ស៊ូប៊ែរឌី​ ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ការ​បាញ់​បាតុករ​ស្លាប់​និង​របួស

Friday, 17 January 2014
Daniel Pye
ភ្នំពេញ ប៉ុស្តិ៍

140117_01

លោក សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិប្រចាំ​កម្ពុជា​ នៅ​ក្នុង​សន្និសីទ​កាសែត​ កាលពីម្សិលមិញ​។ លីណា

ភ្នំពេញៈ បេសកជន​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ លោក សូរិយា ស៊ូប៊ែរឌី បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​រយៈ​ពេល ៦ថ្ងៃ មក​កាន់​កម្ពុជា​កាល​ពី​ម្សិលមិញ​ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ហ្មត់ចត់​លើ​ការ​បង្ក្រាប​ដែល​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​កម្មករ កាល​ពី​ដើម​ខែ​នេះ។

លោក​ក៏​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នយោបាយ​ផង​ដែរ ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​មក។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា ការ​ស៊ើប​អង្កេត​បច្ចុប្បន្ន ធ្វើ​ទៅ​លើ​តែ​បាតុករ​ដែល​រង​ការ​ចោទ​ប្រកាន់​ប៉ុណ្ណោះ មិន​មែន​កម្លាំង​ប្រដាប់​អាវុធ​ទេ។ ខ្ញុំ​ផ្តល់​អនុសាសន៍​ម៉ឺងម៉ាត់​ថា ការ​ស៊ើប​អង្កេត​មួយ​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ដឹង​ថា តើ​នរណា​ជា​អ្នក​ចេញ​បញ្ជា​និង​អនុវត្ត​ការ​បញ្ជា​ឲ្យ​បាញ់​នោះ។ ប្រសិន​គ្មាន​ការ​បញ្ជា ក៏​មិន​មាន​ការ​បាញ់​បាតុករ​ដែរ។ អ្នក​ប្រើ​អាវុធ​បាញ់ ត្រូវ​តែ​យក​មក​កាត់​ទោស»។

យ៉ាង​ហោច​មាន​មនុស្ស ៤ នាក់​ត្រូវ​បាញ់​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​នៅ​ពេល​កង​រាជ​អាវុធហត្ថ​បើក​ការ​បាញ់​គ្រាប់​ពិត ទៅ​លើ​បាតុករ​ដែល​ជា​កម្មករ​កាត់ដេរ នៅ​ផ្លូវ វ៉េងស្រេង កាល​ពី​ថ្ងៃ ទី៣ ខែ មករា។ នៅ​ថ្ងៃ​បន្ទាប់​នគរបាល​និង​ក្រុម​ប្រដាប់​អាវុធ​បាន​បណ្តេញ​ក្រុម​បាតុករ​នៅ​ទីលាន ប្រជាធិបតេយ្យ​រាជធានី​ភ្នំពេញ។ កាល​ពី​ថ្ងៃ ទី២ ខែ មករា កម្លាំង​កងពល​តូច​ឆត្រ​យោង ៩១១ បាន​បោស​សម្អាត​ទាំង​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ដោយ​បាន​វាយ និង​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន​នាក់។

លោក ស៊ូប៊ែរឌី បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​រក​ឃើញ​បឋម​របស់​លោក​ថា៖ «ខ្ញុំ​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ការ​ស៊ើប​អង្កេត​ល្អិតល្អន់​មួយ​ទៅ​លើ​ឧប្បត្តិហេតុ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ ទី២ ទី៣ និង ទី៤ ខែ មករា កន្លង​ទៅ»។

លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណៈកម្មការ​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ទាំង​ទៅ​លើ​បាតុករ​និង​ក្រុម​ប្រដាប់​អាវុធ។

លោក​ថ្លែង​បន្ត​ថា៖ «រដ្ឋាភិបាល​នឹង​ស៊ើប​អង្កេត​ករណី​ទាំង​ពីរ​នេះ គឺ​ទាំង​បាតុករ និង​កម្លាំង​ប្រដាប់​អាវុធ លើ​ករណី​បាញ់​ប្រហារ​នោះ»។

ប៉ុន្តែ​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា លោក​យល់​ថា ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​នឹង​មិន​អាច​រក​យុត្តិធម៌​សម្រាប់​គ្រួសារ​អ្នក​ដែល​ស្លាប់​បាន​ទេ។

លោក​បន្ត​ថា៖ «យើង​មិន​ទុក​ចិត្ត​គណៈកម្មការ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ទេ។ កាល​ពី​អតីតកាល​ពួក​គេ​មិន​អាច​ធ្វើ​ការងារ​នេះ​បាន​ឡើយ។ ប្រសិន​បើ​ចង់​ស្វែង​រក​ការ​ពិត យើង​ត្រូវ​តែ​មាន​គណៈកម្មការ​ដែល​បង្កើត​ឡើង​រួម​គ្នា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​សហ​ប្រជាជាតិ​ចូល​រួម»។


លោក ស៊ូប៊ែរឌី ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​មនុស្ស ២៣នាក់ ដែល​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ​ផង​ដែរ។ លោក​បន្ត​ថា៖ «ខ្ញុំ​ថ្កោល​ទោស​ការ​ឃុំ​ខ្លួន​រយៈ​ពេល​ជាច្រើន​ថ្ងៃ ទៅ​លើ​អ្នក ២៣ នាក់​នោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​ទៅ​ជួប ហើយ​ជំរុញ​អាជ្ញាធរ​ការពារ​កុំ​ឲ្យ​មាន​ការ​កើត​ឡើង​នូវ​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​បែប​នេះ​ទៀត»។

បាតុករ និង​សកម្មជន​ទាំង ២៣នាក់ ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​និង​ការ​បង្ក​ការ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ ២ និង ទី៣ មករា ហើយ​ត្រូវ​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ ទី៣ ក្នុង​ខេត្ត កំពង់ចាម។

បេសកជន​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ថ្លែង​ដែរ​ថា រដ្ឋាភិបាល​គួរ​បង្ហាញ​អំពី​មូលដ្ឋាន​ច្បាប់ ចំពោះ​ការ​ហាម​ប្រាម​ការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ គួរ​បង្កើត​យន្តការ​ដោយ​ផ្អែក​លើ​ភ័ស្តុតាង ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ គួរ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ឯករាជ្យ​មួយ និង​ដោះស្រាយ​ក្តី​បារម្ភ​អំពី​បញ្ហា​ជម្លោះ​ដីធ្លី ដែល​នៅ​បន្ត​កើត​មាន។

នៅ​ក្នុង​បទ​សម្ភាស​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ពុធ លោក ស៊ូប៊ែរឌី បាន​ថ្លែង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បង្ហើប​អំពី​គំនិត​ឲ្យ​មាន​រូប​លោក​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​ជជែក​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​ភាគី​ទាំង​ពីរ​ធ្វើ​សំណើ​មក​ខ្ញុំ​ឬ​ទៅ​អង្គការ​សហ​ប្រជាជាតិ សុំ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នោះ​ខ្ញុំ​នឹង​ពិចារណា​សំណើ​នេះ»។ មាន​រចនា​សម្ព័ន្ធ​ជាច្រើន​នៅ​ក្នុង​ប្រព័ន្ធ​អង្គការ​សហ​ប្រជាជាតិ ដែល​ទាំង​អស់​គ្នា​ត្រូវ​ពិចារណា​ឲ្យ​បាន​ខ្លាំង​ក្លា»។

លោក ជាម យៀប បាន​ថ្លែង​ថា លោក​ស្វាគមន៍​ការ​ស្ម័គ្រ​ចិត្ត​របស់​លោក ស៊ូប៊ែរឌី ក្នុង​ការ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នេះ។ តែ​ថា វា​នៅ​មិន​ទាន់​មាន​សំណើ​ផ្លូវ​ការ​ពី​គណបក្ស​ប្រជាជន​ទេ។

លោក​បន្ត​ថា៖ «ជា​លក្ខណៈ​បុគ្គល ខ្ញុំ​ស្វាគមន៍​លោក ស៊ូប៊ែរឌី ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​រវាង​គណបក្ស​ទាំង​ពីរ ហើយ​គំនិត​នេះ បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​សម្តេច ហ៊ុន សែន។ នេះ​គឺជា​ជោគជ័យ​មួយ»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​បន្ទាប់​ពី​ជំនួប​ជាមួយ​លោក ស៊ូប៊ែរឌី កាល​ពីល្ងាច​ថ្ងៃ​ពុធ លោក​សរសេរ​សារ​នៅ​លើ ហ្វេសប៊ុក លោក​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ការ​សម្រប​សម្រួល​ណា​ពី​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​បំបែក​ភាព​ជាប់​គាំង​នយោបាយ​បច្ចុប្បន្ន ប៉ុន្តែ យើង​នឹង​ចូល​រួម​ប្រជុំ​សភា លុះ​ត្រា​តែ​មាន​ការ​ធានា​ថា នឹង​មាន​កំណែ​ទម្រង់​ខ្លាំង​ក្លា​លើ​ការ​បោះឆ្នោត…មុន​ពេល​ធ្វើ​ការ​បោះឆ្នោត​ជា​ថ្មី​នា​ពេល​ខាង​មុខ​ឆាប់ៗ»។

លោក ស៊ូប៊ែរឌី បាន​បន្ត​ថា ការ​ដោះស្រាយ​នយោបាយ​បន្ទាប់​ពី​ការ​ចរចា​ប្រកប​ដោយ​ជោគជ័យ គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​កម្ពុជា៕ PS

រាយការណ៍​បន្ថែមៈ វង្ស សុខេង


What Next?

Recent Articles

2 Responses to "ស៊ូប៊ែរឌី​ ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ការ​បាញ់​បាតុករ​ស្លាប់​និង​របួស"

  1. កម្មករ កសិករ says:

    អ្នក បាញ់ សម្លាប់ កម្មករ កម្មការីនី គ្មានអាវុធ អោយស្លាប់ និង របួសធ្ងន់ ត្រូវយកមកកាត់ទោស

    ដើម្បីពង្រឹង និតិរដ្ឋ នៅកម្ពុជា ! ( ឬ ក៏ ចង់ធ្វើតាម ជនពាលត្រូវសម្លាប់អ្នកអែង សងសឹក វិញ ! )

  2. 123456 says:

    អរគុណសម្ដេចដែលមិនទុកឲ្យពួកមនុស្សពាលធ្វើតាមតែអំពើចិត្តទៀត។ ប្រសិនបើសម្ដេចមិនធ្វើដូច្នេះទេ នោះពួកមនុស្សពាល ពួកអាណាធិបតេយ្យនឹងនៅតែបង្ករព្យុះភ្លៀង តាមតែអំពើចិត្ត។ ការធ្វើល្អ រក្សាសន្ដិសុខសង្គម ការរក្សាសេចក្ដីថ្លៃថ្នូរ ការអភិវឌ្ឍន៍ទាំងផ្លូវចិត្ត ផ្លូវគំនិត ទាំងសង្គមជាតិ ប្រទេសជាតិ មិនមែនជារឿងងាយស្រួលទេ។ គ្មានអ្នកណាអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ សូម្បីតែព្រះអាទិករ ក៏មិនអាចផ្គាប់ចិត្តមនុស្សបានដែរ។ យើងខ្ញុំស្រឡាញ់សម្ដេច មានតែសម្ដេចម្នាក់ប៉ុណ្ណោះដែលអាចធ្វើឲ្យស្ថានភាពបែបនេះស្ងប់។ សូម្បីតែឪពុកក្នុងគ្រួសារ ពេលប្រដៅកូន ក៏កូនមិនសប្បាយចិត្តដែរ តែបើកូននោះខ្វះការប្រដៅ កូននោះនឹងខូច។