សហជីព​ចំនួន ៨ ស្នើ​ចរចា​រឿង​ប្រាក់​ឈ្នួល​ជាថ្មី និង​ទាមទារ​ឲ្យ​ដោះលែង​ជនជាប់ចោទ​ទាំង​២៣​នាក់​​

ដោយ៖​ តាំង វីដា​​
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​តំណាង​សហព័ន្ធ និង​សម្ព័ន្ធ​សហជីព​ការងារ​ចំនួន​៨ ស្នើ​រដ្ឋមន្ត្រីក្រសួង​ការងារ បើក​កិច្ចចរចា​ជា​ថ្មី​ឡើងវិញ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ និង​អត្ថប្រយោជន៍​ផ្សេងៗ រួម​នឹង​ទាមទារ​ឲ្យ​ដោះលែង​កម្មករ សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​២៣​នាក់ ដែល​សមត្ថកិច្ច​បាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា​។​

​នៅក្នុង​លិខិត​របស់​សហព័ន្ធ​សហជីព និង​សម្ព័ន្ធ​សហជីព​ទាំង​៨ ផ្ញើជូន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃ​ទី​១៦ ខែ​មករា ដែល​ដាក់​ជូន​ក្រសួង​ការងារ​នៅ​ថ្ងៃ​សុក្រ​នេះ បានឲ្យដឹងថា យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ ការដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត​ចំនួន ១០០​ដុល្លារ​ក្នុង​មួយខែ មិន​អាច​ឆ្លើយ​តប​​ទៅនឹង​ការរស់នៅ​សមរម្យ​ឡើយ ដែល​ករណី​នេះ ធ្វើ​ឲ្យ​កម្មករ​ផ្ទុះ​បាតុកម្ម​តវ៉ា​ទាមទារ​ប្រាក់ខែ​អប្បបរមា ១៦០​ដុល្លារ រហូតដល់​មាន​ហេតុការណ៍​ហិង្សា​បាញ់សម្លាប់ ចាប់ខ្លួន​កម្មករ និង​សកម្មជន​សិទ្ធិមនុស្ស​២៣​នាក់​។

​លិខិត​ដដែល​បាន​បន្ត​ដោយ​ស្នើ​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ការងារ​ជា​សេនាធិការ និង​ក្រុមហ៊ុន ត្រូវ​រៀបចំ​ឲ្យមាន​ការចរចា​បញ្ហា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​បន្ត​ទៀត ទាមទារ​ឲ្យមាន​ការដោះលែង​កម្មករនិង​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​២៣​នាក់ ឲ្យមាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ សងជំងឺចិត្ត​ដល់​កម្មករ​ដែល​រងរ​បួស​ជា​ង​៤០​នាក់ និង​ស្នើ​ឲ្យ​និយោជ​កដក​ពាក្យបណ្តឹង និង​បញ្ឈប់​ការប្តឹងប្តល់​ថ្នាក់ដឹកនាំ​សហព័ន្ធ សហជីព សកម្មជន និង​កម្មករ​និយោជិត​ទាំងអស់​។ 

​លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​ស្នើ​សុំ​ដែរនោះ មានប្រសាសន៍​បន្ថែម​ថា ចំពោះ​សំណើ​ពិភា​ក្សា​បញ្ហា​ប្រាក់​ឈ្នួល គឺ​សហជីព​នឹង​ទុក​ពេល​រហូតដល់​ចុង​ខែ​មករា​នេះ ដើម្បី​រង់ចាំ​ការឆ្លើយតប​ពី​មន្ត្រី​រដ្ឋាភិបាល ប៉ុន្តែ​សហជីព នៅតែ​បន្ត​យន្តការ​រួម​ជាមួយ​សង្គម​ស៊ីវិល ដាក់​ញត្តិ​តាម​បណ្តា​ស្ថានទូត​ប្រទេស​មហាអំណាច ដើម្បី​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​កម្មករ និង​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​២៣​នាក់ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ​កន្លងមក​ «​ដាក់​ញត្តិ​ទៅគ្រប់​ស្ថានទូត ដើម្បី​សុំឲ្យ​មាន​ការដោះលែង និង​បញ្ឈប់​ប្រើ​អំពើហិង្សា​ផ្សេងៗ​។ រង​ការគំរាមកំហែង និង​ការបញ្ឈប់​ជា​បន្តបន្ទាប់ ប៉ុន្តែ​ខាង​ខ្ញុំ មិនទាន់​មាន​ការបញ្ឈប់​ណាមួយ​ទេ ប៉ុន្តែ​មាន​ការគំរាមកំហែង​។ មួយទៀត មិន​ត្រឹម​គំរាមកំហែង គំរាម​ដល់​ឪពុក​ម្តាយ​គាត់​ទៀត​»​។​ ​

