ដោយ៖ ណុល ដារ៉ា
ថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2014
http://vodhotnews.com
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកលាបប្រមាណ៤០នាក់ នៅព្រឹកថ្ងៃសៅរ៍នេះ ប្រមូលផ្ដុំគ្នានៅក្រោយវិទ្យាល័យព្រែកលាប ជិតមន្ទីរសាធារណៈការរាជធានីភ្នំពេញ ដើម្បីរារាំងការបូមខ្សាច់ចាក់បំពេញដីរបស់ពួកគាត់ ពីសំណាក់ក្រុមហ៊ុនកាណាឌីយ៉ា និងទាមទារឲ្យមានការចរចាជាមួយក្រុមហ៊ុន។
លោក រិទ្ធិ ឌីណា ជាប្រជាពលរដ្ឋម្នាក់ដែលមានដីធ្លីនៅជិតកន្លែងមានទំនាស់ ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករានេះថា ប្រជាពលរដ្ឋដែលមានដីធ្លីនៅសង្កាត់ព្រែកលាប បានប្រមូលផ្ដុំគ្នាតាំងពីម៉ោង៨ព្រឹក រហូតមកដល់ពេលម៉ោងជាង១២ថ្ងៃត្រង់ តវ៉ាបញ្ឈប់ការបូមខ្សាច់ចាក់បំពេញដីរបស់ពួកគេ ដែលដីនោះ ត្រូវបានពួកគេ អះអាងថាជាដីស្ថិតក្នុងជម្លោះ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ មិនទាន់មានដំណោះស្រាយជាក់លាក់នៅឡើយ។
លោកឲ្យដឹងទៀតថា ការប្រមូលផ្តុំគ្នាតវ៉ានេះ គឺមិនទាន់ឃើញមានតំណាងក្រុមហ៊ុនចុះទៅជួបចរចាជាមួយពលរដ្ឋមានជម្លោះទាំងនោះនៅឡើយទេ។ ប៉ុន្តែតំណាងចៅសង្កាត់ព្រែកលាប មិនបង្ហាញអត្តសញ្ញាណម្នាក់ បានទៅប្រាប់ប្រជាពលរដ្ឋដែលកំពុងតវ៉ាថា ឲ្យពួកគាត់ទៅជួប លោក ព្រាប មន្នី ចៅសង្កាត់ព្រែកលៀប នៅសាលាសង្កាត់ព្រែកលៀប នៅថ្ងៃចន្ទខាងមុខនេះ ដើម្បីរកដំណោះស្រាយ។
VOD មិនទាន់អាចសុំការបំភ្លឺពីភាគីក្រុមហ៊ុន បាននៅឡើយទេ។
យ៉ាងណាក៏ដោយ កម្មករបូមខ្សាច់បានផ្អាកការបូមខ្សាច់របស់ពួកគេ ហើយប្រមូលម៉ាស៊ីនទុយោទុកវិញ ក្រោយការទាមទាររបស់ប្រជាពលរដ្ឋ។
ការបូមខ្សាច់ចាក់បំពេញដីនៅសង្កាត់ព្រែកលាប ក្រោយវិទ្យាល័យព្រែកលាប របស់ក្រុមហ៊ុនកាណាឌីយ៉ាបានធ្វើពីរបីខែមកហើយ ប៉ុន្តែប្រជាពលរដ្ឋដែលមានដីនៅទីនោះមិនទាន់ឯកភាពគ្នាក្នុងការតវ៉ា ហើយថ្ងៃនេះជាលើកទី១ ដែលពួកគាត់ឯកភាពប្រមូលផ្ដុំគ្នាធ្វើការរារាំងការបូមខ្សាច់ចាក់បំពេញដីរបស់ពួកគាត់។
សរសេរមកកាន់លោក ណុល ដារ៉ា តាមរយៈ daranol@yahoo.com
ឥលូវមានទិសស្លោកថ្មីហើយថា ទីណាមានការអភិវឌ្ឍន៍ ទីនោះមានទឹកភ្នែករាស្រ្ត…ជាក់ស្តែងការអភិវឌ្ឍន៍បឹងកក់ បុរីកីឡា ថ្មគោល ដីក្រហម ហើយឥលូវ មកដល់ជ្រោយចង្វារ ព្រែកលាភ និងមានកន្លែងផ្សេងៗតទៅទៀត….!!!
នេះហើយយុទ្ធសាស្រ្តលុបបំបាត់ភាពក្រីក្រ តែអ្នកណាក្រ គេលុបបំបាត់ចោលឥចឹងហើយ…នេះហើយសម័យ ចោរសែន…!