សកម្មជន​ដីធ្លី ដាក់​ញត្តិ​ទៅ​ស្ថានទូត​មួយចំនួន សុំ​អន្តរាគមន៍​ដោះលែង​មនុស្ស​២៣​នាក់​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com

សកម្មជនដីធ្លីមកពីបឹងកក់ បានហែក្បួនតាមបណ្តោយវិថីសុធារស ឆ្ពោះទៅស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីធ្វើការដាក់ញត្តិ (រូបភាពដោយ តាត ឧត្តម)

​សកម្មជន​ដីធ្លី​បឹងកក់ និង​សមាជិកសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រមាណ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ចេញ​ដាក់​ញត្តិ​នៅ​ស្ថានទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​មួយចំនួន​ ដើម្បី​ជួយ​អន្តរាគមន៍​ដោះលែង​មនុស្ស​ទាំង ២៣នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ពេល​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។

​អ្នកស្រី ទេព វ​ន្នី ឲ្យដឹងថា ស្ថានទូត​ទាំង​៥​ដែល​ត្រូវ​ដាក់​ញត្តិ​នោះ រួមមានស្ថានទូត​អាមេរិក ជប៉ុន អាឡឺម៉ង់ អង់គ្លេស និង​អូស្ត្រាលី ជាដើម ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​របស់​ខ្លួន គឺ​លោក ចាន់ ពុទ្ធិ​ស័ក្ក លោក ថេង សាវឿន និងលោក ​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំង​សកម្មជន​និង​កម្មករ ២០​នាក់​ទៀត ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២​និង​ទី​៣​ខែ​មករា​។

​មន្ត្រី​ស្ថានទូត​អាមេរិក ជប៉ុន អូស្រា្តលី ស្ថាន​ទូត អាឡឺម៉ង់ បាន​ទទួល​ញត្តិ​នោះ​តែ​មិន​ទាន់​បាន​ឆ្លើយតប​ទេ​។ សម្រាប់​ស្ថានទូត​អង់គ្លេស ធនាគារពិភពលោក នឹង​ដាក់​ជូន​នៅ​រសៀល​ថ្ងៃនេះ​។

​ក្នុង​អំឡុងពេល​ធ្វើ​ប្រមូលផ្តុំ​ដាក់​ញាត្តិ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ស្រែក​ឲ្យ​ដោះលែង​ជន​ជាប់​ចោទ​ទាំង២៣នាក់​ ជា​បន្ទាន់​និង​លើក​បដា សរសេរថា​ «យើង​ត្រូវការ​យុត្តិធម៌»

​ការហែក្បួន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា ​ឲ្យជួយ​អន្តរាគមន៍​ដោះលែងស​កម្ម​ជនទាំង​២៣​នាក់​នោះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មិន​មាន​ការរារាំង​ពី​សំណាក់​សមត្ថកិច្ច​ទៀតឡើយ បើ​ទោះជា​អាជ្ញាធរ​បាន​ហាម​ការជួបជុំ​មនុស្ស​លើសពី​១០​នាក់​។​

​សភា​អឺរ៉ុប ក៏​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា គួរតែ​ដោះលែង​ជាបន្ទាន់​មនុស្ស​ទាំង​២៣​នាក់ ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ខេត្ត​កំពង់ចាម ដោយចាត់ទុក​ការចាប់ខ្លួន​នេះគឺ​ «​អយុត្តិធម៌​» ។សភា​អឺរ៉ុប ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការកោះហៅ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន លោក កឹម សុខា និង​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​។​

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ  ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី ក៏​ស្នើ​ឲ្យ​តុលាការ​កម្ពុជា​ប្តូរ​កន្លែង​ឃុំខ្លួន​ជនជាប់ចោទ ទាំង​២៣​នាក់​នោះ មក​កាន់​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ឲ្យ​មេធាវី សាច់ញាតិ និង​ក្រុមគ្រួសារ ងាយស្រួល​ចូលជួប​សួរសុខទុក្ខ​៕

អត្ថបទទាក់ទង៖

សភា​អឺរ៉ុប អំពាវនាវ​ឲ្យ​កម្ពុជា ដោះលែង​មនុស្ស​២៣​នាក់ និង​បញ្ឈប់​ការកោះហៅ​មេដឹកនាំ​គណបក្សប្រឆាំង​​

សូមសរសេរមកកាន់លោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles