាជ្ញាធរ​យក​មនុស្ស​ញៀន​ថ្នាំ​មក​វាយ​បំបែក​ក្រុម​បាតុករ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ក្រុមជនស៊ីវិល និងកងសន្តិសុខខណ្ឌ បានដើរបំបែកហ្វូងបាតុករទាំងនៅទីលានប្រជាធិបតេយ្យ និងនៅតាមដងផ្លូវជិតទីលានប្រជាធិបតេយ្យផងដែរ (រូបថតដោយ តាំង វីដា)

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចោទថា អាជ្ញាធរ​បាន​យក​ក្រុម​មនុស្ស​ចេញពី​មណ្ឌល​កែប្រែ​គ្រឿងញៀន​ ​ខេត្ដ​បន្ទាយមានជ័យ មក​ដេញ​វាយ​បំបែក​ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្ស នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា លោក​មាន​ការសោកស្តាយ​យ៉ាងខ្លាំង ដែល​អាជ្ញាធរ​ប្រើ​ល្បិច​យក​មនុស្ស​​សេព​គ្រឿងញឿន មក​វាយ​បំបែក​ក្រុម​បាតុករ​របស់លោក ដែល​តវ៉ា​ដោយ​អហិង្សា​។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ​បំបែក​គ្នា​ចេញ​នោះ ដោយសារ​តែ​ក្រុម​អាជ្ញាធរ មាន​សុទ្ធតែ​កាំភ្លើង ដោយឡែក​ប្រជាពលរដ្ឋ​មានតែ​ដៃទទេ <<​ប្រសិន​ជា​ទៅប្រ​ឈរ​ឲ្យ​ប្រជាពលរដ្ឋត​ទល់​ជាមួ​យ​កាំភ្លើង​ភ្លាមនោះ គឺ​ស្លាប់​ប្រជាពលរដ្ឋ​ច្រើន គណបក្ស​សង្គ្រោះ​ជាតិ​ប្រជុំ​អចិន្ត្រៃណ៍​សម្រេច​ភ្លាម ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ដកថយ​សិន ពីព្រោះ​យើង​ស្គាល់​ចរិត​របស់​សមត្ថកិច្ច គឺ​គេ​ប្រើ​មនុស្ស ប្រើ​ក្រុម​ដែល​គ្រឿងញៀន ដែល​យក​មក​ពី​បន្ទាយ​មានជ័យ​នោះ មក​ពាក់​ដៃ​ក្រហម ដើរ​វ៉ៃ​។ នេះ​ហើយ​យើង​ដឹង យើង​ក្តាប់​បញ្ហា​បាន ទាំងអស់ យើង​ដឹង​ការរៀបចំ របស់​សមត្ថកិច្ច​គេ​បម្រុង​ធ្វើ​អ្វី គឺ​យើង​ដឹង​។ គេ​បម្រុង​មកនេះ គេ​ប្រើ​មនុស្ស​មក​វ៉ៃ​តប់ ប្រជារាស្ត្រ ហើយ​យើង​ក្នុងនាម​ជា​អ្នកដឹកនាំ យើង​ត្រូវ​គេច​ពីអ្វី​ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ស្តាប់​។ យើង​ខំ​គេច​ឲ្យអស់​លទ្ធភាព​>>​។​

កាល​ពីថ្ងៃ​ទី​០៤​ខែ​មករា ក្រុម​កម្លាំង​សមត្ថកិច្ច​ច្រើន​រយ​នាក់ បាន​ចុះ​បំបែក​ក្រុម​បាតុករ​គណ​បក្ស​សង្គ្រោះ ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុងនោះ​ក៏​មាន​ក្រុម​ជន​ស៊ីវិល​ប្រមាណ​១០០​នាក់ ដែល​កាន់​បំពង់​ទីប និង​ពាក់​មួកសុវត្ថិភាព បាន​ដើរ​ដេញ​បាតុករ ដែល​ឈរ​ផ្តុំគ្នា​នៅ​ផ្លូវ​មួយចំនួន​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ និង​វត្តភ្នំ​។ ការដេញ​បំបែក​ក្រុម​បាតុករ​នេះ ក៏​មាន​ការ​គប់​ដប​ទឹក​សុទ្ធ និង​ដុំ​ថ្ម​ដាក់​គ្នា​រយៈពេល​ខ្លី​ដែរ រវាង​ក្រុមបាតុករ និង​ក្រុម​ជន​ស៊ីវិល​នោះ​។​ ចំណែក​អ្នកសារព័ត៌មាន ក៏​ត្រូវបាន​មនុស្ស​មួយ​ក្រុម​នោះ ដេញ​វាយ​ផងដែរ​។