​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ឲ្យដឹងថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​នោះ​នៅឡើយ​ទេ​។ តែ​លោក​ថា ការចរចា​ប្រាក់​ឈ្នួល​កម្មករ សម្រាប់​ឆ្នាំ​២០១៤​នេះ មិន​អាច​ទៅរួច​ទេ លុះណាតែ​មាន​ការពិភាក្សា​ត្រីភាគី​ថ្មី​មួយទៀត ហើយ​មាន​ការ​វាយ​វិភាគ និង​វាយតម្លៃ​ត្រឹមត្រូវ​ «​ការចរចា​យើង​មិន​ដែល​និយាយថា អត់​មាន​ទេ គ្រាន់តែ​ថា​បើ​និយាយ​ពី​ឆ្នាំ​២០១៤ គឺ​វា​ចប់​ហើយ ពីព្រោះ​អ្វីៗ​បានសម្រេច​ចេញ​រួចរាល់​ហើយ ប៉ុន្តែ​ផ្លូវ​សម្រាប​ចរចា បន្ត​ផ្ទាល់​ដើម្បី​គិត​អំពី​ឆ្នាំ​បន្តទៀត ឬ​មួយ​ក៏​យ៉ាងម៉េច នោះ​គឺ​យន្តការ​ត្រីភាគី​នេះ គឺ​នៅ​មាន​ដដែល​ទេ​។ ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល គឺ​ស្វាគមន៍​ចំពោះ​ដំណើរការ​ចរចា​ត្រី​ភាគី​នេះ គ្រាន់តែ​ថា បើ​កាលណា​យើង​និយាយ​ពី ២០១៤ យើង​ឈប់ យើង​មិនគួរ​នាំគ្នា​និយាយ​ទៀត​ទេ​»​។​

​ចំណែក ការស្នើ​ដោះលែង​ជនជាប់ចោទ​ទាំង​២៣​នាក់ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ក្នុង​គ្រា​កម្មករ​បាតុកម្ម​នោះ លោក​ ហេង សួរ បញ្ជាក់ថា ក្រសួង​ការងារ បាន​ផ្ទេរ​សមត្ថកិច្ច​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​ហើយ​។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស កាលពី​ថ្ងៃ​ទី​១០ ​ខែ​មករា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឲ្យ លោក គាត ឈ​ន់ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ពិភាក្សា​ជាមួយ​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ អំពី​លទ្ធភាព​នៃ​ការដំឡើង​ប្រាក់​បៀរ​វត្សរ៍ ដល់​មន្ត្រីរាជការ និង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មក​រ​។ លិខិត​បន្តថា គណៈកម្មការ​ពីរ​ទៀត ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ត្រូវ​សិក្សា​ពី​ការខូចខាត​ទ្រព្យសម្បត្តិ ដែល​កើតចេញ​ពី​ការប្រើ​ហិង្សា និង​ស្រាវជ្រាវ​ពី​ការប៉ះទង្គិច ដែល​កើតឡើង​នៅ​ផ្លូវ​វ៉េងស្រេង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕

អត្ថបទទាក់ទង ៖

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៩២ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ជន​ជាប់​ឃុំ​ទាំង​២៣​នាក់​​

សូមសរសេរមកកាន់ លោក ​តាំង វី​ដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles