ណុប បាយ៉ារិទ្ធ តុលាការ​ចោទ​ពី​បទ​គំរាមកំហែង​និង​បរិហារកេរ្តិ៍

Friday, 17 January 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

140117_23

តារា​ចម្រៀង ណុប បាយ៉ា​រិទ្ធ។ រូបថត សេត គឹមសឿន

ភ្នំពេញៈ អ្នក​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស​លោក ណុប បាយ៉ារិទ្ធ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​គំរាមកំហែង និង​បរិហារកេរ្តិ៍ លើ​ជន​ម្នាក់​ឈ្មោះ ចេង រស្មីសេរីវង្ស។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ប្រភព​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤ ម្សិលមិញ​នេះ។

តាម​ប្រភព​ច្បាស់ ការណ៍​នោះ បាន​ឲ្យ​ដឹង​ថា បណ្តឹង​លើ​តារាចម្រៀង​ពី​បទ​គំរាមកំហែង និង​បរិហារកេរ្តិ៍​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ជួល​សម្អាង​ការ​របស់​តារាចម្រៀង ណុប បាយ៉ារិទ្ធ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៣​។ ប្រភព​នោះ​បាន​ឲ្យ​ដឹង​ថា ដើម​បណ្តឹង​ឈ្មោះ ចេង រស្មីសេរីវង្ស បាន​ជួល​សម្អាង​ការ​តារាចម្រៀង ណុប បាយ៉ារិទ្ធ ក្នុង​តម្លៃ​២០២០​ដុល្លារ ដោយ​កក់​លុយ​មុន​ចំនួន​១០០០​ដុល្លារ​។ ក្នុង​តម្លៃ​នោះ ណុប បាយ៉ារិទ្ធ បាន​សន្យា​ថា រូប​គេ​នឹង​ទៅ​ច្រៀង​ក្នុង​ពិធីមង្គលការ​នោះ ប៉ុន្តែ​នៅពេល​មង្គលការ​មក​ដល់ លោក ណុប បាយ៉ារិទ្ធ បែរ​ជា​មិន​មាន​វត្តមាន​ទៅ​ច្រៀង​នោះ​ទេ បណ្តាល​ឲ្យ​ម្ចាស់​ដើម​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​បញ្ហា​នេះ​ឈ្មោះ ចេង រស្មីសេរីវង្ស ក៏​បាន​កាត់​លុយ​ចំនួន​៥០០​ដុល្លារ ពី​ប្រាក់​ចំនួន​១០២០​ដុល្លារ​ដែល​នៅ​សល់។ ចំណុច​នេះ​ហើយ​ទើប​ធ្វើឲ្យ​លោក ណុប បាយ៉ារិទ្ធ ខឹង​កំហែង​គំរាម និង ជេរប្រមាថ​បរិហារកេរ្តិ៍។

ជាមួយ​គ្នា​នោះ ឈ្មោះ ចេង រស្មីសេរីវង្ស ក៏​បាន​ដាក់​ពាក្យបណ្តឹង​លើ​តារាចម្រៀង​រូប​នេះ ពី បទកំហែង​គំរាម និង ជេរប្រមាថ​បរិហារកេរ្តិ៍។ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៅ​តុលាការ​នេះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង ណុប បាយ៉ារិទ្ធ បាន​ទេ​កាលពី​ម្សិលមិញ​ដោយសារ​គ្មាន​អ្នក​លើក​ទូរស័ព្ទ។ រីឯ​អ្នក​គ្រប់គ្រង​តារា​ប្រចាំ​ផលិតកម្ម​រស្មីហង្ស​មាស ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ដែរ ដោយសារ​បិទ​ទូរស័ព្ទ។

ប៉ុន្តែ តារា​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​បណ្តឹង​លើ​លោក នេះ ថា ទំនង​ជា​កើតឡើង​នៅ​ពេល​ដែល​លោក​សរសេរ​សារ​មួយ​បង្ហោះ​នៅលើ​ហ្វេសប៊ុក និយាយ​ពី​បុគ្គល​ម្នាក់​ជួល​សម្អាងការ​លោក​ហើយ តែ​មិន​ឲ្យ​ប្រាក់​។ ទោះ​យ៉ាង​ណា​តារា​រូប​នេះ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ថា ហេតុអ្វី​បាន​ជា​គេ​ប្តឹង​លោក​ពី​បទ​គំរាមកំហែង និង​បរិហារកេរ្តិ៍​នោះ ខណៈ​អ្វី​ដែល​លោក​បាន​សរសេរ​មិន​ទាំង​មាន​ការ​បញ្ចេញ​ឈ្មោះ ឬ​ក៏​រូបថត​ផង​នោះ។

តារា​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ការ​អាក់ខាន​មិន​បាន​ចូលរួម​ច្រៀង​នៅក្នុង​មង្គលការ​នោះ ដោយសារ​លោក​ត្រូវ​ចូលរួម​ច្រៀង​នៅឯ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ថ្ងៃ​ទី ១ ធ្នូ។

តាម​ប្រភព​ពី​តុលាការ​បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​បណ្តឹង​គំរាមគំហែង និង​បរិហារកេរ្តិ៍​នេះ ណុប បាយ៉ារិទ្ធ នឹង​ចូល​ខ្លួន​បំភ្លឺ​នៅក្នុង​រង្វង់​ក្រចក​សេះ​តុលាការ​នៅ​ពេល​ខាង​មុខ​៕


What Next?

Recent Articles

One Response to "ណុប បាយ៉ារិទ្ធ តុលាការ​ចោទ​ពី​បទ​គំរាមកំហែង​និង​បរិហារកេរ្តិ៍"