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ មានប្រសាសន៍ថា សមត្ថកិច្ចមិន​ខ្វល់​នឹង​ការយល់ឃើញ​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បដិសេធ​ចំពោះ​ការចោទប្រកាន់​នោះ ដោយ​លើកឡើង​ថា អ្នក​ដែល​ចុះ​បង្ក្រាប​ទាំងអស់​នោះ ជា​កម្លាំង​សមត្ថ​កិច្ច​ <<​ស្រេច​តែ​គាត់ គាត់​ចោទ​ថា​យ៉ាងម៉េច ក៏​ចោទ​ទៅ ជា​សិទ្ធិ​របស់​គាត់ ក៏​ប៉ុន្តែ​គ្រាន់តែ​ថា កម្លាំង​ដែល​គេ​ប្រើ គឺ​សុទ្ធតែ​ជា​មាន​សមត្ថកិច្ច​ទាំងអស់​។ បាទ​! ជា​កម្លាំង​សមត្ថកិច្ច​>>​។​

​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​នោះ យល់​ថា ក្រុមមនុស្ស​ដែល​ស្លៀកពាក់​ស៊ីវិល ហើយ​ដើរ​ដេញ​វាយ​ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ថ្ងៃ​នោះ គឺ​មនុស្ស​​​​ដែល​អាជ្ញាធរ​រៀបចំឡើង ដើម្បី​បំភ័ន្ត​ភ្នែក​សាធារណជន​ថា​ខ្លួន​មិន​បាន​ប្រើប្រាស់​ហិង្សា ឬ​ប្រើ​អាវុធ​តែ​ប៉ុណ្ណោះ​។ លោក​រិះគន់​អាជ្ញា​​​​ធរមាន​សមត្ថកិច្ច ដែល​មាន​តួនាទី​ការពារ​ប្រជាពលរដ្ឋ តែ​ឈរ​មើល​ជន​ស៊ីវិល ដេញ​វាយ​ប្រជាពលរដ្ឋ​ <<​នេះ​ជា​រឿង​រំលោភ​សិទ្ធិមនុស្ស​មួយ​យ៉ាង​ធ្ងន់ធ្ងរ ជាទីបំផុត​។ ជាពិសេស​កងកម្លាំង​ដែល​មាន​កាតព្វកិច្ច ក្នុង​ការការពារ​សុវត្ថិភាព និង​សន្តិសុខ​ជូន​ពលរដ្ឋ នៅពេល​ដែល​ឃើញ​គេ​ប្រព្រឹត្ត បទល្មើស ហើយ​យើង​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​។ នេះ​គឺជា​រឿង​មួយ​ដែល​គេ​រៀបចំ​ទុក ដោយ​គេ​ថា បើ​ប្រើប្រាស់​កងកម្លាំង​ដែល​មាន​ឯកសណ្ឋាន​ទៅ គឺ​វា​អាក្រក់​មើល​ពេក ហើយ​គេ​ចោទប្រកាន់​។ អញ្ជឹង​ជា​ឈុត​មួយ​ដែល​រៀបចំ ឲ្យមាន​ជន​ស៊ីវិល ហើយ​មាន​ក្រុម​សន្តិសុខ ដែល​នៅ​ក្រៅ​ក្រប​ខណ្ឌ​របស់​រដ្ឋ​នោះ ដើរ​ដេញ​វ៉ៃ​គេ​>>​។​

បន្ទាប់​ពី​ការបង្ក្រាប​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ការធ្វើ​បាតុ​កម្ម​​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​នៅតាម​ផ្លូវ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៤​ខែ​មករា​ឆ្នាំ​២០១៤ រហូត​សណ្តាប់ធ្នាប់​នៅ​កម្ពុជា មាន​​ភាព​​ប្រសើរ​ឡើង​វិញ ដោយ​មិន​មាន​ពេល​កំណត់​។​លិខិត​របស់​សាលា​រាជធានី បាន​ហៅ​សកម្មភាព​បាតុកម្ម​ថា ជា​សកម្មភាព​អុច​អាល​​ញុះ​​ញង់​ឈាន​ដល់​បង្ក​ឲ្យមាន​អំពើ​ហិង្សា បាត់បង់​អាយុជីវិត​មនុស្ស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ឯកជន និង​សាធារណ​:៕

សូមសរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com


What Next?

Recent Articles

8 Responses to "​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​អាជ្ញាធរ​យក​មនុស្ស​ញៀន​ថ្នាំ​មក​វាយ​បំបែក​ក្រុម​បាតុករ​​"

  1. samsungLaptop says:

    KS, fabricated the fact, those peoples was coming from within the city (khan-Phum)
    wow, how can say he said that ??, no proof, no evident,

    KS, created more problems, more law sue ,,,

  2. BaBaBoo says:

    ក្រុមស៊ីវិលដើរវៃ ជាក្រុមកំទិច ដែលចេញពីបក្សប្រជាជន សហការណ៌ជាមួយរដ្ឋាភិបាល ។ នៅក្នុងសម័យខ្មែរក្រហម ក្រុមនេះមានឈ្មោះថា «កុមារឈានមុខ» ពួកនេះត្រូវបានគេបង្វក់មនោគមពិសេស សំរាប់បំផ្លាញស្ថានទីតាំង ណាដែលរឹង ។ ពួកនេះគ្មានគោរពសាសនាទេ មនោគមពួកគេត្រូវបានហ្វឹកហ្វឺនដូចគ្នា និងក្រុមឃាដករ «ពលឈ្លប» ដែលហាត់លត់ដំនៅហាណូយយ៉ាងសម្ងាត់បំផុត ។

    ក្រុមឃាដករនេះ ជាប្រភេទភេរវកម្មជន ដែលសហរដ្ឋអាមេរិកកំពុងតាមដាន….. ។

  3. Strey Khmer says:

    Soon and later, Hun Sen will get arrest by the United Nation to the International court while committing crime against with his own nation.

  4. KH says:

    មានពត៌មានថាក្រុមនេះមួយចំនួនជាអ្នកទោសនៅព្រៃស គេបញ្ជូនមកឲ្យបង្ក្រាបជាថ្នូរនិងការសម្រាលទោស
    ឫលើកលែងទោសចំពោះអ្នកមានទោសតិច និងមួយចំនួនទៀតជាមនុស្សអានាថាគ្មានគោលដៅច្បាស់លាស់ជាអ្នកជក់អាភៀនដែលគឹគ្រាន់តែប្ដល់លុយបន្តិចបន្តួច គេអាចប្រើពួកនេះបានគ្រប់ពេលវេលាដែលគេចង់ ពួកនេះសាហាវព្រៃផ្សៃដូចពួកប៉ុលពតអញ្ចឹង សុម្បីតែម៉ែឪពួកវាក៍វាហ៊ានសម្លាប់ដែរឲ្យតែមានបញ្ជាពីលើ។

  5. Pingpong says:

    ១. មើលចុះ រដ្ឋាភិបាលចោរ វាចាត់ចែងការគ្រប់គ្រង់ប្រទេសរបៀបម៉េច!! ហ៊ុនសែនជាមនុស្សខ្វះការអបរំ តាំងពីក្មេង និងជាមនុស្សមិនចេះអៀនខ្មាស់ បានរៀបចំក្រុមមនុស្សស៊ីឈ្នួលបង្រ្កាបបាតុកម្ម ឬដែលបក្ខពួកហ៊ុនសែនដាក់ឈ្មោះអោយពួកនេះថា៖ សន្តិសុខ!! ដែលពីសម័យ ជា សុផារ៉ា ហៅក្រុមនេះថា៖ ក្រុម២២ ឬ២២នាក់!!!
    ២. តើក្រុមនេះ ជាមនុស្សប្រភេទណា? មនុស្សរបស់ក្រុមនេះ រួមមាន ពួកគ្មានការងារធ្វើ ក្រុមចំណាកស្រុកពីជនបទមករកការងារនៅភ្នំពេញ ក្រុមអ្នកលេង បច្ចុប្បន្នក្រុមនេះសរបសំរួលដោយ ឃួង ស្រេង ជាអភិបាលរងក្រុង និងជាអតីតក្រុម២២។ នៅពេលដែលរ័ត្ន ស្រ៊ាង មកកាន់ការជាមេអាវុធហត្ថក្រុងភ្នំពេញ រ័ត្នស្រ៊ាងបានប្រើប្រាស់មនុស្សធ្លាប់ញៀនថ្នាំដែលបានបន្សាបភាបញៀននៅបន្ទាយមានជ័យ!!
    ៣. ខ្ញុំមានញាតិម្នាក់ក៍ត្រូវបានជួលអោយនៅក្នុងក្រុមនេះដែរ ។ គាត់ជាមនុស្សគ្មានការងារធ្វើ រៀនត្រឹមថ្នាក់ទី៤ ។ គាត់មកភ្នំពេញដើម្បីមករត់ម៉ូតូឌុប តែត្រូវគេទាក់ទងអោយចូលបំរើការក្នុងក្រុមនេះ។ គាត់ចូលក្នុងក្រុមនេះដំបូងគឺ ធ្វើជាក្រុមបង្រ្កាបបាតុកម្មអ្នកតវ៉ានៅបុរីកីឡា!!!! គាត់និយាយថា៖ បើគេអោយដាក់ គឺដាក់សិនហើយ តែបើអ្នកប្រឆាំងតវ៉ាខ្លាំងគឺនាំគ្នារត់រៀងៗខ្លួន លុយថ្ងៃក៍មិនបានបើកដែរ ហើយទៅជួបគេលើកក្រោយត្រូវគេស្តីអោយ!!
    ៣. ក្រុមពាក់មួកម៉ូតូនេះហើយជាអ្នកដុតឡានអាវុធហត្ថនៅស្ទឹងមានជ័យ!! ឯកសណ្ឋានរបស់ក្រុមនេះគឺពាក់អាវក្រាស់ ពាក់មួកសុវត្ថភាព ជាការចាំបាច់!!!

  6. La Rosa says:

    ចំជាល្ងង់មែន ពួក CNRP!!! ត្រូវដឹងថាសម័យនេះ ជាសម័យ អែកឧត្តម អុកញ៉ា និងផ្កាយរះរាប់ពាន់ គឺជាសម័យមួយដែល អ្នកល្ងង់ដឹកដៃបណ្ឌឹត! គេតែងតាំងអ្នកស្មោះត្រង់នឺងគេជារដ្ធមន្រ្ដី ឬ ប្រធាននេះប្រធាននោះ ទោះបីបុគ្គលនោះមិនចេះស្អីក៏ដោយ! បន្ទាប់មកគេរើសបណ្ឌឹតក្នុងបក្សដែលចេះការងារនោះអោយធ្វើកិច្ចការជំនួសអោយ! ពេលចរចារគ្នាខាងមុខ បក្ស CPP អាងទ័ពនឹងយកអំណាចគេមកសង្កត់ពួក CNRP ដែលចូលចឹត្ដនិយាយអំពីការដែលអោយរដ្ធាភិបាលអែកបក្សដោះលែងពួកកម្មករនិងសហជិព​ដែលបានចាប់ខ្លួន និងកំពុងជាប់ឃុំសិនមុននឹងការចារចា។ ខាងCPP គេថា នយោបាយ និង អុក្រឹដ្ធកម្មខុសច្បាប់ ទាំង២ នេះវា​ខុសដាច់គ្នាស្រឡះ! CNRP នៅតែចាញ់ប្រៀប CPP ជានិច្ច! មធ្យាបាយមានតែមួយគត់ដែលដែលត្រូវអនុវត្ដគឺ CPP (Mono-Party Government)ត្រូវតែរកមុខ និងចាប់​អ្នកដែលបាញ់សម្លាប់កម្មករអោយបានមុនសិន មុននឹងចរចាគ្នា! កំហុសរបស់ពួក CNRP គឺពួកគេសប្បាយភ្លេចខ្លួន នៅពេលដែលគេមានការគាំទ្រច្រើនពីសំណាក់មហាជន ស្រែកអាឡេអាឡូគ្មានដឹងទិសដំបន់អ្វី។ អែពួក CPP វិញគេរង់ចាំដោយអត់ធ្មត់នូវវេលាមួយ​សមស្របដែលអាចគៀងត្រីចូលស៊ងបានទាំងអស់តែម៉្ដង!!!

  7. ចេតបុត្រ says:

    និយាយបែបប្រឌិត ខ្វះខួរគិត ចាំតែចម្លងតាម។គឺពិតមែន ដូចជាវត្ថុម្យ៉ាងដែលចាំតែគេបោកលេងតែប៉ុណ្ណោះ ទើបលោត​
    តុកៗៗៗ។អស់ទាស់ហ្មង។

  8. ប្រជាពលរដ្ឋ says:

    ………………… ពួក អ្នក ដឹកនាំ អគតិ ប្រើ ល្បិចកល ឃោរ ឃៅ គ្រប់ រូបភាព !!!!!!!!!!!!!!!!!!